ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត៖ ក្នុងនាមជាកងទ័ព ត្រូវត្រៀមលក្ខណៈជាប់ជាប្រចាំ ដើម្បីការពារបូរណភាពទឹកដី


(បាត់ដំបង)៖ លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក បានលើកឡើងថា រាជរដ្ឋាភិបាលបានខិតខំពង្រឹង លើទំនាក់ទំនង កិច្ចសហប្រតិបត្តិការល្អជាមួយភាគីមិត្ត ប៉ុន្តែនៅក្នុងនាមជាកងទ័ព យើងត្រូវត្រៀមលក្ខណៈជាប់ជាប្រចាំដែលនេះ គឺជាកត្តាសត្យានុម័តរបស់យើង ដើម្បីការពារបូរណភាពទឹកដី។ យើងសង្ឃឹមថា ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការជាមួយភាគីមិត្ត នឹងទៅបានរលូន និងបានលទ្ធផលល្អមានភាពសុខដុមរមនា ជាព្រំដែនសន្តិភាព មិត្តភាព និងសហប្រតិបត្តិការល្អ។

ការលើកឡើងរបស់មេទ័ពជើងគោកកម្ពុជារូបនេះ បានធ្វើឡើងនៅថ្ងៃទី៤ ខែមីនា ឆ្នាំ២០១៩នេះ នៅក្នុងឱកាសដែលលោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានអញ្ជើញធ្វើដំណើរទស្សនកិច្ចសិក្សា ស្តីពី ការកសាងពង្រឹងអង្គភាពរឹងមាំលើគ្រប់វិស័យ​ និង​ប្រកាស​តែងតាំង​ផ្លាស់ប្ដូរ​មុខ​ងារ​ជូនដល់នាយទាហានយោធភូមិភាគទី៥​ នៅទី​បញ្ជាការ​វរសេនាតូច៥២៣​ កងពល​តូច​ថ្មី​ជើង​លេខ៥២​ នៅខេត្ត​បាត់ដំបង។​​

ជាមួយគ្នានេះដែរ លោកឧត្តមសេនីយ៍ឯកមេទ័ពជើកគោក បានថ្លែងអំណរគុណ និងកោតសរសើរចំពោះការខិតខំប្រឹងប្រែងរបស់បញ្ជាការ​វរសេនាតូច៥២៣ ​ក្នុងការការពារបូរណភាពទឹកដី និងការកសាង និងការកសាងនៅក្នុងអង្គភាពនេះ។ កាលពីអតីតកាលការកសាងអង្គភាពនេះ ពិតជាមានការលំបាកប៉ុន្តែយើងបានពុះពារ ខិតខំប្រឹងប្រែងប្រកបដោយឆន្ទៈ ដើម្បីធ្វើឱ្យអង្គភាពនេះ រីកចម្រើនដូចសព្វថ្ងៃ។

លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានបន្តថា វិស័យការពារជាតិខ្លាំង គឺអាស្រ័យលើអង្គភាពនិមួយៗខ្លាំង និងម្ចាស់ការលើខ្លួនឯង ហើយអង្គភាពមួយខ្លាំង គឺអាស្រ័យលើការខិតខំប្រឹងប្រែង ដោះស្រាយតម្រូវការរបស់អង្គភាព និងរៀនរស់ដោយខ្លួនឯង។ ដូច្នេះការកសាងអង្គភាព ការពង្រឹងលើគ្រប់វិស័យ ការដឹកនាំបញ្ជាការពង្រឹងកងទ័ពក្នុងការត្រៀមប្រយុទ្ធ និងរបៀបរបបធ្វើការគឺ ជាគោលការណ៍សំខាន់។ ដើម្បីសម្រេចការងារទាំងអស់នេះ គឺយើងត្រូវចេះច្នៃប្រឌិត មានភាពម្ចាស់ការ ការរៀបចំប្រព័ន្ធការងារត្រឹមត្រូវច្បាស់លាស់ និងមានតម្លាភាពក្នុងការបំពេញភារកិច្ច។

