នាយឧត្តមសេនីយ៍ ទូច ណារ៉ុថ ប្រជុំផែនការការពារសុវត្ថិភាពជូន ប្រធានាធិបតីនៃសាធារណរដ្ឋកូរ៉េ ក្នុងឱកាសអញ្ជើញបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា


នាយឧត្តមសេនីយ៍ ទូច ណារ៉ុថ អគ្គស្នងការរងនគបាលជាតិ និងជាប្រធាននាយកដ្ឋានអង្គរក្ស តំណាងនាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ នៅថ្ងៃទី១២ ខែមីនា ឆ្នាំ២០១៩នេះ បានអញ្ជើញដឹកនាំកិច្ចប្រជុំផែនការការពារសុវត្ថិភាព សន្តិសសុខ សណ្តាប់ធ្នាប់ ជូនគណៈប្រតិភូជាន់ខ្ពស់សាធារណរដ្ឋកូរ៉េ ដឹកនាំដោយ លោក MOON JAE-IN ប្រធានាធិបតី នៃសាធារណរដ្ឋកូរ៉េ និងលោកស្រី ក្នុងឱកាសអញ្ជើញបំពេញទស្សនកិច្ចផ្លូវការ នៅព្រះរាជាណាចក្រកម្ពុជា រយៈពេល៣ថ្ងៃ ចាប់ថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែមីនា ឆ្នាំ២០១៩។

កិច្ចប្រជុំដ៏មានសារសំខាន់នេះ ក៏មានការអញ្ជើញចូលរួមពី អគ្គស្នងការរងនគរបាលជាតិ និងសមត្ថកិច្ចពាក់ព័ន្ធជាច្រើនរូបទៀតផងដែរ។

នាយឧត្តមសេនីយ៍ ទូច ណារ៉ុថ ក្នុងនាមនាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន បានសង្កត់ធ្ងន់ណែនាំឲ្យកងកម្លាំងទាំងអស់ យកចិត្តទុកដាក់ឲ្យបានម៉ឺងម៉ាត់បំផុតក្នុងការការពារសុវត្ថិភាព សន្តិសុខ សណ្តាប់ធ្នាប់ ជូនលោក MOON JAE-IN និងលោកស្រី ព្រមទាំងប្រតិភូអមដណើរផងដែរ។

អគ្គស្នងការរងនគរបាលជាតិ ក៏បានដាស់តឿនក្នុងការសម្រួលចរាចរណ៍តាមដងផ្លូវដែលប្រតិភូឆ្លងកាត់, យកចិត្តទុកដាក់គ្រប់គ្រងកាមេរ៉ាដ្រូន, យកចិត្តទុកដាក់ខ្ពស់តាមគោលដៅសំខាន់ៗ និងតាមចំនុចខ្ពស់, ដាក់ពង្រាយកម្លាំងអន្តរាគមន៍ទាំងអស់នៅទីតាំងជាក់ស្តែង ដើម្បីងាយស្រួលឆ្លើយតបទាន់សភាពការណ៍ដែលកើតឡើងភ្លាម និងដើម្បីឲ្យមានប្រសិទ្ធភាព។

នាយឧត្តមសេនីយ៍ ទូច ណារ៉ុថ បានជំរុញដល់កម្លាំងទទួលផែនទាំងអស់ ត្រូវបែងចែកការទទួលសុខត្រូវឲ្យបានច្បាស់លាស់ ជាពិសេសប្រមូលផ្តុំព័ត៌មានពាក់ព័ន្ធសន្តិសុខ សណ្តាប់ធ្នាប់ ដើម្បីចាត់វិធានការបង្ការ បង្រ្កាបបទល្មើសគ្រប់ប្រភេទ បានទាន់ពេលវេលា៕