កំពង់ផែស្វយ័តក្រុងព្រះសីហនុមានគម្រោងអភិវឌ្ឍន៍នៅឆ្នាំ២០១៩នេះទៀត ដើម្បីឆ្លើយតបកំណើនទំនិញឆ្លងកាត់


ជាការឆ្លើយតបទៅនឹងកំណើននៃចំនួនទំនិញដែលឆ្លងកាត់កាន់តែច្រើនឡើងៗជារៀងរាល់ឆ្នាំ គណៈកម្មការសេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និងសវនកម្មនៃរដ្ឋសភា បានដឹកនាំដោយ ឯកឧត្តមបណ្ឌិតរដ្ឋ ជាម យៀប ប្រធានគណៈកម្មការ ចុះសិក្សាស្វែងយល់ពីការងារកំពង់ផែស្វយ័តខេត្តព្រះសីហនុ ដើម្បីធ្វើការអភិវឌ្ឍន៍បន្ថែម នៅត្រឹមឆ្នាំ២០១៩នេះ។

ឯកឧត្តម ផៃ រិទ្ធី អគ្គនាយករង ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកកំពង់ផែស្វយ័តក្រុងព្រះសីហនុ បានលើកឡើងថា កំពង់ផែស្វយ័តខេត្តព្រះសីហនុ ជាកំពង់ផែសមុទ្រទឹកជ្រៅតែមួយគត់ក្នុងខេត្ត បានទទួលស្គាល់ជាច្រកទ្វារពាណិជ្ជកម្មដ៏សំខាន់ក្នុងការចូលរួមជំរុញកំណើនសេដ្ឋកិច្ចជាតិ។​ កំពង់ផែស្វយ័តធ្វើអាជីវកម្មលើផ្ទៃដី១២៥ហិកតា​ ជាមួយហេដ្ឋារចនាសម្ព័ន្ធសម្បូរបែប បច្ចេកវិទ្យាខ្ពស់ ឆ្លើយតបការលើកដាក់ទំនិញគ្រប់ប្រភេទ។ ក្នុងរយៈ ពេល៥ឆ្នាំចុងក្រោយនេះ អត្រាកំណើនទំនិញកុងតេន័រឆ្លងកាត់កំពង់ផែ​ជាមធ្យមប្រចាំឆ្នាំមានកំណើនប្រមាណ១១% បើគិតពីឆ្នាំ២០១២​ ដល់ឆ្នាំ ២០១៦។

ជាមួយគ្នានេះ ឯកឧត្តមក៏បានគូសបញ្ជាក់ផងដែរថា ក្រោមកិច្ចសហប្រតិបត្តិការជាមួយរាជរដ្ឋាភិបាលជប៉ុន​ តាមរយៈទីភ្នាក់ងារអភិវឌ្ឍន៍ JICA កំពង់ផែស្វយ័ត ខេត្តព្រះសីហនុ បានពង្រីកបន្ថែមប្រវែង២៤០ម៉ែត្រ​ ដោយបានចាប់ផ្តើមសាងសង់នៅឆ្នាំ១៩៩៩ និងបញ្ចប់នៅឆ្នាំ២០០៤។ ផែនេះមានជម្រៅទឹក ១១ម៉ែត្រ មានកន្លែងចតកុងតេន័រទំហំជាង៦ហិកតា និងអាចស្តុកកុងតេន័របានចំនួន៤៥៦០។

ឯកឧត្តមបានបន្តឱ្យដឹងថា​ ដើម្បីឆ្លើយតបទៅនឹងកំណើនសេដ្ឋកិច្ចរបស់ប្រទេស និងបរិមាណទំនិញដែលកើនឡើងឥតឈប់ឈរ កំពង់ផែគម្រោងអភិវឌ្ឍន៍ចំណតផែកុងតេន័រថ្មីមួយទៀត ដែលនឹងចាប់ផ្តើមកសាងនៅឆ្នាំ២០១៩ បញ្ចប់នៅឆ្នាំ២០២៣។

ថ្នាក់ដឹកនាំកំពង់ផែលើកឡើងថា យោងកំណើនប្រចាំឆ្នាំ បរិមាណកុងតេន័រឆ្លងកាត់នឹងអាចកើនឡើងដល់១២៩០០០០ធីអ៊ីយូនៅឆ្នាំ២០២៣។​ ដូច្នេះ ដើម្បីឆ្លើយតបទៅនឹងកំណើនខាងលើនេះ រាជរដ្ឋាភិបាលជប៉ុន បានផ្តល់កម្ចីសម្បទាន​២០៩លានដុល្លារអាមេរិកដល់កំពង់ផែស្វយ័ត ដើម្បីសាងសង់ ចំណតផែកុងតេន័រថ្មីប្រវែង៣៥០ម៉ែត្របន្ថែមទៀត។

លោកបណ្ឌិតរដ្ឋ ជាម យៀប បានថ្លែងកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះសមិទ្ធិផលដែលកំពង់ផែស្វយ័តក្រុងព្រះសីហនុ។ សមិទ្ធិផល ទាំងនេះបានកើតឡើងពីការខិតខំប្រឹងប្រែងរួមគ្នា ជាពិសេសថ្នាក់ដឹកនាំកំពង់ផែ និងមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់។ ចំពោះបញ្ហាប្រឈមដែល កំពង់ផែស្វយ័តក្រុងព្រះសីហនុបានលើកឡើង​ ឯកឧត្តមបណ្ឌិតរដ្ឋបានសន្យាថា នឹងពាំនាំមកជម្រាបជូនសម្ដេចប្រធានរដ្ឋសភា ដើម្បីជួយធ្វើ អន្តរាគមន៍តាមនីតិវិធីរបស់រដ្ឋសភា ៕