ក្រសួងបរិស្ថាន​​និង​អង្គការ​WWF​​ផ្តល់​សម្ភារៈ​ល្បាត​ដល់​សហគមន៍​ចំនួន​២​នៅ​ខេត្តក្រចេះ


ក្រសួង​បរិស្ថាន សហការ​ជាមួយ​អង្គការ WWF ផ្តល់ជូន​សម្ភារៈ​ល្បាត​ដល់​ក្រុម​ល្បាត​សហគមន៍ ក្នុង​ដែនជម្រកសត្វព្រៃ​ព្រែក​ប្រសព្វ និង​ដែនជម្រកសត្វព្រៃ​សំបូរ ក្នុង​ខេត្តក្រចេះ រួមមានៈ ឧបករណ៍ GPS ចំនួន ៧​គ្រឿង ម៉ាស៊ីនថតរូប ៧​គ្រឿង ត្រីវិស័យ ចំនួន ៧​គ្រឿង សម្ភារៈ​សង្គ្រោះបន្ទាន់ ចំនួន ៧ ឈុត ដប​ទឹក ចំនួន ៤៦​អង្រឹង​មុង ពិល​ចំនួន ៤៦ ឈុត អាវ​ភ្លៀង​ចំនួន ៤៦ ឈុត តង់​ចំនួន ៤៦ ឈុត និង​ស្បែកជើង​សម្រាប់​ដើរ​ល្បាយ ចំនួន ៤៦​គូ ផងដែរ​។​

​ឯកឧត្តម ផៃ ប៊ុន​ឈឿន រដ្ឋលេខាធិការ​ក្រសួង​បរិស្ថាន បាន​បញ្ជាក់ថា ការប្រគល់​សម្ភារៈ​ល្បាត​នាពេលនេះ គឺជា​វេទិការ​មួយ​បាន​បង្ហាញឱ្យឃើញ​ពី​ការចូលរួម និង​ការសហការ​គ្នា​រវាង​អ្នក​ពាក់ព័ន្ឋ និង​ពង្រឹង​កិច្ចសហប្រតិបត្តិការ​កា​ន់​តែ​ល្អ ពង្រឹង​ការយល់ដឹង និង​រក​ដំណោះស្រាយ​សមស្រប​ពាក់ព័ន្ឋ នឹង​ការពារ ការគ្រប់គ្រង​ធនធានធម្មជាតិ​ប្រកបដោយ​ចីរភាព ក្នុង​តំបន់​ទេសភាព​ព្រៃ​លិច​ទឹក​ជារួម​។ ពិធី​ប្រគល់​សម្ភារៈ​ល្បាត​ដល់​ក្រុម​ល្បាត​សហគមន៍ ក្នុង​ដែនជម្រកសត្វព្រៃ​ព្រែក​ប្រសព្វ និង​សំបូរ ក្នុង​ខេត្តក្រចេះ ធ្វើឡើង​នៅ​ថ្ងៃទី​២៧ ខែ​កុម្ភៈ​៕