ព្រឹកថ្ងៃនេះសម្តេចតេជោ ហ៊ុន សែន អញ្ជើញជាអធិបតីប្រារព្ធពិធី «ទិវាជាតិទីក្រុងស្អាត» លើកទី៧ នៅសណ្ឋាគារសុខាភ្នំពេញ


(ភ្នំពេញ)៖ នៅថ្ងៃចន្ទ ៦រោច ខែមាឃ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១៩នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា អញ្ជើញជាអធិបតីប្រារព្ធពិធីអបអរសាទរ «ទិវាជាតិទីក្រុងស្អាត» លើកទី៧ ក្រោមប្រធានបទ «ទីក្រុងស្អាត៖ ទីក្រុងផ្តល់ភាពកក់ក្តៅ» នៅសណ្ឋាសុខាភ្នំពេញ។

ពិធីមានការអញ្ជើញចូលរួមពីមន្ត្រីជាន់ខ្ពស់នៃរាជរដ្ឋាភិបាលកម្ពុជា ថ្នាក់ដឹកនាំក្រសួងទេសចរណ៍ ថ្នាក់ដឹកនាំនៅតាមបណ្តារាជធានី ខេត្តទាំង២៥ ប្រតិបត្តិការលើវិស័យទេសចរណ៍ ព្រមទាំងអង្គការដៃគូពាក់ព័ន្ធមួយចំនួនទៀត។

សម្តេចតេជោ ហ៊ុន សែន ដែលជាប្រធានកិត្តិយសនៃគណៈកម្មាធិការជាតិវាយតម្លៃទីក្រុងស្អាតដែរនោះ តាមរយៈលិខិតចូលរួមអបអរសាទរ «ទិវាជាតិទីក្រុងស្អាត» កាលពីថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០១៩កន្លងទៅនេះ បានលើកឡើងថា ការប្រារព្ធទិវាជាតិទីក្រុងស្អាតលើកទី៧ ឆ្នាំ២០១៩ ជាព្រឹត្តិការណ៍រួមចំណែកបំផុស និងលើកទឹកចិត្តដល់ប្រជាពលរដ្ឋខ្មែរ ជាពិសេសយុវជន កុលបុត្រ កុលធីតាខ្មែរឱ្យបន្តជំរុញ និងយកចិត្តទុកដាក់កាន់តែខ្ពស់បន្ថែមទៀត ក្នុងការលើកកម្ពស់ការអភិវឌ្ឍបៃតង ការផ្តល់នូវបដិសណ្ឋារកិច្ចល្អ ដែលជាការរួមចំណែកដល់ការអភិវឌ្ឍវិស័យទេសចរណ៍ និងការរីកចម្រើននៃសង្គមជាតិ។

សម្តេចតេជោប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានគូសបញ្ជាក់ថា ការប្រារព្ធពិធីអបអរសាទរ «ទិវាជាតិទីក្រុងស្អាត» ក្រោមប្រធានបទ «ទីក្រុងស្អាត៖ ទីក្រុងផ្តល់ភាពកក់ក្តៅ» ឆ្លុះបញ្ចាំងយ៉ាងច្បាស់ថា ប្រជាពលរដ្ឋគ្រប់រូបតែងប្រាថ្នាចង់រស់នៅក្នុងទីក្រុងប្រកបដោយភាពវៃឆ្លាត និងមាន «ភាពស្អាត និងបៃតង» យកចិត្តទុកដាក់អំពីអនាម័យជុំវិញមជ្ឈដ្ឋានរស់នៅរបស់ពួកគាត់ មានការធានាសន្តិសុខ សុវត្ថិភាពពេញលេញ មានការរៀបចំសណ្តាប់ធ្នាប់របៀបរៀបរយល្អ មានការផ្តល់សេវាសាធារណៈប្រកបដោយបដិសណ្ឋារកិច្ចល្អ ពោលគឺជាទីកន្លែងដែលអាចផ្តល់នូវភាពកក់ក្តៅយ៉ាងពិតប្រាកដសម្រាប់ការរស់នៅពួកគាត់។

សម្តេចតេជោនាយករដ្ឋមន្ត្រី បានបន្ថែមថា ភ្ញៀវទេសចរក៏រីករាយទស្សនា និងចង់បានទីក្រុង ដែលជាផ្នែកមួយនៃគោលដៅទេសចណ៍របស់គេ ជាទីក្រុងដ៏ល្អស្អាតមានការយកចិត្តទុកដាក់អំពីភាពស្អាត និងបៃតង អនាម័យល្អ មានហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់តាមគ្រប់មធ្យោបាយ មានការធានាសន្តិសុខសុវត្ថិភាពពេលលេញ សណ្តាប់ធ្នាប់ល្អ មានការផ្តល់នូវបដិសណ្ឋារកិច្ចល្អ មានសម្បទាផលិតផល និងសេវាទេសចរណ៍ប្រកបដោយគុណភាព។

