សិស្សានុសិស្ស នៅឃុំបាគងប្រមាណជិត ១០០នាក់ នឹងទទួលបានការបណ្ដុះបណ្ដាលពិសេសលើវិស័យបេតិកភណ្ឌ


នៅក្នុងឆ្នាំសិក្សា ២០១៨ -២០១៩ នេះសិស្សានុសិស្សប្រមាណ ៨៨នាក់ ដែលមាន សាលាបឋមសិក្សាវត្តលលៃ ៦០នាក់ និងវិទ្យាល័យហ៊ុន សែន ប្រាសាទបាគង ២៨នាក់ នឹងទទួលបានការបណ្ដុះបណ្ដាលជំនាញបន្ថែម លើវិស័យបេតិកភណ្ឌ ដែលរៀបចំដោយអាជ្ញាធរជាតិអប្សរា សហការជាមួយអង្គការ គាំពារកេមរតក។

នារសៀលថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១៩ ពិធីបើកជាជាផ្លូវការរបស់គម្រោងយុវជនបេតិកភណ្ឌ ត្រូវបានរៀបចំឡើងក្នុងបរិវេណវិទ្យាល័យ ហ៊ុន សែន ប្រាសាទបាគង ក្រោមអធីបតីភាព ឯកឧត្តម សុខ សង្វារ អគ្គនាយករងនៃអាជ្ញាធរអប្សរា និងជាប្រធានក្រុមសហគមន៍ទី៧ ដែលទទួលបន្ទុកលើការងារអប់រំបេតិភណ្ឌនៅតាមគ្រឹះស្ថានសិក្សានានា ដោយមានការអញ្ជើញចូលរួមពីរដ្ឋបាលស្រុកប្រាសាទបាគង ការិយាល័យអប់រំស្រុក លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស សហភាពសហព័ន្ធយុជនកម្ពុជា មជ្ឈមណ្ឌលយុវជន និងអាជ្ញាធរមូលដ្ឋាន សរុបប្រមាណជិត២០០នាក់។

លោក អ៊ឹម សុខរិទ្ធី អនុប្រធានមជ្ឈមណ្ឌលអន្តរជាតិស្រាវជ្រាវ និងតម្កល់ឯកសារអង្គរ បានលើកឡើងថា គម្រោងអប់រំបេតិកភណ្ឌនេះមិនមែនទើបតែធ្វើឡើងនៅស្រុកប្រាសាទបាគងនេះទេ កម្មវិធីនេះបានបង្កើតអស់រយៈពេលជាច្រើនឆ្នាំមកហើយ ក្នុងតំបន់បេតិកភណ្ឌផ្សេងៗ។ ក្នុងឆ្នាំ២០១៨កន្លងទៅនេះ កម្មវិធីនេះបានរៀចំនៅសាលាបឋមសិក្សាស្រះស្រង់ និងវិទ្យាល័យនគរធំ។ គោលបំណងសំខាន់នៃកម្មវិធីនេះ គឺផ្ទេរចំណេះដឹងរបស់អ្នកសិក្សាស្រាវជ្រាវ ទាំងផ្នែកបុរាណវិទ្យា និងអ្នកសិក្សាផ្សេងៗ ដើម្បីផ្ដល់ចំណេះដឹងដល់ប្អូនៗយុវជនជាសិស្សានុសិស្សតាមសាលាបឋមសិក្សា ក៏ដូចជាវិទ្យាល័យ ដែលមានមូលដ្ឋានផ្ទាល់នៅក្នុងតំបន់បេតិកភណ្ឌ ដូចជាក្នុងតំបន់អង្គរ និងបន្ទាយឆ្មាជាដើម។

លោក អ៊ុន មណីនីតា នាយកប្រតិបត្តិនៃអង្គការគាំពារកេរមរតក និងជាគ្រូបង្គោលមួយរូបនៃកម្មវិធីបណ្តុះបណ្តាលនេះបានបញ្ជាក់ថា កម្មវិធីសិក្សានឹងធ្វើឡើង១ម៉ោងក្នុង១សប្តាហ៍ រយៈពេល១ឆ្នាំពេញ។ ការសិក្សាគឺធ្វើឡើងទាំងក្នុងថ្នាក់រៀន និងការចុះកម្មសិក្សាតាមប្រាសាទ តំបន់បេតិកភណ្ឌ និងតាមការចុះអង្កេតក្នុងពិធីបុណ្យប្រពៃណីផ្សេងៗរបស់អ្នកស្រុក។

លោក ស៊ិន សំណាង នាយកសាលាវិទ្យាល័យ ហ៊ុន សែន ប្រាសាទបាគង បានបង្ហាញនូវការពេញចិត្តយ៉ាងខ្លាំង ដែលអាជ្ញាធរជាតិអប្សរា បានសម្រេចជ្រើសរើសយកសាលារបស់លោកក្នុងការបណ្ដុះបណ្ដាលដល់សិស្សានុសិស្សលើផ្នែកបេតិកភណ្ឌ។ លោក បានសម្ដែងនៅការគាំទ្រយ៉ាងពេញទំហឹង ព្រមទាំងបានសន្យានិងជួយសម្រសម្រួលគ្រប់យ៉ាងតាមអ្វីដែល លោកអាចធ្វើបាន ដើម្បីឲ្យផ្នែកបណ្ដុះបណ្ដាលនេះទទួលបានភាពជោគជ័យ។

មានប្រសាសន៍សំណេះសំណាលក្នុងពិធីនេះ ឯកឧត្តម សុខ សង្វារ បានក្រើនរំឭកដល់សិស្សានុសិស្សអំពីមេរៀន ដែលពួកគេនឹងត្រូវទទួលបាន ពីសំណាក់លោកគ្រូ អ្នកគ្រូ និងអ្នកជំនាញនៃអាជ្ញាធរជាតិអប្សរា។ ឯកឧត្តម បានបង្ហាញពីតួនាទីសំខាន់ៗរបស់យុវជនចំពោះបេតិកភណ្ឌដូចជា ការសិក្សាស្វែងយល់ឲ្យបានស្គាល់ពីបេតិកភណ្ឌ បង្ហាញសេចក្តីគោរព ការស្រឡាញ់ថែរក្សាការពារបេតិកភណ្ឌ នៅក្នុងតំបន់របស់ខ្លួន ព្រមទាំងចូលរួមការពារបេតិកភណ្ឌតាមមធ្យោបាយផ្សេងៗ។ ជាពិសេស ក្នុងនាមយុវជន ក្រៅពីថែរក្សា ក៏ត្រូវបន្តផ្សព្វផ្សាយនូវតម្លៃវប្បធម៌របស់ខ្លួន ទៅខាងក្រៅដើម្បីបង្ហាញអំពីអារ្យធម៌ដ៏រុងរឿងរបស់ដូនតា៕