ឯកឧត្តម សុខ ឥសាន បានឆ្លើយតបវិញថា ការប្រើឧបាយកល ពិសពុលរបស់លោក សម រង្ស៊ី មិនអាចធ្វើឲ្យពលរដ្ឋ និងកងទ័ព ធ្វើតាមឡើយ


ភ្នំពេញ៖ បន្ទាប់ពីលោក សម រង្ស៊ី នៅតែបន្តអំពាវនាវឲ្យប្រជាពលរដ្ឋ និងកងទ័ព ងើបឈរឡើងដើម្បី ប្រឆាំងរាជរដ្ឋាភិបាលស្របច្បាប់នោះ អ្នកនាំពាក្យគណបក្ស ប្រជាជនកម្ពុជា ឯកឧត្តម សុខ ឥសាន បានឆ្លើយតបវិញថា ការប្រើឧបាយកល ពិសពុលរបស់លោក សម រង្ស៊ី មិនអាចធ្វើឲ្យពលរដ្ឋ និងកងទ័ព ធ្វើតាមឡើយ ផ្ទុយទៅវិញ ពលរដ្ឋនិងកងទ័ព រួបរួមសាមគ្គីគ្នាជាធ្លុង មួយជាមួយរាជរដ្ឋាភិបាល ។

អ្នកនាំពាក្យលើកឡើងបែបនេះ បន្ទាប់ពីលោក សម រង្ស៊ី តែតែងប្រើឧបាយកលរបស់ខ្លួន ដើម្បីញុះញង់ និងដុតកំហឹងពលរដ្ឋ និងកងកម្លាំងប្រដាប់អាវុធឲ្យងើបឡើង ប្រឆាំងនឹងរាជរដ្ឋាភិបាល ប្រឆាំងនឹងអ្នកវិនិយោគិនបរទេស បំភិតបំភ័យវិនិយោគបរទេស ឲ្យរត់ចេញពីប្រទេសកម្ពុជា ជាពិសេស សម រង្ស៊ី ប៉ុនប៉ងធ្វើឲ្យសេដ្ឋកិច្ច ជាតិត្រូវរំលំរលាយ។

ជុំវិញបញ្ហាទាំងនេះ ឯកឧត្តម សុខ ឥសាន បានសរសេរនៅក្នុងតេឡេក្រាម នៅថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០១៩ ថា “ទោះបី សម រង្ស៊ី ប្រើឧបាយកលយ៉ាងណាក៏ មិនទទួលបានផលឡើយ ។ មិនអាចធ្វើឲ្យប្រជាជន និងកងទ័ពលុះតាមជាដាច់ខាត ផ្ទុយទៅវិញវាកាន់តែធ្វើ ឲ្យប្រជាជននិងកងទ័ព រួបរួមសាមគ្គីគ្នាជាធ្លុងមួយ ក្រោមការដឹកនាំរបស់ គណបក្សប្រជាជនកម្ពុជា និងរាជរដ្ឋាភិបាលកម្ពុជា ពុះពារគ្រប់ឧបសគ្គដើម្បី សម្រេចគោលដៅនៃការកសាង និងអភិវឌ្ឍន៍ប្រទេសរីកម្រើន លើកកម្ពស់ជីវភាពរស់នៅ របស់ប្រជាជនស្របតាមសំណូមពរ” ។

ឯកឧត្តមបន្ដថា ទង្វើនិងសកម្មភាពរបស់លោក សម រង្ស៊ី ដែលកំពុងរត់ចោលស្រុក បានយកវប្បធ៌មឈ្នានិស និងរើសអើងជាតិសាសន៍មកអនុវត្ត ដើម្បីបំផ្លិចបំផ្លាញប្រទេសជាតិ និងផលប្រយោជន៍ប្រជាជន យ៉ាងជាក់ស្តែងដែលជាចរិត ក្បត់ជាតិក្បត់ប្រជាជន មិនអាចប្រកែកបានឡើយ ៕