ឯកឧត្តម លឹម គានហោ បានបន្តប្រគល់រថយន្តដឹក-ស្ទូច ចំនួន ០៥គ្រឿងទៀត


បន្ទាប់ពីបានប្រគល់រថយន្តដឹក-ស្ទូចដល់មន្ទីរធនធានទឹក និងឧតុនិយមនៃខេត្តចំនួន ២០ រួចមក នាព្រឹកថ្ងៃព្រហស្បតិ៍ ៩រោច ខែមាឃ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០១៩ នៅទីស្តីការក្រសួង ឯកឧត្តម លឹម គានហោ រដ្ឋមន្រ្តីក្រសួងធនធានទឹក និងឧតុនិយម បានបន្តប្រគល់រថយន្តដឹក-ស្ទូច ចំនួន ០៥គ្រឿងទៀត ជាលើកចុងក្រោយ ជូនដល់មន្ទីរធនធានទឹក និងឧតុនិយមនៃខេត្តកោះកុង ខេត្តព្រះសីហនុ ខេត្តរតនគិរី ខេត្តមណ្ឌលគិរី និងរាជធានីភ្នំពេញ។

ឯកឧត្តមរដ្ឋមន្រ្តី បានមានប្រសាសន៍ក្នុងពិធីខាងលើនេះថា ការប្រគល់រថយន្តដឹក-ស្ទូចសម្រាប់មន្ទីរធនធានទឹក និងឧតុនិយមគ្រប់រាជធានី-ខេត្ត គឺដើម្បីរួមចំណែកលើកកម្ពស់ប្រសិទ្ធភាពក្នុងការបំពេញការងាររបស់មន្ទីរតាមតម្រូវការចាំបាច់ និងដើម្បីប្រើប្រាស់ក្នុងការជួយអន្តរាគមន៍លើការងារធនធានទឹក ឲ្យបានទាន់ពេលវេលា។

ឯកឧត្តមរដ្ឋមន្រ្តី បានណែនាំដល់គ្រប់មន្ទីរ ត្រូវប្រើប្រាស់ និងថែទាំរថយន្តខាងលើឲ្យបានល្អដើម្បីជាប្រយោជន៍សម្រាប់ការងាររបស់ខ្លួននាពេលបច្ចុប្បន្ន និងចំពោះមុខ។

សូមជម្រាបបញ្ជាក់ថា ក្នុងខណៈដែលប្រទេសកម្ពុជាកំពុងទទួលរងឥទ្ធិពលនៃបាតុភូតអែល នីណូ (El Nino) បង្កឲ្យធាតុអាកាសនៅកម្ពុជា មានសភាពក្តៅហួតហែង ដូចបានផ្សព្វផ្សាយតាមរយៈសារាចរណែនាំនាពេលថ្មីៗនេះរបស់រាជរដ្ឋាភិបាលកម្ពុជា ស្តីពីការចាត់វិធានការថែរក្សាទឹកទុក មន្ទីរនៃខេត្តខ្លះ បាននឹងកំពុងប្រើប្រាស់រថយន្តទាំងនេះ ដើម្បីដឹកទឹកយកទៅចែកជូនប្រជាពលរដ្ឋនៅតាមទីតាំងដែលជួបប្រទះបញ្ហាកង្វះទឹកប្រើប្រាស់ប្រចាំថ្ងៃ។