ការគោរពសិទ្ធិសេរីភាព ជំនឿសាសនារបស់បុគ្គលជាតម្លៃនៃជំនឿសាសនានីមួយៗក្នុងការវិភាគឈ្វេងយល់ផ្លូវត្រូវសម្រាប់សុភមង្គលរបស់សង្គមជាតិ


ព្រឹកថ្ងៃសៅរ៍ ១២កើត ខែមារ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី ១៦ ខែកុម្ភៈ ឆ្នាំ ២០១៩ ឯកឧត្តម ហ៊ឹម ឆែម ទេសរដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងធម្មការនិងសាសនា បានអញ្ជើញជាអធិបតីពិធីសូត្រលើកទី២៨ និងប្រឡងចាំមាត់លើកទី២ គម្ពីរអាល់គូរអានុការីមថ្នាក់ជាតិឆ្នាំ២០១៩ ក្រោមប្រធានបទ “ឥស្លាមនិងវប្បធម៌” ។
ឆ្លៀតក្នុងឱកាសដ៏វិសេសវិសាលនេះក្នុងនាមក្រសួងធម្មការនិងសាសនានិងក្នុងនាមឯកឧត្តមទេសរដ្ឋមន្រ្តី ផ្ទាល់ សូមថ្លែងអំណរគុណនិងសូមសំដែងនូវមនោសញ្ចេតនាអបអរសាទរចំពោះពិធីសូត្រលើកទី២៨ និងប្រឡងចាំមាត់លើកទី២ គម្ពីរអាល់គូរអានុការីមថ្នាក់ជាតិឆ្នាំ២០១៩ ដែលមានបងប្អូនសាសនិកឥស្លាម ករី-ករីអះ ហាហ្វីស-ហាហ្វីហ្សោះចូលរួមដ៏ច្រើនកុះករ និងអធិកអធមនាពេលនេះ។
តាមរយៈសូត្រនូវខ្លឹមសារគម្ពីរអាល់គួរអាននេះ បានបង្ហាញឲ្យឃើញពីភាពឈ្លាសវៃក្នុងការដឹកនាំ ថ្នាក់ដឹកនាំនៃសាសនាឥស្លាមទាំងអស់ក្នុងព្រះរាជាណាចក្រកម្ពុជានេះ ដែលធ្វើអោយមានសាមគ្គីគ្នានិងបំពេញការងារយ៉ាងសកម្មក្នុងកិច្ចការសង្គម ក៏ដូចជារួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងការអភិវឌ្ឍប្រទេសជាតិ។
ឯកឧត្តមទេសរដ្ឋមន្រ្តីបានកោតសរសើរនិងវាយតម្លៃខ្ពស់ចំពោះលោកឧកញ៉ាចាងហ្វាងនៃគណៈ ដឹកនាំនៃសាសនាឥស្លាមកម្ពុជានិងមន្រ្តីគ្រប់លំដាប់ថ្នាក់ ព្រមទាំងស្ថាប័នឯកជននានា ដែលតែងតែចូលរួមសកម្មភាពមនុស្សធម៌នានាក្នុងការរួមចំណែកកាត់បន្ថយភាពក្រីក្រដល់ប្រជាពលរដ្ឋ ដែលជាផ្នែកមួយនៃយុទ្ធសាស្ត្រចតុកោណរបស់រាជរដ្ឋាភិបាលកម្ពុជាដោយធ្វើយ៉ាងណាឲ្យប្រជាពលរដ្ឋមានជីវភាពប្រសើរឡើងចាកផុតពីបន្ទាត់នៃភាពក្រីក្រ។ ម្យ៉ាងវិញទៀតដោយស្មារតីនៃវប្បធម៌សន្តិភាព ដែលបានកើតចេញពីសុខដុមនីយកម្មសាសនានៅកម្ពុជា ជាមូលដ្ឋានគ្រឹះនៃការចេះអធ្យាស្រ័យគ្នា យោគយល់គ្នា និងគោរពគ្នាទៅវិញទៅមកនៃពហុសហគមន៍ បានធ្វើឲ្យមនុស្សជាតិអោយរស់នៅប្រកបដោយសេចក្តីសុខ សុភមង្គល សុខដុមរមនា ដូចអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែននាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងអង្គសន្និសីទអន្តរជាតិថ្នាក់អន្តរជានិងតិដែលបានប្រារព្ធធ្វើឡើងកាលពីថ្ងៃទី ២០ ខែកុម្ភៈ ឆ្នាំ ២០០៨ កន្លងទៅ។
ទន្ទឹមនឹងនោះ ឯកឧត្តមទេសរដ្ឋមន្រ្តី ក៏បានមានប្រសាសន៍បញ្ជាក់ជូន អំពីគោលនយោបាយឈ្នះៗ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បាននាំមកឱ្យប្រទេស និងប្រជាជនកម្ពុជា នូវសន្តិភាព និងការអភិវឌ្ឍន៍គ្រប់វិស័យ និងសូមចងចាំថារាជរដ្ឋាភិបាលគោរពសិទ្ធិសេរីភាពខាងជំនឿនិងបង្កលក្ខណៈសម្បត្តិល្អដល់សកម្មភាពនៃសាសនាផ្សេងៗទៀតដោយផ្អែកលើមូលដ្ឋានថែរក្សាសាមគ្គីរវាងប្រជាពលរដ្ឋនិងសាសនិកនៃសាសនាទាំងឡាយនៅកម្ពុជា ព្រមទាំងស្ថិរភាពនយោបាយនិងសណ្តាប់ធ្នាប់សង្គមដោយរារាំងការរើសអើងនិងការបែងចែកក្នុងសង្គមដែលបណ្តាលមកពីភាពខុសគ្នាខាងជំនឿនិងសាសនា។
ក្នុងពិធីនោះ ឯកឧត្តមទេសរដ្ឋមន្ត្រី បានឧបត្ថម្ភថវិកា២លានរៀល និងអង្ករ១តោនផងដែរ។