លទ្ធផល ក្រុមការងារ ចុះធ្វើជំរឿនទូទៅប្រជាជនខេត្តកំពង់ឆ្នាំងនៅសូន្យម៉ោងថ្ងៃទី៣ខែមីនាឆ្នាំ២០១៩បានចំនួន៣៨២នាក់


កំពង់ឆ្នាំងៈឯកឧត្តម ឌឹម ឌន ប្រធានមន្ទីរផែនការខេត្តកំពង់ឆ្នាំងបានអោយដឹង នៅព្រឹក ថ្ងៃទី៣ ខែមីនា ឆ្នាំ២០១៩ នេះថាៈ ក្រុមការងារជំរឿនទូទៅរបស់ខេត្តកំពង់ឆ្នាំង បានចាប់ផ្តើមធ្វើជំរឿនតាមការកំណត់នៅសូន្យម៉ោង ថ្ងៃទី៣ ខែមីនា ឆ្នាំ
២០១៩ ប្រជាជនកម្ពុជាដែលស្នាក់នៅសណ្ឋាគារផ្ទះសំណាក់ ប្រជាពលរដ្ឋឆ្លងកាត់ និង ជនអនាថាគ្មានលំនៅដ្ឋានជាលទ្ធផលធ្វើជំរឿនបានសរុបចំនួន ៣៨២ នាក់។

ឯកឧត្តម ឌឹម ឌន បានមានប្រសាសន៍អោយដឹងបន្តទៀតថាៈការធ្វើជំរឿននេះ វាមានសារសំខាន់ខ្លាំងណាស់ និងជាប្រភពតែមួយគត់ ដែលអាចផ្តល់ទិន្នន័យពេញលេញ និងច្បាស់លាស់ព្រមទាំងបានកំណត់ចរិកលក្ខណៈ ស្ថានភាពរស់នៅពិតប្រាកដ របស់ប្រជាជនកម្ពុជា នៅទូទាំងប្រទេស ជាពិសេសគឺទទួលបានទិន្នន័យប្រជាសាស្ត្រពិតប្រាកដរបស់ប្រទេស និងជួយឲ្យរដ្ឋាភិបាលអាចរៀបចំគោល​នយោបាយ​បានត្រឹមត្រូវ ព្រមទាំងការអនុវត្តកម្មវិធីផ្សេងៗ ឲ្យទទួលបានតុល្យភាព នៃការអភិវឌ្ឍ សម្រាប់ប្រជាជនកម្ពុជាទូទាំងប្រទេស ពីព្រោះទិន្នន័យជំរឿននឹងផ្តល់នូវសូចនាករ តាមដាន ត្រួតពិនិត្យ ការសម្រេចបានការអនុវត្តផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ និងគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពនៃរបៀបវារៈ ឆ្នាំ២០១៦-២០៣០ ដោយមិនទុកចោលអ្នកណាម្នាក់ឡើយ។

សូមបញ្ជាក់ថាៈ ព្រះរាជាណាចក្រកម្ពុជា បានចាប់ផ្តើមដំណើរការ ការធ្វើជំរឿនទូទៅប្រជាជនកម្ពុជា ដែលមានរយៈពេល១១ថ្ងៃ ចាប់ពីថ្ងៃទី០៣ ដល់១៣ ខែមីនា ឆ្នាំ២០១៩៕