ទន្ទឹមនឹងនេះដែរ លោកឧត្តមសេនីយ៍ឯក ក៏បានបញ្ជាក់ថា កងយោធពលខេមរភូមិន្ទយកចិត្តទុកដាក់ ពង្រឹងខឿនការពារជាតិ ជាពិសេសយោធភូមិភាគទី៥ បន្តតាមដានសភាពការណ៍នៅ តាមបណ្តាព្រំដែន សូមចាត់តាំងផ្សព្វផ្សាយទាំង១០ចំណុច នៃសុន្ទរកថារបស់សម្ដេចតេជោ ហ៊ុន សែន នៅថ្ងៃបង្កើតកងទ័ពជើងគោក និងអនុវត្តអភិក្រមទាំង៥ ឱ្យបានខ្ជាប់ខ្ជួនគឺឆ្លុះកញ្ចក់ មុជទឹក ដុះក្អែល ព្យាបាល និងវះកាត់ រក្សាភាពស្មោះត្រង់ដាច់ខាតចំពោះជាតិ ព្រះមហាក្សត្រ និងរាជរដ្ឋាភិបាលស្របច្បាប់ និងលើកកម្ពស់មនសិការស្នេហាជាតិ និងអនុវត្តឱ្យបានម៉ឺងម៉ាត់ នូវតួនាទីភារកិច្ចនៅក្នុងការពង្រឹងខឿនការពារជាតិ អធិបតេយ្យជាតិ និងបូរណភាពទឹកដី និងអនុវត្តបទបញ្ជាឱ្យបានជោគជ័យ ដែលរាជរដ្ឋាភិបាល ក្រសួងការពារជាតិ អគ្គបញ្ជាការដ្ឋាន បញ្ជាការដ្ឋានកងទ័ពជើងគោកប្រគល់ឱ្យ។

ផ្ដោតលើការងារអប់រំចិត្តសាស្រ្ត ច្បាប់រដ្ឋ វិន័យកងទ័ព បទដ្ឋានគតិយុត្តផ្សេងៗដែលពាក់ព័ន្ធនឹងការអនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាល។ បង្កើនការយកចិត្តទុកដាក់នៅក្នុងការហ្វឹកហ្វឺន កសាងអង្គភាព។ យកចិត្តទុកដាក់ថែទាំរក្សាការពារអាវុធគ្រាប់ជាតិផ្ទុះឱ្យបានត្រឹមត្រូវ និងស្ថិតនៅក្នុងកន្លែងសុវត្ថិភាព។ ត្រូវបន្តទំនាក់ទំនងនិងសហការល្អជាមួយបណ្ដាគ្រប់អង្គភាព និងប្រជាជន សំដៅទប់ស្កាត់កុំ ឱ្យមានបាតុភាពផ្សេងៗកើតឡើង និងត្រៀមសម្ភារសង្គ្រោះប្រជាពលរដ្ឋពេលមានហេតុការណ៍កើតឡើង។ សូមយកចិត្តទុកដាក់លើកស្ទួយ កម្រិតជីវភាព សុខភាព និងការរស់នៅរបស់កងទ័ព។ ត្រូវត្រូវពង្រឹងទំនាក់ទំនងល្អ មិត្តភាព សហប្រតិបត្តិការជិតស្និទជាមួយប្រទេសជិតខាង និងខិតខំដោះស្រាយបញ្ហាព្រំដែនដោយឈរលើគោលការណ៍ច្បាប់អន្តរជាតិ ដើម្បីកសាងតំបន់ព្រំដែនសន្តិភាព មិត្តភាព និងសហប្រតិបត្តិការល្អ។

សូមបញ្ជាក់ថា នាឱកាសនោះក៏មានការរៀបចំដោយនិងការឧបត្ថម្ភរបស់មេបញ្ជាការកងទ័ពជើងគោករួមមានទី១៖ ថវិកា ៥ម៉ឺនរៀលស្រុកមួយនិងមី ១កេស និងអង្ករ៥០ គីឡូក្រាម ជូនគ្រួសារទ័ព (ក្នុង១មួយគ្រួសារ), ទី២៖ ថវិកា១០លានរៀល ប្រគល់ជូនវរសេនាតូច៥២៣ និងជួសជុល អាគារស្នាក់ នៅរបស់នាយទាហាន និងសាងសង់អណ្ដូងទឹកស្អាតចំនួន៩, ទី៣៖ ឧបត្ថម្ភស័ង្កសីចំនួន២០០០សន្លឹក សម្រាប់ជួយ ដល់គ្រួសារយោធិនប្រចាំទិសប៉ៃលិន និងទី៤៖ សាងសង់អគារស្នាក់នៅមេបញ្ជាការរង និងជំនួយការ១ខ្នង នៃវរសេនាតូចវិស្វកម្ម ចំណុះយោធភូមិភាគទី៥៕