លោកជំទាវ ទាង អេង ទៀ សីហា បានដឹកនាំក្រុមការងារនិងមន្ត្រីសម្អាតអនាម័យបរិស្ថានក្នុងឧទ្យានសហសវត្សរ៍ កាកបាទក្រហមកម្ពុជាអបអរសាទរខួបលើកទី៦៤ កំណើតកាកបាទក្រហមកម្ពុជា (១៨ កុម្ភៈ ១៩៥៥ – ១៨ កុម្ភៈ ២០១៩)


ដើម្បីអបអរសាទរខួបលើកទី៦៤ នៃថ្ងៃកំណើតកាកបាទក្រហមកម្ពុជា (១៨ កុម្ភៈ ១៩៥៥-១៨ កុម្ភៈ ២០១៩) កាលពីព្រឹកថ្ងៃទី០១ ខែមីនា ឆ្នាំ២០១៩នេះលោកជំទាវ ទាង អេង ទៀ សីហា អនុប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា បានដឹកនាំគណៈកម្មាធិការ គណៈកិត្តិយសសាខា មន្ត្រីនិយោជិតសាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប អ្នកស្ម័គ្រចិត្ត ទីប្រឹក្សាយុវជនកាកបាទក្រហមកម្ពុជា មន្ត្រីខ័ណ្ឌរដ្ឋបាលព្រៃឈើ នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តសៀមរាប មន្ត្រីមន្ទីរបរិស្ថានខេត្ត គរុសិស្សនៃសាខាគរុកោសល្យ និងវិក្រឹតការខេត្ត ហសភាពសហព័ន្ធយុវជនកម្ពុជា សរុបជាង ២៧០នាក់ ធ្វើការបោសសម្អាតស្លឹកឈើងាប់ ជម្រះស្មៅធ្វើជាផ្លូវការពារភ្លើងឆេះដែលអាចរាលដាលដល់ដើមឈើ ក្នុងឧទ្យានសហស្សវត្សរ៍កាកបាទក្រហមកម្ពុជា ដោយជាយថាហេតុណាមួយផង ហើយជាសំខាន់ដើម្បីបញ្ជាក់ពីសកម្មភាពចូលរួមរបស់ប្អូនៗយុវជនកាកបាទក្រហមកម្ពុជា ដូចដែលពាក្យស្លោកបានលើកឡើងថា “យុវជនកំពុងនាំគ្នាធ្វើកម្មភាព” ផងដែរ។ ជាមួយគ្នានេះដែរ មន្ត្រីដែលមកពី ខ័ណ្ឌរដ្ឋបាលព្រៃឈើខេត្តគឺជាមន្ត្រីជំនាញ ពួកគាត់បានធ្វើការក្រីតាក់តែង កាប់មែកឈើដែលចាស់ៗ និងកាប់កូនឈើតូចៗគ្មានប្រយោជន៍ចោល ដើម្បីឱ្យដើមរបស់វាអាចលូតលាស់បានល្អ ហើយសកម្មភាពនេះបានរួមចំណែកថែរក្សាបរិស្ថានគម្របបៃតងនៃឧទ្យានអង្គរផងដែរ។

តាមការបញ្ជាក់របស់លោកនាយកប្រតិបត្តិសាខាកាកបាទក្រហមខេត្ត អំពីជីវប្រវត្តិ នៃការបង្កើតឲ្យមានឧទ្យានសហស្សវត្សរ៍ កាកបាទក្រហមកម្ពុជានេះឡើង ក្រោមគំនិតផ្តួចផ្តើមរបស់ព្រឹទ្ធាចារ្យឯកឧត្តម ម៉ី សាមឺឌី អតីតអគ្គលេខាធិការកាកបាទក្រហមកម្ពុជា និង លោកព្រឹទ្ធាចារ្យ ទួន ទេស មន្ត្រីសាខាកាកបាទក្រហមខេត្ត ដើមី្បទុកជាប្រវត្តិសាស្ត្រ និងជាកេរ្តិ៍មរតកសម្រាប់កូនចៅជំនាន់ក្រោយ ។ ចាប់ពីឆ្នាំ២០១១មក នៅរៀងរាល់ថ្ងៃ ១៨ មីនា ថ្ងៃកំណើតកាកបាទក្រហមកម្ពុជា សាខាកាកបាទក្រហមខេត្ត បានប្រារព្វធ្វើទិវាពលកម្ម សម្អាតបរិស្ថាមឧទ្យានសហស្សវត្សរ៍ កាកបាទក្រហមកម្ពុជា មកដល់ពេលនេះមានអាយុកាល ២០ឆ្នាំហើយ ។

លោកព្រឹទ្ធាចារ្យ ទួន ទេស ដោយបានគូសបញ្ជាក់ថា កាលបង្កើតឲ្យមានឧទ្យានសហស្សវត្សរ៍ កាកបាទក្រហមកម្ពុជានេះឡើង ដើមី្បជាជម្រកធម្មជាតិបៃតង ក្នុងការរួមចំណែកការពារលើកស្ទួយបរិស្ថាននៅតំបន់អង្គរ ដែល ជាសម្បត្តិបេតិកភណ្ឌរបស់មនុស្សជាតិលើពិភពលោក ។ គោលគំនិតរបស់លោកព្រឹទ្ធាចារ្យទាំងពីរ ដោយបញ្ជាក់ថា ឧទ្យាននេះ គឺជាជម្រកផ្តល់ធម្មជាតិផង និង លម្អរឧទ្យានអង្គរផង បម្រើដល់វិស័យទេសចរណ៍បៃតងផង ព្រមទាំងបន្តឲ្យយុវជនជំនាន់ក្រោយ ត្រូវបញ្ឈប់នូវការកាប់បំផ្លាញធម្មជាតិទាំងនេះ ដោយធម្មជាតិបង្កើតឡើង ដើមី្បជួយដល់មនុស្សជាតិយើងគ្រប់រូបនៅលើ ពិភពលោក ។ លោកព្រឹទ្ធាចារ្យក៏បានដំណាលឡើង អំពីដើមឈើទាំងឡាយបាននិយាយគ្នាថា មនុស្សលោកទាំងឡាយដែលបាន បំផ្លាញធម្មជាតិបាន តែបើធម្មជាតិបំផ្លាញអ្នកវិញ គឺវិនាសទាំងអស់នៅលើភពផែនដី ។