«ទាំងនេះសុទ្ធសឹងជាកត្តាកំណត់ក្នុងការសម្រេចចិត្តជ្រើសរើសគោលដៅសម្រាប់ដំណើរកម្សាន្តរបស់ភ្ញៀវទេសចរនាពេលបច្ចុប្បន្ន។ ក្នុងន័យនេះទីក្រុងដែលគួរឱ្យចង់រស់នៅ និងគួរឱ្យចង់មកទស្សនាកម្សាន្តត្រូវតែជាទីក្រុងវៃឆ្លាត និងទីក្រុងបៃតង/ទីក្រុងស្អាត ជាទីក្រុងដែលមានបរិស្ថាន អនាម័យ សណ្តាប់ធ្នាប់ល្អ គួបផ្សំនឹងហេដ្ឋារចនាសម្ព័ន្ធ ទ្រទ្រង់គ្រប់គ្រាន់ដែលផ្តល់នូវភាពកក់ក្តៅ និងមជ្ឈដ្ឋាន រស់នៅល្អប្រសើរដល់ប្រជាជនក្នុងទីក្រុង និងទេសចរ»។ នេះជាការបញ្ជាក់របស់សម្តេចតេជោ ហ៊ុន សែន។

ឆ្លើយតបនឹងប្រធានបទនៃទិវាជាតិទីក្រុងស្អាតខាងលើនេះ សម្តេចតេជោ ហ៊ុន សែន បានស្នើដល់ស្ថាប័នពាក់ព័ន្ធ រដ្ឋបាលថ្នាក់ក្រោមជាតិបន្តខិតខំការងារអាទិភាពចំនួន៦ចំណុចរួម៖

ទី១៖ ខិតខំចាប់យកនូវកាលានុវត្តភាពនៃការអភិវឌ្ឍសេដ្ឋកិច្ចឌីជីថល ដោយត្រូវរួមគ្នាឆ្ពោះទៅអភិវឌ្ឍទីក្រុងប្រកបដោយភាពវៃឆ្លាត (Smart City) និងទេសចរណ៍ឆ្លាតវៃ (Smart Tourism)។

ទី២៖ រៀបចំឱ្យមានសកម្មជនទីក្រុងស្អាត នៅតាមកន្លែងធ្វើការ ស្ថាប័ន សាលារៀន គ្រឹះស្ថានសិក្សា វត្តអារាម ផ្សារ រោងចក្រ សហគ្រាស បុរី ជាដើម សំដៅធ្វើឱ្យកន្លែងទាំងនោះ ប្រកបដោយភាពស្អាត និងបៃតង គ្រប់រដូវកាល គ្រប់ពេលវេលា បំផុសឱ្យបានជាប្រចាំយុទ្ធនាការ «កម្ពុជាស្អាតនៅគ្រប់ទីកន្លែង»។ ទន្ទឹមនឹងនេះ បន្តជំរុញលើកទឹកចិត្តយុទ្ធនាការ «ទេសចរម្នាក់ដើមឈើមួយដើម» និង «យុវជនម្នាក់ ដើមឈើមួយដើម» និង «គូស្រករមួយគូដើមឈើពីរដើម» ជាដើម និងស្នើឱ្យគ្រប់ខេត្តត្រូវមានសួនទេសចរណ៍យ៉ាងហោចមួយ។

ទី៣៖ ស្របពេលដែលរាជរដ្ឋាភិបាលបានដាក់ចេញនូវមូលនិធិអនាម័យបរិស្ថាន ត្រូវយកចិត្តទុកដាក់លើការងារអនាម័យ និងត្រូវរៀបចំឱ្យមានសង្កាត់គំរូនៅតាមទីក្រុង ទីប្រជុំជននីមួយៗ និងជំរុញលើកទឹកចិត្តឱ្យមានការរៀបចំបង្គន់អនាម័យសាធារណៈ ស្របតាមស្តង់ដាឱ្យបាននៅតាមទីសាធារណៈ និងរមណីយដ្ឋានទេសចរណ៍គ្រប់រាជធានី-ខេត្ត។

