ឯកឧត្តម វេង សាខុន បានអនុញ្ញាតឲ្យលោក Philippe Steinmetz ប្រធានទីភ្នាក់ងារបាំរាំងសម្រាប់អភិវឌ្ឍន៍ AFD ដឹកនាំក្រុមការងារឯកទេសនិងទីប្រឹក្សាផ្នែកស្រូវ អង្ករ ចូលជួបសម្តែងការគួរសម


នៅទីស្តីការក្រសួង នាព្រឹកថ្ងៃពុធ ៨រោច ខែមាឃ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ តម្រូវនឹងថ្ងៃទី២៧ ខែកុម្ភ: ឆ្នាំ ២០១៩ ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអនុញ្ញាតឲ្យលោក Philippe Steinmetz ប្រធានទីភ្នាក់ងារបាំរាំងសម្រាប់អភិវឌ្ឍន៍ AFD ដឹកនាំក្រុមការងារឯកទេសនិងទីប្រឹក្សាផ្នែកស្រូវ អង្ករ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារទាក់ទងនឹងយុទ្ធសាស្រ្តអភិវឌ្ឍវិស័យកសិកម្មសម្រាប់កម្ពុជា លើផលិតកម្មស្រូវនាពេលបច្ចុប្បន្ននិងអនាគត។

មានមតិស្វាគមន៍ ឯកឧត្តមរដ្ឋមន្ត្រីបានសម្តែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះរដ្ឋាភិបាលបារាំង តាមរយ:អង្គការ AFD ដែលបានបន្តគិតគូ យកចិត្តទុកទាក់ និងគាំទ្រដល់ការអភិវឌ្ឍវិស័យកសិកម្មនៅកម្ពុជា ដែលបច្ចុប្បន្នក្រសួងកំពុងអនុវត្តគោលនយោបាយអភិវឌ្ឍវិស័យនេះដោយផ្តោតជាសំខាន់ក្នុងការបំពេញខ្សែច្រវាក់តម្លៃផលិតកម្មដើម្បីបង្កើនតម្លៃបន្ថែមដល់ផលិតផលកសិកម្ម លើសពីផលិតកម្មស្រូវ ដែលកំពុងជួបបញ្ហាទីផ្សារ។

នាឱកាសនេះ លោក Vatche Papzian ដែលជាអតីតអ្នកគ្រប់គ្រងផ្នែកការងារអភិវឌ្ឍន៍វិស័យកសិកម្មនៃ AFD និងបច្ចុប្បន្នជាទីប្រឹក្សាឯកទេសសម្រាប់ GLG Consultant បានបញ្ជាក់ប្រាប់ឯកឧត្តមរដ្ឋមន្ត្រីជ្រាបថា បេសកកម្មរយៈពេល ០៨ថ្ងៃ ចាប់ពីថ្ងៃ២៦ ខែកុម្ភៈ ដល់ថ្ងៃទី០៥ ខែមីនារបស់ក្រុមប្រឹក្សារបស់លោកនៅកម្ពុជានាពេលនេះ គឺដើម្បីធ្វើការសិក្សា ស្វែងយល់ និងវាយតម្លៃអំពីវិស័យស្រូវ អង្ករកម្ពុជា ដែលផ្តោតជាសំខាន់លើខ្សែច្រវាក់ផលិតកម្ម និងហេដ្ឋារចនាសម្ព័ន្ធគាំទ្រដូចជាប្រព័ន្ធធារាសាស្ត្រ។

ពាក់ព័ន្ធនឹងប្រធានបទដែលបានលើកឡើងខាងលើ ឯកឧត្តមរដ្ឋមន្ត្រីបានគូសបញ្ជាក់ថាវិស័យស្រូវ អង្ករកម្ពុជាគឺជាវិស័យដ៏សំខាន់មួយសម្រាប់ប្រទេសកម្ពុជា ក្នុងការធានាសន្តិសុខស្បៀង ជម្រុញកំណើនសេដ្ឋកិច្ចតាមរយៈការនាំចេញ លើកកម្ពស់ផលិតកម្មក្នុងស្រុក បង្កើតការងារ បង្កើនប្រាក់ចំណូល និងកាត់បន្ថយភាពក្រីក្រតាមជនបទ ហើយឯកឧត្តមរដ្ឋមន្ត្រីក៏បានវាយតម្លៃខ្ពស់ចំពោះបេសកកម្មសិក្សា ស្វែងយល់ និងវាយតម្លៃរបស់ក្រុមការងារ ដែលលទ្ធផលនឹងទទួលបានគឺពិតជាអាចជួយអភិវឌ្ឍវិស័យនេះថែមមួយកម្រិតទៀត។ ដោយឡែក ឯកឧត្តមរដ្ឋមន្ត្រីបានណែនាំដល់ AFD និងក្រុមការងារវាយតម្លៃពិនិត្យពិចារណាលទ្ធភាពជួយផ្តល់ការគាំទ្រលើដំណាំមួយចំនួនទៀត ដូចជាដំណាំបន្លែ ឈើហូបផ្លែ ពោត និងដំឡូងមី ហើយនិងការចិញ្ចឹមសត្វ និងត្រី ដែលកំពុងមានសក្តានុពលនៅលើទីផ្សារក្នុងនិងក្រៅស្រុក ហើយបានផ្តល់ចំណូលយ៉ាងល្អជូនប្រជាកសិករ។ ដូច្នេះ អ្វីដែលគួរពិនិត្យលទ្ធភាពជួយអភិវឌ្ឍផលិតកម្មនេះឲ្យមានការរីកចម្រើនថែមទៀតនោះ ត្រូវពិនិត្យទៅលើការរៀបចំកសាងគម្រោង ដោយត្រូវដាក់បញ្ចូលគ្រប់សកម្មភាពសំខាន់ៗ នៃខ្សែច្រវាក់ផលិតកម្មកសិកម្ម ទៅក្នុងគម្រោង តាមអភិក្រម នៃការសហការគ្នា រដ្ឋ សហមគមន៍កសិកម្ម និងវិស័យឯកជន ដើម្បីធានាបានក្នុងការផ្គត់ផ្គង់ផលិតផលកសិកម្ម ទទួលបានទាំងបរិមាណ គុណភាព និងស្ថិរភាពតម្លៃ ហើយជាពិសេគឺអាចឆ្លើយតបបានទៅនឹងតម្រូវការទីផ្សារ ក្នុងស្រុក និងក្រៅស្រុក។