សូមបញ្ជាក់ផងដែរថា ឧទ្យានសហស្សវត្សរ៍ កាកបាទកស្រហមកម្ពុជា ដែលស្ថិតនៅតាមផ្លូវទៅប្រាសាទអង្គរវត្ត ដែលបានដាំដុះឡើងតាំងពីឆ្នាំ ១៩៩៩ មកម្ល៉េះ ក្រោមអធបតីភាពខ្ពងខ្ពង់ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះប្រធានកិត្តិយសកាកបាទក្រហមកម្ពុជា ដែលមកដល់ពេលនេះមានអាយុកាល ២០ឆ្នាំហើយ ត្រូវបានដាំលើផ្ទៃដីទំហំជិត ៥ហិកតា និងមានដើមឈើប្រមាណ ២ពាន់៤៦០ដើម ។

ក្នុងឱកាសធ្វើទិវាពលកម្ម សម្អាតបរិស្ថាមឧទ្យានសហស្សវត្សរ៍កាកបាទក្រហមកម្ពុជា លោកជំទាំវ ទាង អេង ទៀ សីហា ក៏បានគូសបញ្ជាក់ថា នេះជាស្មារតីមួយសម្រាប់យើងគ្រប់រូប ក្នុងការចូលរួមថែរក្សាបរិស្ថាន និង សម្បត្តិធម្មជាតិ ដែលបានផ្តល់នូវធម្មជាតិបរិសុទ្ធក្នុងការរស់នៅប្រចាំថ្ងៃ របស់មនុស្សលោក ។ សកម្មភាពទាំងនេះ ក៏បានបង្ហាញដល់គ្រប់មជ្ឈដ្ឋានជាតិ អន្តរជាតិ បានកាន់តែយល់ច្បាប់ពីអត្ថប្រយោជន៍នៃធនធានធម្មជាតិ និង ការការបាត់បង់ធនធានធម្មជាតិ តើត្រូវរងផលប៉ះពាល់អ្វី ដល់ភពផែនដី ។ ក្នុងនោះដែរលោកជំទាវក៏បានលើកផងដែរ អំពីការបាត់បង់ធនធានធម្មជាតិ បានធ្វើឲ្យភពផែនដីយើង មានការបម្រែបម្រួលអាកាសធាតុនាពេលបច្ចុប្បន្ននេះ ដោយតំបន់មួយចំនួនបានទទួលរងគ្រោះធម្មជាតិ ដោយទឹកជំនន់ គ្រោះភាពរីងស្ងួតជាដើម ។

លោកជំទាវក៏បានលើកពីសេចក្តីជូនដំណឹងរបស់រាជរដ្ឋាភិបាលកម្ពុជា ស្តីពីការខ្វះខាតទឹកប្រើប្រាស់នាពេលខាងមុខ នៅ តាមតំបន់មួយចំនួន នៃព្រះរាជាណាចក្រកម្ពុជាផងដែរ ។ ម៉្យាងទៀត ការធ្វើពលកម្មសម្អាតបរិស្ថានក្នុងឧទ្យានសហស្សវត្សរ៍ កាក បាទក្រហមកម្ពុជា នាថ្ងៃនេះ ក៏ជាស្មារតីចូលរួមលើកកម្ពស់បរិស្ថានធម្មជាតិ ក្នុងការចូលរួមចំណែកថែរក្សាបរិស្ថានគម្របបៃតងនៃឧទ្យានអង្គរ ដើមី្បបម្រើដល់វិស័យទេសចរណ៍ និង ការពារភិរក្សប្រាង្គប្រាសាទកុំឲ្យមានការរីករឹលទៀតផង ។

លោកជំទាវបានបន្តថា ឧទ្យានសហស្សវត្សរ៍កាកបាទកស្រហមកម្ពុជា ដែលស្ថិតលើទឹកដីដ៏បវរនៃខេត្តសៀមរាបអង្គរនេះ ជាមរតកដ៏ថ្លៃថ្លារបស់កាកបាទក្រហមកម្ពុជា ហើយមានអាយុកាល ២០ឆ្នាំហើយ ដែលបានដាំដុះឡើងតាំងពីឆ្នាំ ១៩៩៩ មកម្ល៉េះ ក្រោមអធបតីភាពខ្ពងខ្ពង់ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះប្រធានកិត្តិយសកាកបាទក្រហមកម្ពុជា មានទំហំ ៥ ហិកតា និងមានដើមឈើចំនួន ២,៤៦០ដើម ឧទ្យានសហស្សវត្សនេះ ជាគម្របធម្មជាតិ ជាផ្អែកមួនក្នុងការការពារបរិស្ថានតំបន់អង្គរ ៕