ឯកឧត្តម វេង សាខុន អញ្ជើញជាអធិបតីក្នុងពិធីប្រកាសចូលកាន់តំណែងប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានកសិកម្ម


នៅព្រឹកថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០១៦ នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ មានប្រារព្ធពិធីប្រកាសចូលកាន់តំណែងប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានកសិកម្ម អគ្គលេខាធិការរងក្រសួង និងមន្ត្រីជាថ្នាក់ដឹកនាំអង្គភាព២រូបទៀត ក្រោមអធិបតីភាពឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដោយមានការចូលរួមពី ឯកឧត្តម រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឯកឧត្តម អស់លោក លោកស្រី ជាថ្នាក់ដឹកនាំអង្គភាពជំនាញក្រសួង ហើយនិងមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទរាជធានីខេត្ត។
បន្ទាប់ពីឯកឧត្តមប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានកសិកម្មឡើងប្តេជ្ញាចិត្តរួចមក ឯកឧត្ដមរដ្ឋមន្ត្រី បានថ្លែងទៅកាន់អង្គពិធី ដោយលើកឡើងថាការតែងតាំងតំណែងជូនមន្ត្រីរាជការគឺជាដំណើរប្រព្រឹត្តិជាធម្មតានៃការគ្រប់គ្រង និងដឹកនាំរបស់ក្រសួង ស្ថាប័នរបស់រាជរដ្ឋាភិបាល ស្របទៅតាមតម្រូវការចាំបាច់នៃកំណែទម្រង់ស្ថាប័ន ការរីកចម្រើននៃសមត្ថភាពមន្ត្រីរាជការបន្តវេន និងការរីកចម្រើននៃសេដ្ឋកិច្ច ទៅតាមដំណាក់កាលនិមួយៗ។ ឯកឧត្តមរដ្ឋមន្ត្រីបានគូសបញ្ជាក់ពីស្នូលយុទ្ធសាស្ត្រនៃយុទ្ធសាស្ត្រចតុកោណអស់រាជរដ្ឋាភិបាល ក៏ដូចជាកំណែទម្រង់ស៊ីជម្រៅរបស់រាជរដ្ឋាភិបាល ដោយផ្តោតលើវិស័យកសិកម្ម ផងដែរ។
ឆ្លៀតក្នុងឱកាសនោះដែរ ឯកឧត្ដមរដ្ឋមន្ត្រីបានចែករំលែក និងណែនាំនូវចំណុចមួយចំនួនសម្រាប់មន្ត្រីជាថ្នាក់ដឹកនាំ គួរប្រកាន់យកដើម្បីជាថ្នាក់ដឹកនាំល្អ ជាមន្ត្រីល្អ ជាគំរូនៃមន្ត្រីថ្នាក់ក្រោម រួមមានៈ គោរពស្រលាញ់ប្រជាពលរដ្ឋ និងមន្ត្រីរាជការក្រោមឱវាទ ចេះរំលឹកដាស់តឿនគ្នា កែលំអ និងហ៊ានទទួលខុសត្រូវ ពេញចិត្តបម្រើប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន គោរព និងស្មោះត្រង់អនុវត្តតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល មានគំនិតច្នៃប្រឌិត ពុះពារហ៊ានប្រឈមនឹងបញ្ហា រក្សាបានសាមគ្គីភាពផ្ទៃក្នុងខ្ពស់ ចេះយល់សុខទុក្ខមន្ត្រីថ្នាក់ក្រោមដោយផ្តល់យុត្តិធ៌ម និងកិត្តិយស ការលើកទឹកចិត្ត និងផ្តល់រង្វាន់ដោយភាពសុក្រិត។ បន្ថែមលើនេះ ត្រូវប្រកាន់ខ្ជាប់គោលការណ៍សមូហភាពដឹកនាំ បុគ្គលទទួលខុសត្រូវ និងត្រូវចេះរកការងារឲ្យមន្ត្រីធ្វើ មិនលាបព៌ណគ្នា ហើយនិងធ្វើជាខ្នងបង្អែកឲ្យឈ្មួញខិលខូច ឬបក្សពួកខ្លួន ។
