អ្នកជំនាញលើកឡើងពីសក្តានុពលអភិវឌ្ឍន៍ក្នុងខេត្តកណ្តាល


ខណៈរាជធានីភ្នំពេញមានការអភិវឌ្ឍយ៉ាងឆាប់រហ័ស ឥទ្ឋិពលនេះបានពង្រីកដល់ខេត្តកណ្តាល ដែលមានភូមិសាស្រ្តស្ថិតនៅជាប់រាជធានីភ្នំពេញ ដែលបានធ្វើឲ្យខេត្តនេះរីកចម្រើនលឿន ព្រោះកត្តាហេដ្ឋារចនាសម្ព័ន្ឋ ភូមិសាស្រ្ត និងកត្តាប្រជាសាស្រ្ត។

អគ្គនាយកក្រុមហ៊ុនKhmer Foundation Appraisalលោកឧកញ៉ានួន រិទ្ឋីបានមានប្រសាសន៍ឲ្យដឹងតាមទូរស័ព្ទនាចុងសប្តាហ៍មុនថា ខេត្តកណ្តាល ជាខេត្តមួយដែលមានសក្ដានុពលជាងបណ្តាខេត្តមួយចំនួន ដ្បិតវាមានវិសាលភាពធំទូលាយ និងនៅហ៊ុព័ទ្ធជុំវិញរាជធានីភ្នំពេញ ដែលជាមជ្ឈមណ្ឌលពាណិជ្ជកម្មដ៏សំខាន់ប្រចាំប្រទេស។ លោ​ក​​បន្តថា នៅជុំវិញរាជធានីភ្នំពេញ ត្រូវបានហ៊ុព័ទ្ធជុំវិញដោយខេត្តកណ្តាល ដែលក្នុងនោះ រួមមានតំបន់ផ្លូវជាតិលេខ១ ផ្លូវជាតិលេខ២ ផ្លូវជាតិលេខ៣ ផ្លូវជាតិលេខ៤ ផ្លូវជាតិលេខ៥ ផ្លូវជាតិលេខ៦ ផ្លូវលេខ៤៤ និងផ្លូវលេខ៥១ ដើម។

លោកឧកញ៉ាបន្តថា យើងឃើញហើយថា ខេត្តកណ្តាលគឺមានសក្តានុពលខ្លាំង ដែលក្រៅពីមានវិសាលភាពធំទូលាយហ៊ុព័ទ្ធជុំវិញរាជធានីភ្នំពេញហើយនោះ គឺថែមទាំងមានភាពអំណោយផលយ៉ាងប្រសើរ ទៅលើវិស័យពាណិជ្ជកម្មផងដែរលោកបន្តថា “នៅក្នុងខេត្តមានអ្វីៗគ្រប់យ៉ាង ដែលអាចអំណោយផលដល់វិស័យពាណិជ្ជកម្ម និងសេដ្ឋកិច្ច ដូចជា មានតំបន់សេដ្ឋកិច្ចពិសេស មានផ្លូវក្រវ៉ាត់ក្រុងទី៣ មានផែស្ងួត មានរោងចក្រ សហគ្រាសធំៗ ឃ្លាំងផ្ទុកទំនិញនានា ក៏ដូចជាគម្រោងអភិវឌ្ឍលំនៅដ្ឋានប្រណីត និងលំនៅដ្ឋានតម្លៃមធ្យមជាដើម ដែលជួយបង្កើតឱកាសការងារដល់ប្រជាជនជាច្រើនម៉ឺននាក់

លោកឧកញ៉ាបានបញ្ជាក់ទៀតថា វាកាន់តែពិសេសជាងនេះទៅទៀតនោះ គឺកាលពីពេលថ្មីៗនេះ រាជរដ្ឋាភិបាលកម្ពុជាបានប្រកាសគម្រោងសាងសង់ ព្រលានយន្តហោះមួយទៀត ដែលប្រការនេះកាន់តែធ្វើខេត្តនេះ មានសក្ដានុពលកាន់ខ្លាំងជាងមុនទ្វេដង និងជំរុញឱ្យតម្លៃដីនៅក្នុងខេត្តមួយនេះឡើងកាន់ខ្ពស់។

ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជាលោក ច្រឹក សុខនីមបានមានប្រសាសន៍ឲ្យដឹងផងដែរថា ភូមិសាស្រ្តដែលមានការរីកចម្រើនខ្លាំងនៅក្នុងខេត្ត កណ្តាលគឺមានច្រើន ដូចជា ស្រុកពញាឮ ដែលស្ថិតនៅទិសខាងកើត ខាងជើង និងខាងលិចក្រុង ដែលវិសាលភាពត្រូវបានលាតសន្ធឹងរហូតដល់តំបន់ភ្នំរាប ភ្នំប្រសិទ្ឋ តំបន់ផ្លូវ ៥១ តំបន់ផ្លូវ៤៤ ។ ដោយឡែកចំពោះតំបន់ ដែលស្ថិតទិសខាងត្បូងរាជធានីភ្នំពេញ ក៏មានសក្ដានុពលខ្លាំងផងដែរ ជាពិសេសតំបន់ដែលនៅជាប់ផ្លូវក្រវ៉ាត់ក្រុងទី៣ ដែលលាតសន្ធឹងរហូតដល់ស្រុកស្អាង និងទើបតែកាត់ចូលចំណុះក្រុងតាខ្មៅចំនួន៤សង្កាត់ ដែលកំពុងតែមានគម្រោងអភិវឌ្ឍជាច្រើន ជាពិសេសគម្រោងអភិវឌ្ឍសំណង់លំនៅដ្ឋានតែម្ដង។

លោកបានបន្តទៀតថា ជាមួយគ្នានេះ បើយើងងាកទៅមើលតំបន់ ដែលស្ថិតនៅក្នុងស្រុកអង្គស្នួល ក៏កំពុងតែមានសក្ដានុពលខ្លាំងក្នុងការអភិវឌ្ឍផងដែរ។ ទាំងអស់នេះ វាគឺជាភាពល្អប្រសើរ ដែលអាចទាកទាញនូវការចាប់អារម្មណ៍ពីសំណាក់អ្នកវិនិយោគ ក៏ដូចជាអ្នកអភិវឌ្ឍនានាផងដែរ ដែលស្ទើរតែប្រៀបបានទៅនឹងកូនក្រមុំមួយដ៏ស្រស់ស្អាតនៅក្នុងក្រសែភ្នែកអ្នកជំនួញក្នុងវិស័យអចលនទ្រព្យ»

អនុប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម និងសំណង់លោកបណ្ឌិតវ៉ាន់ វ៉ាតក៏បានទទួលស្គាល់ពីភាពរីកចម្រើន និងវឌ្ឍនភាពយ៉ាងលឿនរហ័សរបស់ខេត្តកណ្តាលផងដែរ។ លោកបានបន្តថា បច្ចុប្បន្ននេះចំពោះខេត្តកណ្តាលគឺកំពុងតែមានសកម្មភាពអភិ ឌ្ឍជាច្រើន ក្នុងនោះវិស័យអចលនទ្រព្យបានដើរឈានមុខ រាប់ទាំងគម្រោងដែលមានស្រាប់ និងកំពុងដំណើរការបញ្ចប់គម្រោង ក៏ដូចជាគម្រោងថ្មីៗជាច្រើនទៀត ដែលនឹងអនុវត្តក្នុងពេលដ៏ខ្លីខាងមុខ។