រក​ឃើញ​ចំណុច​ឆ្លងកាត់​ផ្លូវ​ល្បឿន​លឿន​ ​ខណៈ​ក្រសួង​ថា​ការសាងសង់​នឹង​ចាប់​​ផ្តើម​នៅ​ខែមីនា​ខាងមុខ


ខណៈ​ការសាងសង់​ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ​ ​ក្រុង​ព្រះសីហនុ​នឹង​កាន់តែ​ខិត​ជិត​មកដល់​ ​ហើយ​ប្រជាពលរដ្ឋ​កាន់តែ​អន្ទះ​សារ​ចង់​ឃើញ​ផ្លូវ​នេះ​ ​ចាប់ផ្តើម​សាងសង់​ ​មន្រ្តី​ក្រសួង​សាធារណៈ​ការ​ ​និង​ដឹកជញ្ជូន​បាន​បង្ហើប​ពី​ពេលវេលា​សាងសង់​ផ្លូវ​នេះ​ជាក់លាក់​ហើយ​។​ ​

​ឯកឧត្តម​ ​វ៉ា​ ​ស៊ី​មសូរិ​យា​ ​អ្នកនាំពាក្យ​ក្រសួង​សាធារណៈ​ការ​ ​និង​ដឹកជញ្ជូន​បាន​មានប្រសាសន៍​ឲ្យដឹង​កាលពី​ចុង​សប្តាហ៍​មុន​ថា​ ​ការសាងសង់​ផ្លូវ​នេះ​នឹង​ធ្វើឡើង​នៅ​ពេល​ឆាប់​ៗ​នេះ​ ​ដោយសារ​ឯកឧត្តម​ទេស​រដ្ឋមន្រ្តី​ ​ស៊ុន​ ​ចាន់​ថុល​ ​រដ្ឋមន្រ្តី​ក្រសួង​សាធារណៈ​ការ​ ​និង​ដឹកជញ្ជូន​បាន​ប្រាប់​ថា​ ​ផ្លូវ​ល្បឿន​លឿន​ប្រវែង​ជាង​ ​១៩០គីឡូម៉ែត្រ​នេះ​ ​នឹង​ចាប់ផ្តើម​សាងសង់​នៅ​ខែមីនា​ខាងមុខនេះ​ហើយ​។​

​ឯកឧត្តម​បន្ត​ថា​ ​“​ការកំណត់​ពេលវេលា​សាងសង់​ ​របស់​ឯកឧត្តម​ទេស​រដ្ឋមន្រ្តី​ជាក់លាក់​ហើយ​ ​តែ​ជួនកាល​ការ​ដោះស្រាយ​ផល​ប៉ះពាល់​មិន​រួច​ទាន់ពេល​វេលា​ ​ក៏អាច​ធ្វើឲ្យ​គំរោង​នេះ​ដំណើរការ​ដែរ​”​។ឯកឧត្តម​បន្ត​ថា​ ​“​ខ្ញុំ​គ្រាន់តែ​អាច​បញ្ជាក់​បាន​ថា​ ​ឯកឧត្តម​ទេស​រដ្ឋមន្រ្តី​បាន​ប្រាប់​ថា​ ​ការសាងសង់​ផ្លូវ​នេះ​នឹង​ធ្វើ​នៅ​ខែ​មិនា​ខាងមុខនេះ​”​។​

​តើ​ផ្លូវ​នេះ​នឹង​មាន​ចំណុច​ឆ្លងកាត់​បែប​ណា​?​ ​ឯកឧត្តម​ ​វ៉ា​ ​ស៊ី​មសូរិ​យា​ ​បាន​មានប្រសាសន៍​ឲ្យដឹង​ថា​ ​ផ្លូវ​នេះ​នឹង​ចេញដំណើរ​នៅ​ចំណុចប្រសព្វ​គ្នា​នៃ​ផ្លូវ​រថភ្លើង​ ​ដែល​ស្ថិតនៅ​ក្បែរ​តំបន់​កប់​ស្រូវ​ ​និង​ស្ថិតនៅ​ខាងស្តាំ​ដៃ​នៃ​ផ្លូវជាតិ​លេខ៤​ ​ហើយ​ផ្លូវ​នេះ​នឹង​រត់​ស្របគ្នា​ជាមួយ​ផ្លូវជាតិ​លេខ៤​ ​ប្រមាណ៣០គីឡូម៉ែត្រ​ ​និង​នៅពេល​ទៅ​ជិតដល់​ទីរួមខេត្ត​កំពង់ស្ពឺ​ ​ផ្លូវ​នេះ​នឹង​ឆ្លងកាត់​ផ្លូវជាតិ​លេខ៤ងាក​មក​ឆ្វេងដៃ​។​ ​ឯកឧត្តម​បន្ត​ថា​ ​បន្ទាប់ពី​ឆ្លងកាត់​ផ្លូវជាតិ​លេខ៤ងាក​មក​ឆ្វេងដៃ​ ​ផ្លូវ​នេះ​នឹង​រត់​ស្របគ្នា​នឹង​ផ្លូវជាតិ​លេខ៤នៅ​ផ្នែក​ខាងឆ្វេង​ដៃរ​ហូត​ដល់​ស្រុក​ព្រៃនប់​ ​ទើប​ផ្លូវ​នេះ​ឆ្លងកាត់​ផ្លូវជាតិ​លេខ៤​ ​មក​ខាងស្តាំ​ដៃ​វិញ​ ​ហើយ​បន្ត​រហូតដល់​សមុទ្រ​នៃ​ទឹកដី​ក្រុង​ព្រះសីហនុ​តែម្តង​។​

​ផ្លូវ​នេះ​នឹង​សាងសង់​ឡើង​ដោយក្រុម​ហ៊ុន​ស្ពាន​ថ្នល់​ប្រទេស​ចិន​ ​ដែល​បាន​នាំចូល​គ្រឿងចក្រ​តម្លៃ​ ​១០០លាន​ដុល្លារ​ ​មកដល់​កម្ពុជា​រួចហើយ​។​ ​ក្រុមហ៊ុន​នេះ​ក៏​ទទួលបន្ទុក​សាងសង់​ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ​ ​បាវិត​នា​ពេល​ខាងមុខ​ផង​ដែរ​។​
​ឯកឧត្តម​ ​វ៉ា​ ​ស៊ី​មសូរិ​យា​បាន​បន្ត​ឲ្យដឹង​ទៀត​ថា​ ​ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ​ ​ក្រុង​ព្រះសីហនុ​នឹង​សាងសង់​មាន​របង​នៅ​សងខាង​ ​ដើម្បី​ធ្វើ​យ៉ាងណា​មិន​ឲ្យ​មាន​ចំណុច​ឆ្លងកាត់​ច្រើន​ ​ព្រោះ​វា​រំខាន​ដល់​ការ​ធ្វើដំណើរ​ ​និង​មិន​អាច​បើកបរ​បាន​លឿន​ ​ព្រោះ​ល្បឿន​នៃ​ការ​បើកបរ​នៅ​លើ​ផ្លូវ​នេះ​ ​អ្នកបើកបរ​អាច​បើក​បរ​លក្នុង​ល្បឿន១២០​ ​ទៅ១៦០ក្នុង​មួយ​ម៉ោង​បាន​៕​