សម្ដេច ទៀ បាញ់ ចុះត្រួតពិនិត្យបង្គោលព្រំដែនលេខ២៩-៣០ និងសួរសុខទុក្ខកងទ័ពឈរជើងនៅតាមបន្ទាត់ព្រំដែនខេត្តរតនគិរី-វៀតណាម


(រតនគិរី)៖ សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ នៅរសៀលទី៦ ខែមីនា ឆ្នាំ២០១៩នេះ បានដឹកនាំគណៈប្រតិភូក្រសួងការពារជាតិ ចុះត្រួតពិនិត្យ បង្គោលព្រំដែនលេខ២៩-៣០ (ច្រកទ្វារអន្តរជាតិអូរយ៉ាដាវ) និងសួរសុខទុក្ខកម្លាំងការពារព្រំដែនចំនួន២៥០នាក់ ស្ថិតនៅទីបញ្ជាការវរសេនាតូចការពារ ព្រំដែនលេខ១០២ ក្នុងភូមិប៉ក់ញ៉ៃ ឃុំប៉ក់ញ៉ៃ ស្រុកអូរយ៉ាដាវ ខេត្តរតនគិរី។

នៅក្នុងឱកាសអញ្ជើញចុះសួរសុខទុក្ខកងទ័ព ដែលឈរជើងតាមបណ្ដោយព្រំដែន សម្ដេចពិជ័យសេនា ទៀ បាញ់ បានពាំនាំនូវកាផ្ដាំផ្ញើសាកសួរសុខទុក្ខ អំពីសំណាក់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងសម្តេចកិត្តិព្រិទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលជានិច្ចជាកាលសម្ដេចទាំង២ តែងតែបានយកចិត្តទុកដាក់ចំពោះសុខទុក្ខ របស់កងកម្លាំងប្រដាប់អាវុធ ដែលឈរជើងនៅជួរមុខ។

សម្ដេចពិជ័យសេនា ទៀ បាញ់ ក៏បានថ្លែងនូវការកោតសរសើរ ចំពោះ គំរូវីរភាព របស់កងកំម្លាំងទាំងអស់ ជាពិសេសកងកំលាំងប្រដាប់អាវុធ ដែលបានខិតខំបំពេញ កាតព្វកិច្ច បំរើជាតិមាតុភូមិប្រកបដោយទំនួល ខុសត្រូវខ្ពស់ ចំពោះការការពារបូរណៈភាពទឹកដី នៅតាមបន្ទាត់ព្រំដែន។

សម្ដេចពិជ័យសេនា ក៏បានសំណូមពរដល់សមត្ថកិច្ចដែលកំពុងឈរជើង នៅតាមបន្ទាត់ព្រំដែនទាំងអស់ ត្រូវតែបន្តបង្កើនកិច្ច សហប្រតិបត្តិការល្អលើគ្រប់វិស័យ និងសាមគ្គីភាពល្អ ជាមួយអាជ្ញាធពាក់ព័ន្ធរបស់ប្រទេសជិតខាង ដើម្បីធ្វើយ៉ាងណាឲ្យព្រំដែនប្រទេសយើងទាំង២ ក្លាយជាព្រំដែនសន្តិភាព មានការផ្លាស់ប្ដូរពាណិជ្ជកម្មគ្នាទៅវិញទៅមក ជាពិសេសធ្វើយ៉ាងណាបង្កលក្ខណៈងាយស្រួល ឲ្យបងប្អូនប្រជាពលរដ្ឋរស់នៅតាមបណ្ដោយព្រំដែន ប្រកបរបរទទួលទានកាន់តែមានជីវភាពល្អប្រសើរទ្វេឡើង៕