ភ្នំពេញ ថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០១៦ –ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានសម្ដែងនូវក្ដីសង្ឃឹមថា ការចូលរួមរបស់ប្រជាពលរដ្ឋក្នុងការគាំទ្រវិស័យកីឡា នឹងធ្វើឱ្យកីឡា របស់កម្ពុជាកាន់តែខ្លាំងឡើងៗ ដើម្បីឈានឆ្ពោះទៅរកការប្រកួតប្រជែងមួយ ក្នុងឋានៈជារដ្ឋអធិបតេយ្យ និងជាប្រជាជាតិមួយដែលស្មើភាព និងស្មើសិទ្ធិជាមួយនិងប្រទេសនានា នៅក្នុងតំបន់និងក្នុងពិភពលោក។
សម្ដេចតេជោនាយករដ្ឋមន្ត្រី បានថ្លែងដូច្នេះក្នុងខណៈ ដែលសម្ដេច និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិតអញ្ជើញ ជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីបិទការប្រកួតកីឡាជាតិលើកទី១ កាលពីរាត្រីថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០១៦ នៅពហុកីឡដ្ឋានជាតិអូឡាំពិក។
សម្ដេចតេជោ បានវាយតម្លៃខ្ពស់ចំពោះកីឡាករ កីឡាការិនី ទាំងអស់ដែលបានខិតខំប្រឹងប្រែងអស់ ពីសមត្ថភាព ក្នុងការប្រកួតនាពេលកន្លងទៅនិងសង្ឃឹមថាកីឡាករ កីឡាការិនីទាំងអស់ ទោះបីអ្នកឈ្នះ ឬអ្នកចាញ់ ក៏មិនមែនជាទីបញ្ចប់នៃអាជីពជាអ្នកកីឡារបស់យើងនោះទេ សង្ឃឹមថាអ្នកឈ្នះ នឹងបន្តការហ្វឹក ហាត់ដើម្បីបង្កើនសមត្ថភាពឈានទៅរកជ័យជម្នះ បន្ថែមទៀត ក្នុងកម្រិតថ្នាក់ជាតិក្ដី ថ្នាក់តំបន់ក្ដី និងថ្នាក់ អន្តរជាតិក្ដី សម្រាប់អ្នកដែលមិនទាន់ឈ្នះ សង្ឃឹមថានឹងបន្តការខិតខំថែមទៀត ដើម្បីឈានទៅរកជ័យ ជំនះនៅពេលក្រោយៗទៀត។
សម្ដេចតេជោក៏បានថ្លែងនូវការកោតសរសើរ និងអរគុណចំពោះការចូលរួមរបស់ប្រជាជន នៅក្នុងក្របខ័ណ្ ឌទូទាំងប្រទេសដែលបានផ្ដល់នូវកម្លាំងចិត្តសម្រាប់ក្រុមកីឡារបស់យើង តាមប្រភេទនីមួយៗ។ ក្នុងនាម រាជរដ្ឋាភិបាលក៏សូមថ្លែងនូវការកោតសរសើរ ចំពោះកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ដែលបានខិតខំ ថែរក្សានូវសន្តិសុខសណ្ដាប់ធ្នាប់សាធារណៈសម្រាប់ការប្រកួតដ៏ធំមួយនេះ ហើយនេះក៏កាន់តែបញ្ជាក់ ឱ្យឃើញថា នេះហើយគឺជាមនុញ្ញផលនៃសន្តិភាពដែលទទួលបានពី នយោបាយឈ្នះ ឈ្នះ យើងកំពុង ស្ថិតក្នុងដំណាក់កាលនៃសន្តិភាព ស្ថិរភាពខាងនយោបាយ ដើម្បីឈានឆ្ពោះទៅរកទិវាបុណ្យជាតិ ថ្ងៃ៩វិច្ឆិកា និងឈានឆ្ពោះទៅរកពិធីបុណ្យអុំទូក អកអំបុក បណ្ដែតប្រទីប សំពះព្រះខែ នាថ្ងៃខាងមុខនេះ។
សម្ដេចបានបញ្ជាក់សារជាថ្មីថា យើងនូវមានបីពេលទៀតដើម្បីធ្វើការប្រកួត គឺនៅឆ្នាំ២០១៨ ឆ្នាំ២០២០ និង២០២២ ដើម្បីធ្វើការប្រកួត២ឆ្នាំម្ដង មុននឹងឈានទៅដល់ស៊ីហ្គេមឆ្នាំ២០២៣ យោងទៅលើតារាងពិន្ទុ ដែលបានប្រកួតកន្លងមកនេះ បានបង្ហាញឱ្យឃើញហើយក៏បានដាស់ស្មារតី សម្រាប់បណ្ដាស្ថាប័ន ដែលពុំ ទាន់មានកីឡាចូលរួមប្រកួត ដើម្បីរៀបចំក្រុមកីឡាចូលរួមប្រកួត មិនគ្រាន់តែក្រសួងមហាផ្ទៃ និងក្រសួង ការពារជាតិប៉ុណ្ណោះទេ សង្ឃឹមថានៅពេលក្រោយទៀត និងមានស្ថាប័ន ដទៃទៀតមានកីឡា មួយប្រភេទ ឬពីរប្រភេទ ឬច្រើនជាងនេះ ដើម្បីចូលរួមការប្រកួតក្នុងគោលបំណងចូលរួមចំណែក រួមគិត រួមធ្វើ និងរួម ទទួលខុសត្រូវពីសំណាក់ស្ថាប័នជាតិ។
សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក៏បានអំពាវនាវ សារជាថ្មីចំពោះប្រជាពលរដ្ឋ ជាពិសេសចំពោះយុវជន និងកុមារ ចូរខិតខំយកចិត្តទុកដាក់ ទៅលើបញ្ហាការ ហ្វឹកហាត់កីឡា មួយយ៉ាងតិច ដែលអាចចាត់ទុកថាជាប្រភេទកីឡាដែលមានលក្ខណៈជាការប្រកួតផង និងជាផ្នែកទាក់ទងនិងបញ្ហាសុខភាពរបស់ប្រជាពលរដ្ឋផង សូមចៀសវាងឱ្យឆ្ងាយពីគ្រឿងញៀន ហើយចាប់យកកីឡាធ្វើសកម្មភាព ដើម្បីសាមគ្គីភាព ដើម្បីសហប្រតិបត្តិការ និងការយោគយល់តាមរយៈវិស័យកីឡា។
ឯកឧត្ដម ហង់ ជួនណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជននិងកីឡាបានថ្លែងថា ការប្រកួតកីឡាជាតិលើកទី១នេះ បានប្រព្រឹត្តទៅក្នុងរយៈពេល១២ថ្ងៃ ចាប់ពីថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៦ រហូតដល់ថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០១៦ នៅរាជធានីភ្នំពេញ និងខេត្តកំពង់ចាម ដែលមានប្រតិភូកីឡាសរុបចំនួន ២៩៣៧នាក់ ក្នុងនោះកីឡាករចំនួន ១៤៩៧នាក់ កីឡាការិនី ៦០៩នាក់ គ្រូបង្វឹក និងមន្ត្រីចំនួន៥៣១នាក់ មកពី២៥រាជធានី ខេត្ត និងក្រសួងចំនួន២ ដើម្បីចូលរួមប្រកួតលើប្រភេទកីឡាចំនួន១៥ មានវិញ្ញាសាចំនួន១៨៩។ ម្យ៉ាងទៀត ព្រឹត្តិការណ៍នៃការប្រកួត កីឡាជាតិលើកទី១នេះគណៈកម្មាការរៀបចំការ ប្រកួត បានរៀបចំតាមលំនាំនៃការប្រកួតកីឡាលក្ខណៈហ្គេម ដែលជាមូលដ្ឋានយ៉ាងសំខាន់ ឈានទៅរកការសម្រេចបាននូវស្តង់ដារនៃការប្រកួតកីឡាដូចក្នុងតំបន់។
ផ្អែកតាមគោលការណ៍នៃការរៀបចំការប្រកួតជាលក្ខណៈហ្គេម ក្រសួងអប់រំយុវជន និងកីឡាបានប្រគល់ ភារកិច្ចដល់សហព័ន្ធជាតិកីឡាទាំង១៥ ដឹកនាំការប្រកួតលើប្រភេទ កីឡាចំនួន១៥ ដូចជា បាល់ទាត់ បាល់ទះ បាល់បោះ អត្តពលកម្ម ប្រដាល់ តៃខ្វាន់ដូ ប៉េតង់ ចម្បាប់ វាយកូនបាល់ វាយកូនឃ្លីលើតុ វាយសី ហែលទឹក កាយសម្ព័ន្ធ ។ល។ តាមនិយាមបច្ចេកទេសនៃការប្រកួត តាមប្រភេទនៃកីឡានីមួយៗបានយ៉ាងល្អប្រសើរ។
ក្រៅពីនេះក៏មានរៀបចំ ពិធីបំពាក់មេដាយដែលចំនួនសរុប ១២៤៥គ្រឿង ក្នុងនោះមេដាយមាសទទួលបាន លើវិញ្ញាសាចំនួន ១៧៤ ដែលមានចំនួន៣៩៣គ្រឿង មេដាយប្រាក់លើវិញ្ញាសាចំនួន១៧៤ ហើយដែល មានមេដាយចំនួន៣៩៣គ្រឿង និងមេដាយសំរឹទ្ធលើវិញ្ញាសារ២២៤ ដែលមានមេដាយចំនួន៤៥៩គ្រឿង ព្រមទាំងបានផ្ដល់ប្រាក់រង្វាន់អមដោយមេដាយជូនដល់ជ័យលាភី។
ឯកឧត្ដមរដ្ឋមន្ត្រីបានបញ្ជាក់ថា បទពិសោធន៍នៃការប្រកួតកីឡាជាតិលើកទី១នេះ ជាមូលដ្ឋានអាចឱ្យកម្ពុជា មើលឃើញពីចំណុចខ្លាំង ចំណុចខ្សោយ និងការត្រៀមលក្ខណៈរៀបចំធ្វើជាម្ចាស់ផ្ទះ នៃការប្រកួតកីឡា ស៊ីហ្គេមលើកទី៣២ នៅក្នុងឆ្នាំ២០២៣ខាងមុខ៕
សម្ដេចតេជោ៖ កីឡាកម្ពុជានឹងឈានឆ្ពោះទៅរកការប្រកួតប្រជែងក្នុងឋានៈ ជារដ្ឋអធិបតេយ្យ
