The​ ​Olympia​ ​Mall​ ​តម្លៃ​ ​៨០លាន​ដុល្លារ​នឹង​បើក​ដំណើរការ​កំឡុង​ត្រីមាស​ទី២​ ​ឆ្នាំនេះ


​ផ្សារ​ទំនើប​លំដាប់​អន្តរជាតិ​ថ្មី​មួយទៀត​ ​THE​ ​OLYMPIA​ ​MALL​ ​ដែលុំ​មានតម្លៃ​វិនិយោគ​ ​៨០លាន​ដុល្លារ​អាមេរិក​ ​នឹង​បើក​ដំណើរការ​នៅ​កំឡុង​ត្រីមាស​ទី២ឆ្នាំនេះ​ ​បន្ទាប់ពី​ការ​រៀប​ចំ​ឌី​សាញ​ធ្វើឡើង​មិនទាន់ពេល​វេលា​។​

​លោក​រី​ឆាយ​ ​វី​នដា​ប្រធាន​ផ្នែក​ប្រតិបត្តិ​នៃ​ផ្សារ​ទំនើប​ ​THE​ ​OLYMPIA​ ​MALL​ ​នៃ​ក្រុមហ៊ុន​ ​OCIC​ ​បាន​មានប្រសាសន៍​ឲ្យដឹង​តាម​ទូរស័ព្ទ​នា​ព្រឹក​ថ្ងៃទី២៧​ ​កុម្ភៈ​នេះ​ថា​ ​តាម​គំរោង​ផ្សា​រនេះនង​បើក​ដំណើរការ​នៅ​ខែ​មិនា​ខាងមុខនេះ​ ​ប៉ុន្តែ​ដោយ​សារ​ការរៀបចំ​ ​និង​ឌី​សាញ​ផ្សារ​នេះ​មិនទាន់ពេល​ ​ធ្វើឲ្យ​គំរោង​បើក​ដំណើរការ​ផ្សារ​ទំនើប​នេះ​អាច​ឈាន​ទៅដល់​ខែឧសភា​ ​ឬ​មិថុនា​ខាងមុខនេះ​។​លោក​បន្ត​ថា​ ​ផ្សារ​ទំនើប​លំដាប់​អន្តរជាតិ​នេះ​មាន​កំពស់៦ជាន់​សំរាប់​ដំណាក់កាល​ទី១​ ​និង​ដំណាក់​កាល​ទី២ នឹង​ចាប់ផ្តើម​នៅ​ជំ​ហ៊ាន​បន្ទាប់​។​

​ផ្សារ​ទំនើប​នេះ​ជាផ្នែក​មួយ​នៃ​គំរោង​អភិវឌ្ឍន៍​ ​Olympia​ ​City​ ​ដែល​ជា​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​ ​និង​លំនៅ​ដ្ឋាន​ដ៏​ធំ​មួយ​ ​ស្ថិតនៅ​កណ្តាល​រាជធានី​ភ្នំពេញ​។​ ​ផ្សារ​ទំនើប​នេះ​ ​ស្ថិតនៅ​ទល់មុខ​វត្ត​សំពៅមាស​ ​តាម​បណ្តោយ​ផ្លូវ​មុនី​រ៉េ​ត​ ​សង្កាត់​វាលវង់​ ​ខ័ណ្ឌ៧មករា​ ​រាជធានី​ភ្នំពេញ​។​

​លោក​បន្ត​ថា​ ​“​ផ្សារ​ទំនើប​នេះ​នឹង​មានការ​រៀប​ចំ​ប្រព័​ន្ឋ​ការ​លក់​ ​តាម​ស្តង់​ដា​អន្តរជាតិ​ ​និង​លក់​ផលិត​ផ​លល្បីៗ​ ​ដោយ​មិន​លក់​ផលិតផល​ដែល​រំ​លោភ​កម្ម​សិទ្ឋ​បញ្ញា​ជាដាច់ខាត​”​។​ លោក​បន្ត​ថា​ ​“​សេវាកម្ម​ធំ​ជាច្រើន​នឹង​មាននៅ​ក្នុង​ផ្សារ​ទំនើប​នេះ​ ​ដូចជា​ ​រោងភាពយន្ត​អន្តរជាតិ​ ​សម្លៀកបំពាក់​ ​អាហារ​និង​ភេសជ្ជៈ​ ​និង​គ្លី​នីក​កែ​សម្ឆស្ស​ជាដើម​”​។​

​លោក​រី​ឆាត​បាន​បន្ត​ថា​ ​អ្វី​ដែល​ជា​ភាព​ទាក់ទាញ​នៅ​តំបន់​នេះ​ ​គឺ​យើង​មាន​ស្ពាន​អាកាស​កញ្ចក់​ ​ដែល​ជា​ស្ពាន​មាន​ជា​លើក​ដំបូង​នៅ​រាជធានី​ភ្នំពេញ​ ​និង​តំបន់​ផ្សារ​នេះ​ស្ថិតនៅ​តំបន់​ពាណិជ្ជកម្ម​កណ្តាល​រាជធានី​ភ្នំពេញ​។​

​អ្នកនាង​ ​អាន​ ​សុធី​តា​ ​នាយិកា​ប្រចាំ​ប្រទេស​នៃ​ក្រុមហ៊ុន​ ​CBRE​ ​Cambodia​ ​ធ្លាប់​បាន​មានប្រសាសន៍​ថា​ ​ការ​រីកចម្រើន​ផ្សារ​ទំនើប​នៅ​រាជធានី​ភ្នំពេញ​ ​មាន​សញ្ញា​វិជ្ជមាន​ ​ដោយសារតែ​អំណាច​ ​នៃ​ការទិញ​របស់​ប្រជាពលរដ្ឋ​កើនឡើង​ ​ពិសេស​ការ​រីកចម្រើន​នៃ​សេដ្ឋកិច្ច​សង្គម​កម្ពុជា​។​ ​អ្នកនាង​បន្ត​ថា​ ​ទោះជា​ក្រុមហ៊ុន​វិនិយោគ​ផ្សារ​ទំនើប​កើនឡើង​ ​តែ​ចំនួន​ផ្សារ​ទំនើប​នៅ​រាជធានី​ភ្នំពេញ​ ​មិនទាន់​លើស​តម្រូវការ​នៅឡើយ​ទេ​ ​ប៉ុន្តែ​បើ​ចំនួន​ផ្សារ​ទំនើប​កើនឡើង​យ៉ាង​គំហុក​ដូច​ឆ្នាំ២០១៨​ ​ចំនួន​ផ្សារ​ទំនើប​នៅ​រាជធានី​ភ្នំពេញ​អាច​ប្រឈមមុខនឹង​លើស​តម្រូវការ​។​

​អ្នកនាង​បន្ត​ថា​ ​​បច្ចុប្បន្ន​ផ្សារ​ទំនើប​កើនឡើង​ច្រើន​តែ​ពួកគេ​ផ្តោត​លើ​ទីតាំង​និង​ចំណែក​អតិថិ​ជន​ខុស​ៗ​គ្នា​ហេតុនេះ​វា​មិន​មាន​បញ្ហា​នោះ​ទេ​​៕​