លោកជំទាវ មាន សំអាន អញ្ជើញជួបសវនាការពិភាក្សាការងារជាមួយនឹងក្រុមប្រឹក្សាខេត្ត និងគណៈអភិបាលខេត្តកោះកុង


នារសៀលថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៩ គណៈប្រតិភូគណៈកម្មការសុខាភិបាល សង្គមកិច្ច អតីតយុទ្ធជន យុវនីតិសម្បទា ការងារបណ្តុះបណ្តាលវិជ្ជាជីវៈ និងកិច្ចការនារីនៃព្រឹទ្ធសភា (គណៈកម្មការទី៨) ដឹកនាំដោយលោកជំទាវ មាន សំអាន ប្រធានគណៈកម្មការ បានអញ្ជើញជួបសវនាការពិភាក្សាការងារជាមួយនឹងក្រុមប្រឹក្សាខេត្ត និងគណៈអភិបាលខេត្តកោះកុង​ ដែលដឹកនាំដោយលោកជំទាវ មិថុនា ភូថង អភិបាលនៃគណៈអភិបាលខេត្ត ដោយមានការចូលរួមពីមន្ទីរពាក់ព័ន្ធជុំវិញខេត្ត នៅសាលប្រជុំសាលាខេត្តកោះកុង។

នៅក្នុងឱកាសនោះ លោកជំទាវ មិថុនា ភូថង អភិបាលនៃគណៈអភិបាលខេត្តកោះកុង បានមានប្រសាសន៍ស្វាគមន៍យ៉ាងកក់ក្តៅ និងធ្វើសេចក្តីរាយការណ៍ជូនគណៈប្រតិភូគណៈកម្មការទី៨ព្រឹទ្ធសភា​ អំពីស្ថានភាពទូទៅ បញ្ហាប្រឈមរបស់ខេត្ត។

លោកជំទាវអភិបាលខេត្ត បានបញ្ជាក់ថា​ ខេត្តកោះកុង​ មានមន្ទីរពេទ្យខេត្តចំនួន០១កន្លែង ពេទ្យបង្អែកស្រុកស្រែអំបិល ០១ មណ្ឌលសុខភាពសរុ​ប១៣កន្លែង ព្រមទាំង​ប៉ុស្តិ៍សុខភាពមានចំនួន០៩កន្លែង ដោយមានបុគ្គលិកសុខាភិបាលមាន២៨០នាក់ ក្នុងនោះស្ត្រីមានចំនួន ១៣៣នាក់​ និងបានចែកប័ណ្ណ (ប.ស.ស)​ ជូនដល់អតីតមន្ត្រីរាជការស៊ីវិល និងអតីតយុទ្ធជនសរុបបានចំនួន៧០១ប័ណ្ណ និងបានផ្តល់ជូនកម្មករនិយោជិកបានចំនួន១២៣២២នាក់ ដែលទទួលបានប័ណ្ណបេឡាជាតិរបបសន្តិសុខសង្គម​(ប.ស.ស)។

បន្ទាប់ពីបានស្តាប់សេចក្តីរាយការណ៍របស់អាជ្ញាធរខេត្តកោះកុងរួចមក លោកជំទាវ មាន សំអាន ប្រធានគណៈកម្មការទី៨ព្រឹទ្ធសភា បានពាំនាំនូវការផ្តាំផ្ញើការសួរសុខទុក្ខពីសំណាក់ថ្នាក់ដឹកនាំ សមាជិក សមាជិកាព្រឹទ្ធសភា ជូនចំពោះ​ថ្នាក់ដឹកនាំ មន្ត្រីរាជការ កងម្លាំងប្រដាប់អាវុធគ្រប់លំដាប់ថ្នាក់ និងប្រជាពលរដ្ឋទូទាំងខេត្ត។

លោកជំទាវប្រធានគណៈកម្មការទី៨ព្រឹទ្ធសភា បានជម្រាបអំពីគោលបំណងនៃដំណើរបេសកកម្មរបស់គណៈប្រតិភូនាពេលនេះ គឺដើម្បីឈ្វេងយល់ពាក់ព័ន្ធវិស័យជាសមត្ថកិច្ចរបស់គណៈកម្មការ ដោយផ្តោតលើបញ្ហាសុខភាពសាធារណៈ និងគោលនយោបាយនៃការអនុវត្តរបបសន្តិសុខសង្គម (ប.ស.ស) និងចង់ដឹងអំពីវឌ្ឍនភាព​ ព្រមទាំងបញ្ហាប្រឈមនានារបស់ខេត្តកោះកុងផងដែរ។

ជាមួយគ្នានេះដែរ លោកជំទាវប្រធាន ក៏បានជម្រាបជូនអំពី តួនាទីភារកិច្ច និងសមត្ថកិច្ចរបស់គណៈកម្មការទី៨ព្រឹទ្ធសភាមានចំនួន០៣ ដែលរួមមាន÷ ទី១-មុខងារនីតិកម្ម ទី២-មុខងារត្រួតពិនិត្យ និងទី៣-​មុខងារ​ផ្តល់ព័ត៌មាន​​។

លោកជំទាវក៏បានថ្លែងនូវការ​កោតសសើរ និងវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំខេត្ត​ ដែលធ្វើឱ្យខេត្តកោះកុងនាពេលបច្ចុប្បន្ននេះ​ មានការអភិវឌ្ឍន៍រីកចម្រើនយ៉ាងឆាប់​រហ័សទៅលើគ្រប់វិស័យគួរជាទីកត់សម្គាល់។ ជា មួយគ្នានេះដែរ លោកជំទាវ ក៏បានណែនាំឱ្យខេត្តចូលរួមខិតខំបន្តទៀត ក្នុងការអភិវឌ្ឍន៍ខេត្តឱ្យមានការ រីក​ចម្រើនបន្ថែមទៀត​ ព្រមទាំងចូលរួមផ្តល់នូវសេវាសាធារណដល់​ប្រជាពលរដ្ឋឱ្យបានល្អប្រសើរបន្ថែមទៀត៕