រោងចក្រថ្មីៗចំនួន៣ទៀតហើយ សរុបទុនវិនិយោគ១២.២លានដុល្លារអាមេរិក និងបង្កើតការងារថ្មីបានចំនួន ២,២៥៩កន្លែង ត្រូវបានរាជរដ្ឋាភិបាល អនុម័តឲ្យបើកដំណើរការនៅកម្ពុជា។
Facebook របស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានផ្សាយនៅថ្ងៃទី២៥ ខែកុម្ភៈនេះថា តាមសំណើសុំវិនិយោគរបស់ក្រុមហ៊ុន គណៈកម្មាធិការវិនិយោគកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីជាស្ថាពរ ជូនដល់ក្រុមហ៊ុនដូចខាងក្រោម៖
១៖ ក្រុមហ៊ុន LOON WAI TEXTILE CO.,LTD. គម្រោងបង្កើតរោងចក្រផលិតកាបូបគ្រប់ប្រភេទ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិឃ្លាំងសម្បត្តិ ឃុំពត់សរ ស្រុកបាទី ខេត្តតាកែវ មានទុនវិនិយោគប្រមាណ ២.២លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៨០១កន្លែង។
២៖ ក្រុមហ៊ុន UNION LEATHERWARE M.F.Y CO.,LTD. គម្រោងបង្កើតរោងចក្រផលិតខ្សែក្រវាត់ និងកាបូបគ្រប់ប្រភេទ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិត្រាំខ្នារ ឃុំស្នំក្រពើ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ មានទុន វិនិយោគប្រមាណ ៣.៥លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ១,២៤៥កន្លែង។
៣៖ ក្រុមហ៊ុន TEUK DEY MEK INDUSTRIES CO.,LTD.គម្រោងបង្កើតរោងចក្រផ្គុំដំឡើងបន្ទះ និងប្រព័ន្ធសូឡា ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិព្រែករាំង សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្តាល មានទុន វិនិយោគប្រមាណ ៦.៥ដុល្លារអាមេរិក និងអាចបង្កើតការងារបាន ២១៣កន្លែង៕