ឯកឧត្តមទេសរដ្ឋមន្ដ្រី គន់ គីម ប្រគល់ផ្ទះ៦ខ្នង ​ជាអំណោយរបស់សម្ដេចតេជោ ហ៊ុន សែន ជូនអតីតយុទ្ធជននៅស្រុកឯកភ្នំ ខេត្តបាត់ដំបង


(បាត់ដំបង)៖ ឯកឧត្តមទេសរដ្ឋមន្ដ្រី គន់ គីម អគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា នៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១៩នេះ បានចុះប្រគល់ផ្ទះចំនួន៦ខ្នង ដែលជាអំណោយរបស់សម្ដេចតេជោ ហ៊ុន សែន ជូនអតីតយុទ្ធជន​ចំនួន​៦គ្រួសារ​ នៅឃុំព្រែកហ្លួង​ ស្រុកឯកភ្នំ​ ដែលមានជីវភាពខ្វះខាត។

ពិធីប្រគល់ផ្ទះនេះ ក៏មានការចូលរួមពី ឯកឧត្តម ភួង​ ស៊ីផាន​ រដ្ឋលេខាធិការ​ក្រសួង​ការពារ​ជាតិ​ និងឯកឧត្តម​ ឯក​ ក្រិត​ រដ្ឋលេខាធិការ​ក្រសួង​សង្គមកិច្ច ​អតីត​យុទ្ធជន​ និងយុវនិតិសម្បទា​ និងឯកឧត្តម ប៊ុន​ សេង​ មេបញ្ជាការ​រង​កងទ័ព​ជើង​គោក និងជាមេបញ្ជាការ​យោធភូមិភាគ​ទី៥​ និងថ្នាក់ដឹកនាំ​ ស​.អ.ក ​ខេត្ត​​ផងដែរ។

ថ្លែងក្នុងឱកាសនោះ ឯកឧត្តមទេសរដ្ឋមន្ដ្រី ​​គន់​ គីម​ បានលើកឡើងពីការយកចិត្តទុកដាក់របស់​សម្តេច​ទាំងពីរ​ លើសុខទុក្ខ ​និងជីវភាពប្រចាំថ្ងៃរបស់សមាជិក​អតីត​យុទ្ធជន​កម្ពុជា​ ​មិនដែល​ភ្លេច​ឡើយ​ ហេតុនេះ​បងប្អូន​ដែលទទួលបានផ្ទះ​​របស់សម្តេច​ ​ហ៊ុន សែន ​ត្រូវខិតខំប្រកបរបរចិញ្ចឹមជីវិត​ លើកស្ទួយជីវភាពរស់នៅរបស់ខ្លួន​ ព្រោះ​មានលំនឹងហើយ​បន្ទាប់ពីបានទទួលផ្ទះនេះ។

​ឯកឧត្តមទេសរដ្ឋមន្រ្តី​ គន់​ គីម​ ក៏បានរំលឹកដល់ថ្នាក់ដឹកនាំសមាគម​អតីត​យុទ្ធជន​កម្ពុជា ​ខេត្ត​បាត់ដំបង ត្រូវគ្រប់គ្រង​សមាជិក​ ស.អ​.ក​ ដែល​រស់នៅក្នុង​មូលដ្ឋាន​របស់​ខ្លួន​ ពេល​មានបញ្ហាអ្វីមួយត្រូវជួយដោះស្រាយជូនភា្លម ហើយត្រូវជំរុញការបើកប្រាក់​បេឡាមរណៈសង្គ្រោះ​ឲ្យបានទាន់ពេលវេលា​ និងបន្តធ្វើផ្ទះ​អំណោយ​របស់​សម្តេច​ ឲ្យរួចតាមផែនការដើម្បីប្រគល់ជូនសមាជិក​បានទាន់ពេលវេលា។​

ជាមួយគ្នានេះ លោក​ អៀម​ កាន​ ជាជនពិការតំណាង​បងប្អូន​ទាំង​៦គ្រួសារ​ បានគោរពថ្លែងអំណរគុណ​សម្តេច​ទាំងពីរ​ ដែល​ផ្ដល់​ផ្ទះ​ជូនពួកគាត់​ និងប្តេជ្ញាគោរព​ និងជឿជាក់លើការដឹកនាំ​របស់សម្តេច​ ប្រឆាំងដាច់ខាត​ការប៉ុនប៉ងធ្វើបដិវត្តព័ណ៌​ចង់ផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់​របស់​​ទណ្ឌិត​ សម​ រង្សី​ និងបក្ខពួក​​បើទោះបីជាពួកគាត់ចូលនិវត្តន៍​ហើយក៏ដោយ​៕