សាលាក្រុងត្រៀមធ្វើចំណតរថយន្តសាធារណៈក្រោមដីជម្រៅ៣ជាន់លើកដំបូង


អាជ្ញាធររាជធានីភ្នំពេញប្រកាសត្រៀមធ្វើចំណតរថយន្តសាធារណៈក្រោមដីជម្រៅ៣ជាន់ ស្ថិតនៅមុខរ៉ារថភ្លើង ក្នុងរាជធានីភ្នំពេញ ដែលនឹងត្រូវសាងសង់ក្នុងពេលដ៏ខ្លីខាងមុខនេះ ដើម្បីដោះស្រាយបញ្ហាខ្វះចំណតយានយន្ត និងបង្កឱ្យមានការស្ទះចរាចរណ៍។
ឯកឧត្តម ប៉ា សុជាតិវង្ស អភិបាលរាជធានីភ្នំពេញបានលើកឡើងថា បញ្ហាស្ទះចរាចរណ៍ក្នុងទីក្រុងភ្នំពេញ កំពុងប្រឈមជារៀងរាល់ថ្ងៃ ដូច្នេះការរៀបចំឱ្យមានចំណត រថយន្តសាធារណៈត្រឹមត្រូវ ហើយជាមធ្យោបាយដ៏ប្រសើរក្នុងការរួមចំណែកកាត់បន្ថយការកកស្ទះនេះ។ ការលើកឡើងរបស់លោកនៅពេលនេះបានធ្វើឡើងក្នុងឱកាសចុះត្រួតពិនិត្យគម្រោងកែលម្អព្រះសក្យមុនីចេតិយមុខស្ថានីយ៍អយស្ម័យយានកាលពីថ្មីៗនេះ។ នេះបើតាមសារព័ត៌មានជាតិកម្ពុជាAkp។
ក្នុងឱកាសនេះ លោកប៉ា សុជាតិវង្សបញ្ជាក់ថានេះជាគម្រោងដំបូងទីមួយរបស់រាជធានីភ្នំពេញ ដោយនឹងត្រូវសាងសង់ឡើង នាពេលដ៏ខ្លីខាងមុខនេះ ហើយជាការវិនិយោគរួមគ្នា ជាមួយនឹងក្រុមហ៊ុនធនាគារកាណាឌីយ៉ា និងក្រុមហ៊ុនធនាគារវឌ្ឍនៈ។
លោកប៉ា សុជាតិវង្សបានអះអាងថា ការធ្វើចំណតរថយន្តសាធារណៈគឺជាមធ្យោបាយដោះស្រាយ​ចំពោះមុខជាបន្ទាន់ខណៈ ពេលដែលបច្ចុប្បន្ននេះ រាជធានីភ្នំពេញគ្មានចំណតនាំឱ្យមានការចតយានយន្ តគ្មានសណ្តាប់ធ្នាប់រំលោភលើ ដងផ្លូវនិង ចំណីផ្លូវដែលនាំឱ្យរំខានដល់ការធ្វើចរាចរណ៍របស់ប្រជាពលរដ្ឋ។ សូមបញ្ជាក់ថា គម្រោងសាងសងចំណតរថយន្តសាធារណៈក្រោមដីដែលមានរួមទាំងផ្សារផងដែរនោះមានជម្រៅកម្ពស់៣ជាន់ ស្ថាបនានៅក្រោមសួនច្បារសាធារណៈមុខព្រះសក្យមុនីចេតិយ ហើយនៅចន្លោះអគារខ្ពស់កាណាឌីយ៉ា និងអគារវឌ្ឍនៈ៕