(កណ្ដាល)៖ ឯកឧត្តម តូច ចាន់កុសល អនុប្រធានទី១ ក្រុមការងារថ្នាក់ជាតិចុះជួយស្រុកកោះធំ តំណាងឯកឧត្តម ស៊ុន ចាន់ថុល ប្រធានក្រុមការងារថ្នាក់កណ្តាល ចុះជួយស្រុកកោះធំ នៅថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០១៩នេះ អញ្ជើញជាអធិបតីក្នុងពិធីសម្ពោធសមិទ្ធផលនានា វត្តពុទ្ធពរត្រៃនិគម ឃុំកោះធំ(ខ) ស្រុកកោះធំ ដោយមានការចូលរួមពីក្រុមការងារថ្នាក់កណ្តាលចុះជួយស្រុក-ឃុំកោះធំ(ខ) និងប្រជាពលរដ្ឋប្រមាណ៥២២នាក់។
ថ្លែងក្នុងឱកាសនោះ ឯកឧត្តម តូច ចាន់កុសល បាននាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់ ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ប្រធានក្រុមការងារថ្នាក់កណ្តាល ចុះជួយស្រុកជូនដល់ពុទ្ធបរិស័ទ និងប្រជាពលរដ្ឋនៅស្រុកកោះធំផងដែរ។
អនុប្រធានទី១រូបនេះ បានថ្លែងទៀតថា នៅរាល់សមិទ្ធផលដែលកើតមានទាំងវិស័យអាណាចក្រ និងពុទ្ធចក្រនៅទូទាំងប្រទេស គឺបន្ទាប់ពីប្រទេសជាតិ មានសុខសន្តិភាព ស្ថេរភាព ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ដែលបានដាក់ចេញនូវគោលនយោបាយឈ្នះឈ្នះ ប្រកដោយប្រសិទ្ធិភាព និងភាពឈ្លាសវៃ។ វិស័យទាំង២នេះ បានដើរទន្ទឹមគ្នា ក្នុងការរស់នៅរបស់ពលរដ្ឋកម្ពុជា ប្រៀបដូចជាប្រជាជនកម្ពជា មិនអាចកាត់ផ្តាច់ចេញពី គណបក្សប្រជាជនកម្ពុជាបានឡើយ ព្រោះថាគណបក្សប្រជាជន ទុកប្រយោជន៍ប្រជាជនជាធំ រួមសុខរួមទុក្ខជាមួយប្រជាជន ទោះក្នុងកាលៈទេសៈបែបណាក៏ដោយ។
ជាមួយគ្នានោះ ឯកឧត្តម តូច ចាន់កុសល ក៏បានលើកឡើងផងដែរ ពីប្រវត្តិដ៏ជូជត់ និងទុក្ខវេទនាបំផុតដែលប្រជាពលរដ្ឋកម្ពុជា បានជួបក្នុងរបបប្រល័យពូជសាសន៍ ប៉ុល ពត គឺគ្រប់ទីកន្លែង ក៏ដូចជាតំបន់នេះតែម្តង ត្រូវបានទម្លាក់គ្រាប់ បំផ្លាញខ្ទេចខ្ទី គ្មានសល់ទេ ហើយសម័យនោះ ពុំមានគណបក្សនយោបាយ ឬជនមួយចំនួន ដែលអះអាងថា ជាអ្នកស្នេហាជាតិចេញមុខមកសង្គ្រោះជាតិនោះទេ គឺមានថ្នាក់ដឹកនាំគណបក្សប្រជាជន ដែលពួតដៃគ្នា តស៊ូដឹកនាំរំដោះ និងកសាងប្រទេសជាតិ តាំងពីបាតដៃទទេ ពីគំនរផេះផង់ រហូតដល់សព្វថ្ងៃនេះ និងទៅកាន់អនាគតជាបន្ត។
ជាមួយបញ្ចប់ មន្ដ្រីជាន់ខ្ពស់បក្សប្រជាជនរូបនេះ បានសំណូមពរដល់ប្រជាពលរដ្ឋ ពិសេសពុទ្ធបរិស័ទ រួមគ្នាថែរក្សា និងកសាងសមិទ្ធផលក្នុងវត្ត ដើម្បីតម្កល់ទុកជាទីសក្ការៈគោរពបូជា រូមគ្នាលើកតម្កើងវិស័យព្រះពុទ្ធសាសនា ក៏ដូចជាគាំទ្ររាជរដ្ឋាភិបាលកម្ពុជា ដើម្បីបន្តដំណើរជាមួយគ្នាលើនាវាកម្ពុជា ឆ្ពោះទៅកាន់ត្រើយសុខសន្តិភាព និងការអភិវឌ្ឍឥតឈប់ឈរជាបន្តទៀត៕