ឯកឧត្តមរដ្ឋមន្ត្រី វេង សាខុន និងសហការីបានអញ្ជើញបន្តដំណើរមកកាន់ខេត្តត្បូងឃ្មុំ ដើម្បីពិនិត្យស្ថានភាពផលិតកម្ម និងការប្រមូលផលពោត និងជួបសំណេះសំណាលជាមួយកសិករជាង ៥០គ្រួសារ ដែលដាំពោតនៅភូមិជីរោទ៍ក្រោមទី១ ឃុំជីរោទ៍ទី១ ស្រុកត្បូងឃ្មុំ


ឆ្លើយទៅនឹងសំណួររបស់ឯកឧត្តមរដ្ឋមន្រ្តី កសិករដែលជាម្ចាស់ចំការថាឆ្នាំនេះពោតមានតម្លៃ ៨២០រៀន/kg (ប្រមូលផល និងសម្ងួតខ្លួនឯង) និងតម្លៃ ៧២០រៀ/kg ឈ្មួញចុះប្រមូលផលដល់ចំការខ្លួនឯង។ ចំពោះផលិតកម្មកសិករអាចដាំពោតបាន ២ដង/ឆ្នាំ ទទួលបានទិន្នផល ពី៨,៥-៩តោន/ហត ខ្លះប្រើប្រព័ន្ធស្រោចក្នុងករណីជួបបញ្ហាខ្វះទឹកនៅចុងរដូវ ទៅតាមលទ្ធភាពរបស់គ្រួសារនីមួយៗ។ ដោយឡែងគ្រាប់ពូជបច្ចុប្បន្នកសិករឈប់ចងព្យូគ្រាប់ពូជពោតទុកក្រោយផ្ទះ ឬក្នុងចង្រ្គានបាយដូចមុនទៀតហើយ គឺដល់រដូវដាំដុះទិញពូជពីផ្សារមកដាំតែម្តងក្នុងតម្លៃ ២៤០០០រៀល/kg។

មានមតិសំណេះសំណាលជាមួយកសិករអំពីសុខទុក្ខ ជីវភាព សេដ្ឋកិច្ចគ្រួសារ សន្តិសុខ និងការអភិវឌ្ឍសង្គម ជាពិសេសសង្កត់ធ្ងន់លើផលិតកម្មពោត បច្ចេកទេស ពូជ ទិន្នផល និងតម្លៃ។ល។ ភ្ជាប់ទៅនឹងផលិតកម្មពោត ឯកឧត្តមបានកោតសរសើរចំពោះការរីកចម្រើនលើវិស័យផលិតកម្មពោត ដោយសារបច្ចេកទេសក្នុងការភ្ជួរដី ដាំ ជី ថ្នាំ ការប្រមូលផល និងប្រឡេះគ្រាប់ ដែលកត្តាអស់ទាំងនេះបានចូលរួមចំណែកកាត់បន្ថយថ្លៃដើម ពេលវេលា និងពលកម្មយ៉ាងច្រើនដល់អ្នកផលិត។ ដោយឡែក ចំពោះបញ្ហាតម្លៃពោត ឯកឧត្តមបានជម្រាបជូនកសិករថាថ្មីៗនេះ រដ្ឋាភិបាលបានយកពន្ធលើការនាំចូលពោត បំណងកាត់បន្ថយការនាំចូល រួចបង្វែរទិសដៅរបស់ក្រុមហ៊ុនផលិតចំណីសត្វឲ្យងាកមកប្រមូលទិញផលិតផលពោតក្នុងស្រុកវិញ ដើម្បីលើកកម្ពស់ផលិតកម្មក្នុងស្រុកដែលនេះជាគោនយោបាយអាទិភាពមួយរបស់រាជរដ្ឋាភិបាល។ ដូច្នេះ លោកសង្ឃឹមថាតម្លៃពោតនឹងមានលក្ខណល្អប្រសើរថែមទៀត។ ក្រៅពីនេះ លោកបានឲ្យអគ្គនាយកដ្ឋានកសិកម្ម និងនាយកដ្ឋានកសិឧស្សាហកម្ម សហការជាមួយមន្ទីរចុះមកបណ្តុះបណ្តាលបច្ចេកទេស និងអត្ថប្រយោជន៍នៃការធ្វើផលិតកម្មកសិកម្មតាមកិច្ចសន្យា ដើម្បីជាប្រយោជន៍ដល់កសិករក្នុងការចរចារថ្លៃ ហើយគួរធ្វើកិច្ចសន្យាផ្ទាល់ជាមួយម្ចាស់ឡសម្ងួត ឬក្រុមហ៊ុនកែច្នៃផ្ទាល់តែម្តង។

