រដ្ឋបាលខេត្តកំពង់ឆ្នាំង បើកសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០១៨ និង លើកទិសដៅឆ្នាំ២០១៩


កំពង់ឆ្នាំងៈរដ្ឋបាលខេត្តកំពង់ងឆ្នាំង នាថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១៩ បានបើកសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០១៨ និង លើកទិសដៅសម្រាប់ឆ្នាំ២០១៩ ក្រោមអធិបតីភាពលោកជំទាវ ដោក សុទ្ធា ប្រធានក្រុមប្រឹក្សាខេត្ត និង ឯកឧត្តម ឈួរ ច័ន្ទឌឿន អភិបាលខេត្តកំពង់ឆ្នាំង ព្រមទាំងមានការចូលរួមពី ឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត កងកម្លាំងប្រដាប់អាវុធទាំង៣ ថ្នាក់ដឹកនាំបណ្តាមន្ទីរ អង្គភាពជុំវិញខេត្តអាជា្ញធរស្រុក ក្រុង ឃុំ សង្កាត់ សរុប៤០០នាក់ ។

មានប្រសាសន៍បើកសន្និបាទ ឯកឧត្តម ឈួរ ច័ន្ទឌឿន អភិបាលខេត្តកំពង់ឆ្នាំង បានមានប្រសាសន៍ថាៈ លទ្ធផលការងារបស់រដ្ឋបាលខេត្តដែលសម្រេចបាននាឆ្នាំ២០១៨មកនេះ បានបង្ហាញនូវចំណុច
ខ្លាំងចំណុចខ្សោយ បញ្ហាប្រឈម ដែលតម្រូវអោយអង្គសន្និបាត ធ្វើការពិភាក្សាគ្នា បន្ថែមទៀតដើម្បីដាក់ចេញនូវគោលដៅសម្រាប់អនុវត្តបន្តនាឆ្នាំខាងមុខ ។ ដូចជាការពង្រឹងការអនុវត្តគោល
នយោបាយភូមិឃុំមានសុវត្ថិភាព ដើម្បីធានានូវសន្តិសុខសណ្តាប់ធ្នាប់ធ្វើអោយភូមិដ្ឋានមានសុខសុខសុវត្ថិភាព ។

ឯកឧត្តមឈួរ ច័ន្ទឌឿន បានមានប្រសាសន៍ទៀតថាៈគោលដៅសម្រាប់បន្តអនុវត្តនាពេលខាងមុខ គឺជា ការអនុវត្ត នូវគោលនយោបាយ លិខិតបទដ្ឋានរបស់រាជរដ្ឋាភិបាល និង ក្រសួងមហាផ្ទៃអោយទទួលបានជោគជ័យ ដើម្បីឆ្លើយតបទៅនឹងតម្រូវការចាំបាច់របស់ប្រជាពលរដ្ឋនៅមូលដ្ឋាន ។ ដែលទាមទារ អោយថ្នាក់ដឹកនាំអង្គភាព អាជ្ញាធរមូលដ្ឋាន គ្រប់លំដាប់់ថ្នាក់ ធ្វើការពិភាក្សាគ្នា ផ្តល់មតិយោបល់ឱ្យបានផុលផុស យកទៅអនុវត្តសម្រាប់ឆ្នាំ២០១៩ ប្រកបដោយតម្លាភាព និងគណនេយ្យភាព ស្របតាមគោលនយោបាយកែទម្រង់ស៊ីជម្រៅរបស់រាជរដ្ឋាភិបាលកម្ពុជា ។

លោកអ៊ុន សុផល នាយករដ្ឋបាលខេត្តកំពង់ឆ្នាំង បានបានអានរបាយការណ៍ដោយបានគូសបញ្ជាក់ថាៈ ទោះបី ជានៅឆ្នាំ២០១៨កន្លងមកនេះ រដ្ឋបាលខេត្តកំពង់ឆ្នាំង សម្រេចបាននូវលទ្ធផលល្អយ៉ាងណាក៏ដោយ ប៉ុន្តែនៅតែបញ្ហាប្រឈមមួយចំនួនដែលទាមទារអោយអាជ្ញាធរមូលដ្ឋាន អង្គភាពជំនាញ ចូលរួមបន្តធ្វើការដោះស្រាយបន្តដូចជាការកើតឡើងនៃបទល្មើសនេសាទ ការកាប់រានដីព្រៃរបស់រដ្ឋ បញ្ហាគ្រោះថ្នាក់ចរាចរណ៍ និងចំណុចមួយចំនួនផ្សេងទៀត ដើម្បីធ្វើយ៉ាងអោយខេត្តកំពង់ឆ្នាំងកាន់តែមានការអភិវឌ្ឍជាបន្តបន្ទាប់លើគ្រប់វិស័យស្របតាមកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាល ដែលមានសម្តេចតេជោហ៊ុន សែនជានាយករដ្ឋមន្រ្តី៕