មន្ដ្រីជាន់ខ្ពស់បក្សប្រជាជន​ចុះជួយស្រុកកោះធំ៖ វិស័យពុទ្ធចក្រ និងអាណាចក្រ ប្រៀប​​ប្រជាជនកម្ពុជា ជាមួយ​បក្សប្រជាជនកម្ពុជា មិនអាចផ្តាច់គ្នា​​បានឡើយ​


(កណ្ដាល)៖ ឯកឧត្តម តូច ចាន់កុសល ​អនុប្រធានទី១ ក្រុមការងារថ្នាក់ជាតិ​ចុះជួយស្រុកកោះធំ តំណាងឯកឧត្តម ស៊ុន ចាន់ថុល ប្រធានក្រុមការងារថ្នាក់កណ្តាល ចុះជួយស្រុកកោះធំ នៅថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០១៩នេះ ​អញ្ជើញជាអធិបតីក្នុងពិធី​សម្ពោធសមិទ្ធផលនានា វត្តពុទ្ធពរត្រៃនិគម ឃុំកោះធំ(ខ) ស្រុកកោះធំ ដោយមានការ​ចូលរួមពី​ក្រុមការងារថ្នាក់កណ្តាល​ចុះជួយស្រុក-ឃុំកោះធំ(ខ) និងប្រជាពលរដ្ឋប្រមាណ​៥២២នាក់។

ថ្លែងក្នុងឱកាសនោះ ឯកឧត្តម តូច ចាន់កុសល ​បាន​នាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់ ​ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ប្រធានក្រុមការងារថ្នាក់កណ្តាល ចុះជួយស្រុក​ជូនដល់ពុទ្ធបរិស័ទ និងប្រជាពលរដ្ឋនៅស្រុកកោះធំផងដែរ។

​អនុប្រធានទី១រូបនេះ ​បានថ្លែងទៀតថា នៅរាល់សមិទ្ធផលដែលកើតមានទាំងវិស័យអាណាចក្រ និងពុទ្ធចក្រនៅទូទាំងប្រទេស គឺបន្ទាប់ពីប្រទេសជាតិ មានសុខសន្តិភាព ស្ថេរភាព ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ដែលបានដាក់ចេញនូវគោលនយោបាយ​ឈ្នះ​ឈ្នះ ប្រកដោយប្រសិទ្ធិភាព និងភាពឈ្លាសវៃ​។ ​វិស័យទាំង២នេះ បានដើរទន្ទឹមគ្នា ក្នុងការរស់នៅរបស់ពលរដ្ឋកម្ពុជា ប្រៀបដូចជាប្រជាជនកម្ពជា មិនអាចកាត់ផ្តាច់ចេញពី គណបក្សប្រជាជនកម្ពុជាបានឡើយ ព្រោះថា​គណបក្សប្រជាជន ទុកប្រយោជន៍ប្រជាជនជាធំ រួមសុខរួមទុក្ខជាមួយប្រជាជន ទោះក្នុងកាលៈទេសៈបែបណាក៏ដោយ​។

ជាមួយគ្នានោះ ​ឯកឧត្តម តូច ចាន់កុសល ក៏បានលើកឡើងផងដែរ ពីប្រវត្តិដ៏ជូជត់ និងទុក្ខវេទនាបំផុតដែលប្រជា​ពលរដ្ឋកម្ពុជា បានជួប​​ក្នុងរបបប្រល័យពូជសាសន៍ ប៉ុល ពត គឺគ្រប់ទីកន្លែង ក៏ដូចជាតំបន់នេះតែម្តង ត្រូវបានទម្លាក់គ្រាប់ បំផ្លាញខ្ទេចខ្ទី គ្មានសល់ទេ ហើយសម័យនោះ ពុំមានគណបក្សនយោបាយ ឬជនមួយចំនួន ដែលអះអាងថា ជាអ្នកស្នេហាជាតិចេញមុខមកសង្គ្រោះជាតិនោះទេ គឺមានថ្នាក់ដឹកនាំគណបក្សប្រជាជន ដែលពួតដៃគ្នា តស៊ូ​ដឹកនាំរំដោះ និងកសាងប្រទេសជាតិ តាំងពីបាតដៃទទេ ពីគំនរផេះផង់ រហូតដល់សព្វថ្ងៃនេះ និងទៅកាន់អនាគតជាបន្ត។

ជាមួយបញ្ចប់ មន្ដ្រីជាន់ខ្ពស់បក្សប្រជាជនរូបនេះ ​បានសំណូមពរដល់ប្រជាពលរដ្ឋ ពិសេសពុទ្ធបរិស័ទ រួមគ្នាថែរក្សា និងកសាងសមិទ្ធផលក្នុងវត្ត ដើម្បីតម្កល់ទុកជាទី​សក្ការៈគោរពបូជា រូមគ្នាលើកតម្កើងវិស័យព្រះពុទ្ធសាសនា ក៏ដូចជាគាំទ្ររាជរដ្ឋាភិបាលកម្ពុជា ដើម្បីបន្តដំណើរជាមួយគ្នាលើនាវាកម្ពុជា ឆ្ពោះទៅកាន់ត្រើយសុខសន្តិភាព និងការអភិវឌ្ឍ​ឥតឈប់ឈរជាបន្តទៀត៕