ផ្សារទំនើបលំដាប់អន្តរជាតិថ្មីមួយទៀត THE OLYMPIA MALL ដែលុំមានតម្លៃវិនិយោគ ៨០លានដុល្លារអាមេរិក នឹងបើកដំណើរការនៅកំឡុងត្រីមាសទី២ឆ្នាំនេះ បន្ទាប់ពីការរៀបចំឌីសាញធ្វើឡើងមិនទាន់ពេលវេលា។
លោករីឆាយ វីនដាប្រធានផ្នែកប្រតិបត្តិនៃផ្សារទំនើប THE OLYMPIA MALL នៃក្រុមហ៊ុន OCIC បានមានប្រសាសន៍ឲ្យដឹងតាមទូរស័ព្ទនាព្រឹកថ្ងៃទី២៧ កុម្ភៈនេះថា តាមគំរោងផ្សារនេះនងបើកដំណើរការនៅខែមិនាខាងមុខនេះ ប៉ុន្តែដោយសារការរៀបចំ និងឌីសាញផ្សារនេះមិនទាន់ពេល ធ្វើឲ្យគំរោងបើកដំណើរការផ្សារទំនើបនេះអាចឈានទៅដល់ខែឧសភា ឬមិថុនាខាងមុខនេះ។លោកបន្តថា ផ្សារទំនើបលំដាប់អន្តរជាតិនេះមានកំពស់៦ជាន់សំរាប់ដំណាក់កាលទី១ និងដំណាក់កាលទី២ នឹងចាប់ផ្តើមនៅជំហ៊ានបន្ទាប់។
ផ្សារទំនើបនេះជាផ្នែកមួយនៃគំរោងអភិវឌ្ឍន៍ Olympia City ដែលជាមជ្ឈមណ្ឌលពាណិជ្ជកម្ម និងលំនៅដ្ឋានដ៏ធំមួយ ស្ថិតនៅកណ្តាលរាជធានីភ្នំពេញ។ ផ្សារទំនើបនេះ ស្ថិតនៅទល់មុខវត្តសំពៅមាស តាមបណ្តោយផ្លូវមុនីរ៉េត សង្កាត់វាលវង់ ខ័ណ្ឌ៧មករា រាជធានីភ្នំពេញ។
លោកបន្តថា “ផ្សារទំនើបនេះនឹងមានការរៀបចំប្រព័ន្ឋការលក់ តាមស្តង់ដាអន្តរជាតិ និងលក់ផលិតផលល្បីៗ ដោយមិនលក់ផលិតផលដែលរំលោភកម្មសិទ្ឋបញ្ញាជាដាច់ខាត”។ លោកបន្តថា “សេវាកម្មធំជាច្រើននឹងមាននៅក្នុងផ្សារទំនើបនេះ ដូចជា រោងភាពយន្តអន្តរជាតិ សម្លៀកបំពាក់ អាហារនិងភេសជ្ជៈ និងគ្លីនីកកែសម្ឆស្សជាដើម”។
លោករីឆាតបានបន្តថា អ្វីដែលជាភាពទាក់ទាញនៅតំបន់នេះ គឺយើងមានស្ពានអាកាសកញ្ចក់ ដែលជាស្ពានមានជាលើកដំបូងនៅរាជធានីភ្នំពេញ និងតំបន់ផ្សារនេះស្ថិតនៅតំបន់ពាណិជ្ជកម្មកណ្តាលរាជធានីភ្នំពេញ។
អ្នកនាង អាន សុធីតា នាយិកាប្រចាំប្រទេសនៃក្រុមហ៊ុន CBRE Cambodia ធ្លាប់បានមានប្រសាសន៍ថា ការរីកចម្រើនផ្សារទំនើបនៅរាជធានីភ្នំពេញ មានសញ្ញាវិជ្ជមាន ដោយសារតែអំណាច នៃការទិញរបស់ប្រជាពលរដ្ឋកើនឡើង ពិសេសការរីកចម្រើននៃសេដ្ឋកិច្ចសង្គមកម្ពុជា។ អ្នកនាងបន្តថា ទោះជាក្រុមហ៊ុនវិនិយោគផ្សារទំនើបកើនឡើង តែចំនួនផ្សារទំនើបនៅរាជធានីភ្នំពេញ មិនទាន់លើសតម្រូវការនៅឡើយទេ ប៉ុន្តែបើចំនួនផ្សារទំនើបកើនឡើងយ៉ាងគំហុកដូចឆ្នាំ២០១៨ ចំនួនផ្សារទំនើបនៅរាជធានីភ្នំពេញអាចប្រឈមមុខនឹងលើសតម្រូវការ។
អ្នកនាងបន្តថា បច្ចុប្បន្នផ្សារទំនើបកើនឡើងច្រើនតែពួកគេផ្តោតលើទីតាំងនិងចំណែកអតិថិជនខុសៗគ្នាហេតុនេះវាមិនមានបញ្ហានោះទេ៕