ផ្ទះថ្មី​២ខ្នង​ ជាព្រះរាជអំណោយដ៏ឧត្តុង្គឧត្តម​របស់សម្តេចម៉ែ ត្រូវបានប្រគល់ជូនប្រជារាស្ត្រ​នៅ​ខេត្តកំពង់ឆ្នាំង


(កំពង់ឆ្នាំង)៖ នៅថ្ងៃចន្ទ ១៣រោច ខែមាឃ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី៤ ខែមីនា ឆ្នាំ២០១៩នេះ កាកបាទក្រហមកម្ពុជា ដែលមានសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន បានប្រគល់ផ្ទះថ្មីចំនួន​២ខ្នង​ ជាព្រះរាជអំណោយរបស់​សម្តេចព្រះមហាក្សត្រី​ នរោត្តម​ មុនិនាថ​ សីហនុ​ ព្រះវររាជមាតាជាតិខ្មែរ​ ព្រះប្រធានកិត្តិយសកាកបាទក្រហមកម្ពុជា​ ជូនប្រជារាស្ត្រចំនួន២គ្រួសារ រស់នៅស្រុកបរិបូរណ៍ ខេត្តកំពង់ឆ្នាំង។

ផ្ទះទាំង​ពីរខ្នងនេះ ប្រើពេលសាងសង់អស់រយៈពេល​៦០ថ្ងៃ​​ ដែលផ្ទះនីមួយៗចំណាយ​ថវិកា​ ៥.២៤៤,៥០ដុល្លារ​ មានទំហំ​ ៤​m x ៦m​ សង់ពីថ្ម​ ប្រក់ហ្វីប្រូ​ ក្រាលការូ​ តតាកមុខផ្ទះស័ង្កសី​ និងចាក់សាបក្រោមតាកមុខផ្ទះ​ ៣m x ៤m​ ត្រូវបានប្រគល់ជូនគ្រួសារទី១​ ម្ចាស់ផ្ទះឈ្មោះអ្នកស្រី​ ជា​ រ៉េន​ អាយុ​ ៣៥ឆ្នាំ​ ជាស្ត្រីមេម៉ាយ​ទទួលបន្ទុកចិញ្ចឹមកូន​៤នាក់​ ប្រកបរបរស៊ីឈ្នួលច្រូតស្រូវឱ្យគេ​ និងធ្វើល្អីលក់​រស់នៅភូមិកែវឡាត​ ឃុំពន្លៃ​ និងគ្រួសារទី២​ ម្ចាស់ផ្ទះឈ្មោះ​ អ្នកស្រី​ អុល​ ធីតា​ អាយុ​ ៣២ឆ្នាំ​ និងស្វាមី​ ដែលមានកូនស្រី​ ២នាក់​ រងគ្រោះដោយអំពើរំលោភសម្លាប់​ រស់នៅភូមិថ្មី​ ឃុំផ្សារ។

ក្នុងឱកាសនោះ លោកជំទាវ ម៉ែន​ នារីសោភ័គ​ អគ្គលេខា​ធិការ​រងទី​១​ ​កាកបាទក្រហមកម្ពុជា​ រួមជាមួយឯកឧត្តម​ ឈួរ​ ច័ន្ទឌឿន​ ប្រធានកិត្តិយសសាខា​កាកបាទក្រហមកម្ពុជា​ ខេត្តកំពង់ឆ្នាំង​ បានពាំនាំនូវព្រះរាជបណ្តាំ និងប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខ ក្តីនឹករលឹក​ និងអាណិតស្រឡាញ់ដ៏ជ្រាលជ្រៅ​ពីសំណាក់ សម្ដេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ព្រះប្រធានកិត្តិយស កាកបាទក្រហមកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជូនចំពោះម្ចាស់ផ្ទះថ្មីទាំង​២ខ្នង​ និងប្រជារាស្ត្រ​ទាំងអស់​ ព្រមទាំងសូមផ្តាំផ្ញើឲ្យយកចិត្តទុកដាក់គិតគូរលើក​កម្ពស់ជីវភាពគ្រួសារ​ ត្រូវខិតខំប្រកបរបចិញ្ចឹមជីវិត​ ជាពិសេស​ថែទាំសុខភាពឱ្យបានល្អ​ មានអនាម័យក្នុងការរស់នៅ​ និងផឹកទឹកឆ្អិនដាំពុះ​ជានិច្ច។

ដោយឡែក​ចំពោះអ្នកស្រី​ ជា​ រ៉េន​ មានកូន​ ៤នាក់នោះ​ ត្រូវគិតគូរបញ្ជូនកូនទៅសាលារៀន ដើម្បីអនាគតភ្លឺស្វាង​ មានសមត្ថភាពចិញ្ចឹមជីវិត និងលើកស្ទួយជីវភាពគ្រួសារ ហើយជាពិសេស​ អាជ្ញាធរមូលដ្ឋាន​ក៏ត្រូវយកចិត្តទុកដាក់​គិតគូរជួយជំរុញអាណាព្យាបាលទាំងអស់ឲ្យបញ្ជូនកូនចៅទៅសាលារៀនឱ្យបានគ្រប់ៗគ្នាដែរ។

អំណោយសម្រាប់ប្រគល់ជូនផ្ទះនីមួយៗរួមមាន​៖​ អង្ករ​ មី​ ត្រីខ​ ចាន​ ឆ្នាំង​ វែក​ ស្លាបព្រា​ ខ្ទះ​ កន្ទេល​ សាប៊ូ​ មុង​ ភួយ​ សារុង​ ក្រមា​ អាយឺត​ ចង្កៀងប្រើពន្លឺព្រះអាទិត្យ និងថវិកា​ ១លានរៀល។ ដោយឡែក​ ចាស់ៗឥតទីពឹងដែលរស់នៅជិតខាងចំនួន​ ២៦នាក់​ ក្នុងម្នាក់ៗទទួលបាន​ ៖​ អង្ករ​ មី​ ត្រីខ​ មុង​ ភួយ​ សារុង​ ក្រមា​ អាវយឺត​ ចង្កៀងប្រើពន្លឺព្រះអាទិត្យ​ និងថវិកា​មួយចំនួន​៕