ឆ្លៀតឱកាសនោះផងដែរ ឯកឧត្ដមរដ្ឋមន្ត្រីបានណែនាំដល់ឯកឧត្តមប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានកសិកម្ម ដែលមានខ្លឹមសារដូចខាងក្រោម៖
១-គ្រប់អង្គភាពក្រោមអគ្គនាយកដ្ឋានកសិកម្ម ត្រូវរៀបចំអនុវត្តការងារជាក្រុម
២-លើកកំពស់សមត្ថភាពមន្ត្រីក្នុងកិច្ចការពារដំណាំ សុវត្ថិភាពផលិតផលកសិកម្ម ជាពិសេសពង្រឹងការងារភូតគាមអនាម័យ ស្របតាមនីតិវិធីនិងនិយាមក្នុងតំបន់ (អាស៊ាន) និងអន្តរជាតិ ដើម្បីទាក់ទាញបាននូវជំនឿចិត្តអ្នកបញ្ជាទិញ ព្រមទាំងឈានទៅរៀបចំជា អ៊ី-វិញ្ញាបនប័ត្រ នាពេលឆាប់ៗ ខាងមុខ។
៣-បង្កើនការយកចិត្តទុកដាក់ដល់ការគ្រប់គ្រងដីកសិកម្ម ដោយចុះធ្វើការវាយតម្លៃដីជាក់ស្តែង នៅតាមតំបន់នីមួយៗ លើសមាសភាគជីជាតិដី ដើម្បីណែនាំការប្រើប្រាស់ជីបានត្រឹមត្រូវស្របតាមមុខដំណាំនីមួយៗ កាត់បន្ថយបាននូវថ្លៃដើមក្នុងផលិតកម្មដំណាំ របស់កសិករ។
៤-បង្កើនការគ្រប់គ្រង ផ្តល់សេវា និងផ្តល់ពូជស្រូវសុទ្ធល្អដល់ប្រជាកសិករ ដោយសហការជាមួយដៃគូពាក់ព័ន្ធ ជាពិសេសវិស័យឯកជន ក្នុងការងារនេះ។
៥-ត្រូវស្រាវជ្រាវពូជរុក្ខជាតិហូបផ្លែ និងរុក្ខជាតិលំអ ដោយសហការជាមួយអ្នកវិនិយោគទុន ដើម្បីចែកជូនប្រជាកសិករ តាមរយៈការអនុវត្តផលិតកម្មកសិកម្មតាមកិច្ចសន្យា។
៦-បន្តជំរុញការងារពិសោធន៍ស្រាវជ្រាវអភិវឌ្ឍន៍ និងផ្ទេរបច្ចេកទេសទំនើបសមស្រប ជួយដល់កសិករ ហើយនិងជំរុញស្តារ និងកសាងហេដ្ឋារចនាសម្ព័ន្ធនៅតាមកសិដ្ឋាន ស្ថានីយ៍ពិសោធន៍ និងមជ្ឈមណ្ឌលអភិវឌ្ឍន៏កសិកម្ម ដើម្បីជួយបង្កើនសមត្ថភាពសហគមន៏កសិកម្ម នៅតាមមូលដ្ឋាន ឲ្យចេះបន្សុទ្ធពូជ ប្រើប្រាស់ធាតុចូលកសិកម្មបានត្រឹមត្រូវ ដែលនាំដល់ការបន្ទាបថ្លៃដើមក្នុងការផលិត។

14650286_1321418151233634_4635701068517828615_n

14906881_1321418247900291_5791289432657535567_n

14908235_1321418084566974_1040665093606088251_n

14937454_1321418431233606_1774503146648709652_n

14925433_1321418524566930_5998986349813798881_n