ចេញពីចំការពោត ឯកឧត្តមរដ្ឋមន្រ្តី និងសហការីបានបន្តដំណើរទៅពិនិត្យឡសម្ងួតពោតរបស់បងស្រី សែន ស្រីណា ឃុំទន្លេបិត ស្រុកត្បូងឃ្មុំ។ បងស្រីបានជម្រាបជូនឯកឧត្តមរដ្ឋមន្ត្រីជ្រាបថា ឡមានលទ្ធភាពសម្ងួតបាន ២៥តោនក្នុងថ្ងៃ ដោយយកអុស ធ្យូង ធ្វើជាប្រភពថាមពលកំដៅសម្រាប់សម្ងួតគ្រាប់ពោត។ ផលពោតទាំងអស់ត្រូវបានប្រមូលទិញពីប្រជាកសិករក្នងស្រុកកំពង់សៀម ស្រុកចំការលើ និងស្រុកត្បូងឃ្មុំ ក្នុងតម្លៃ ៧២០រៀល/kg សម្ងួតរួចលក់ឲ្យក្រុុមហ៊ុនស៉ីភីកម្ពុជា ក្រុមហ៊ុនគ្រីនហ្វីត និងបេតាក្រូ ក្នងតម្លៃ ១០៦០រៀល/kg បូកទាំងថ្លៃដឹកជញ្ជូន។ បងស្រីបានបន្ថែមថា បច្ចុប្បន្នដោយសារការប្រើគ្រឿងចក្រប្រមូលផល បង្កលក្ខណ:ងាយស្រួលដល់ប្រជាកសិករទាំងពេលវេលា និងថ្លៃកម្មករ។ នាឱកាសនេះបងស្រីបានស្នើសុំឯកឧត្តមរដ្ឋមន្ត្រីមេត្តាជួយពិនិត្យតម្លៃភ្លើង ជួយកាត់បន្ថយបរិមាណពោតនាំចូលពិសេសនៅពេលរដូវប្រមូលផល និងជួយរកពូជពោតណាដែលមានអាយុកាលខ្លី។

ពិនិត្យឃើញសកម្មភាពឡសម្ងួតពោតរួច ឯកឧត្ដមរដ្ឋមន្ត្រីបានកោតសរសើរចំពោះបងស្រីដែលបានខិតខំចូលរួម ចំណែកប្រមូលទិញពោត រួចសម្ងួតខ្លួនឯងដែលនេះជាសកម្មភាពមួយក្នុងការរកទីផ្សារជូនកសិករ និងកាត់បន្ថយពេលវាលា និងថ្លៃដើមតាមរយ:ការផ្តល់សេវាគ្រឿងចក្រប្រមូលផល។ ទាក់ទងរឿងពូជពោត ឯកឧត្តមរដ្ឋមន្រ្តីបានណែនាំឲ្យអគ្គនាយកដ្ឋានកសិកម្មពិនិត្យ សិក្សាស្រាវជ្រាវបន្ថែមដើម្បីផលិតពូជពោតមួយល្អ ផ្តល់ទិន្នផលខ្ពស់ ធន់នឹងជំងឺ និងការប្រែប្រួលអាកាសធាតុ ដែលកសិករទទួលយកបាន។ នាឱកាសនេះ ឯកឧត្តមរដ្ឋមន្រ្តីបានអំពាវនាវដល់ក្រុមហ៊ុនឯកជន និងដៃគូអភិវឌ្ឍអញ្ជើញមកចូលរួមក្នុងវេទិការកសិកម្ម ដែលនឹងរៀបចំធ្វើនៅថ្ងៃទី២៦ ខែកុម្ភ: នៅទីស្តីការក្រសួង ដើម្បីផ្លាស់ប្តូរបទពិសោធន៍ និងរួមគ្នាស្វែងរកដំណោះស្រាយរាល់បញ្ហាប្រឈមនានាក្នុងវិស័យកសិកម្ម។