ទី៤៖ ស្របតាមស្តង់ដាទីក្រុងស្អាត ខ្ញុំស្នើឱ្យរដ្ឋបាលថ្នាក់ក្រោមជាតិទាំងអស់ ត្រូវខិតខំរៀបចំឱ្យមានសួនកម្សាន្តកុមារ និងទីតាំងសំរាប់លេងកីឡាឱ្យបានគ្រប់គ្រាន់។

ទី៥៖ ស្នើឱ្យរដ្ឋបាលថ្នាក់ក្រោមជាតិ ផ្នែកឯកជន និងភាគីពាក់ព័ន្ធ ត្រូវខិតខំបង្កើតជាវិថីម្ហូបអាហារ (Food Street) និងខិតខំពង្រឹងគុណភាពសេវាកម្មតូបលក់ម្ហូបអាហារតាមដងផ្លូវ (Street Food) ស្របតាមស្តង់ដា នៅតាមទីក្រុង និងទីប្រជុំជននានា ដើម្បីសុខុមាលភាពប្រជាពលរដ្ឋ និងភ្ញៀវទេសចរ និងត្រូវរៀបចំឱ្យមានខ្សែក្រវ៉ាត់បៃតងនៅតាមទីក្រុងទេសចរណ៍សំខាន់ៗ ដើម្បីគាំទ្រដល់យុទ្ធនាការ «ទេសចរណ៍គឺជាការនាំចេញនៅនឹងកន្លែង»។

ទី៦៖ ស្នើឱ្យអាជ្ញាធរគ្រប់លំដាប់ថ្នាក់ រដ្ឋបាលថ្នាក់ក្រោមជាតិ ត្រូវបន្តខិតខំថែរក្សាឱ្យបាននូវសន្តិសុខ សណ្ដាប់ធ្នាប់ សុវត្ថិភាពសង្គមឱ្យស្របតាមទស្សនទាន «ទីក្រុងស្អាត៖ ទីក្រុងប្រកបដោយសុខសុវត្ថិភាពល្អ» និង «ទីក្រុងស្អាត៖ ទីក្រុងមានសណ្តាប់ធ្នាប់សាធារណៈល្អ»។

សម្តេចតេជោ ហ៊ុន សែន ក៏បានអំពាវនាវដល់គ្រប់ក្រសួង ស្ថាប័ន រាជធានី-ខេត្ត អាជ្ញាធរគ្រប់លំដាប់ថ្នាក់ កងកម្លាំងប្រដាប់អាវុធ វិស័យឯកជន អង្គការសង្គមស៊ីវិល ដៃគូអភិវឌ្ឍន៍ពាក់ព័ន្ធ ព្រះសង្ឃគ្រប់ព្រះអង្គ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និស្សិត យុវជន យុវនារី មន្ត្រីរាជការ បុគ្គលិក ក្រុមហ៊ុនឯកជន/រោងចក្រ និងបងប្អូនជនរួមជាតិទាំងអស់ មេត្តាបន្តផ្តល់ការគាំទ្រ និងចូលរួមអនុវត្តឱ្យបានផុលផុសប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់នូវចលនាប្រឡងប្រណាំង «ទីក្រុងស្អាត រមណីយដ្ឋានស្អាត សេវាល្អ បដិសណ្ឋារកិច្ចល្អ» ឱ្យបានផុសផុលដើម្បីឱ្យកម្ពុជាជាគោលដៅទេសចរណ៍ប្រកបដោយគុណភាព ចីរភាព និងទាក់ទាញសម្រាប់ភ្ញៀវទេសចរជាតិ និងអន្តរជាតិសក្តិសមនឹងកិត្តិនាម «កម្ពុជា៖ ព្រះរាជាណាចក្រអច្ឆរិយៈផ្តល់ភាពកក់ក្តៅ»។

នៅក្នុងសារលិខិតអបអរសាទរ «ទិវាទីក្រុងស្អាត» នេះ សម្តេចតេជោនាយករដ្ឋមន្ត្រី សង្ឃឹម និងជឿជាក់យ៉ាងមុតមាំថា គ្រប់ភាគីពាក់ព័ន្ធទាំងអស់នឹងបន្តសហការចូលរួមគាំទ្រឧបត្ថម្ភ និងអនុវត្តរាល់យុទ្ធនាការនានាដែលត្រូវបានដាក់ចេញដោយរាជរដ្ឋាភិបាល ដើម្បីគាំទ្រដល់ចលនាប្រឡងប្រណាំងទីក្រុងស្អាត៕