សម្ដេចតេជោស្វាគមន៍គម្រោងវិនិយោគរោងចក្រដំឡើងរថយន្តរបស់ម៉ាឡរស៊ី នៅកម្ពុជា


ភ្នំពេញ ថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០១៦ –សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានសម្ដែងនូវការស្វាគមន៍ចំពោះគម្រោងវិនិយោគ រោងចក្រតម្លើងរថយន្ត របស់ក្រុមហ៊ុន Tan Choug Group របស់ប្រទេសម៉ាឡេស៊ីនៅកម្ពុជា។
ឯកឧត្ដម អ៊ាង សុផល្លែត ជំនួយការសម្ដេចតេជោបានថ្លែងប្រាប់អ្នកយកព័ត៌មានដូច្នេះ បន្ទាប់សម្ដេចតេជោ នាយករដ្ឋមន្ត្រី បានអនុញ្ញាតឱ្យលោក Dato Tan Heug Chew ប្រធានក្រុមហ៊ុន Tan Choug Group ចូលជួប សម្ដែងការគួរសម នារសៀលថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០១៦ នៅវិមានសន្តិភាព។
លោក Dato Tan បានជម្រាបជូនសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាថា ក្រុមហ៊ុនរបស់លោកមានបំណងមកវិនិយោគ នៅក្នុងព្រះរាជាណាចក្រកម្ពុជា ហើយក្រុមហ៊ុន របស់លោកមានប្រវត្តិក្នុងការដំឡើងរថយន្ត រយៈពេល៦០ឆ្នាំមកហើយ ហើយក៏មានបទពិសោធន៍ក្នុងការ ផលិតបំណែករបស់រថយន្តរយៈ ពេល៤៥ឆ្នាំមកហើយ។សព្វថ្ងៃនេះមានរោងចក្រនៅក្នុងប្រទេសវៀតណាម ប្រទេសម៉ាឡេស៊ី និងប្រទេសមីយ៉ាន់ម៉ា ហើយក៏ចង់ឱ្យមានរោងចក្រនៅក្នុងប្រទេសកម្ពុជាផងដែរ ដើម្បីធ្វើ យ៉ាងណាបម្រើឱ្យទីផ្សារអាស៊ានទាំងមូលប្រកបដោយសុខដុមបនីយកម្ម។ លោកក៏បានស្នើ សុំការគាំទ្រពី សម្ដេចតេជោនាយករដ្ឋមន្ត្រីដើម្បីធ្វើយ៉ាងណាឱ្យមានការបង្កើតរោងចក្រដំឡើង រថយន្តផង និងផលិត បំណែក របស់រថយន្តផងនៅក្នុងព្រះរាជាណាចក្រកម្ពុជា។ ជាការឆ្លើយតបសម្ដេចតេជោនាយករដ្ឋមន្ត្រី ហ៊ុនសែន បានស្វាគមន៍ចំពោះបំណងនៃការវិនិយោគ ក្នុងការដាក់រោងចក្រដំឡើងរថយន្ត និងរោងចក្រផលិត គ្រឿងបំណែករថយន្តនៅក្នុងព្រះរាជាណាចក្រកម្ពុជា។សម្ដេចបានមានប្រសាសន៍ថា ប្រសិនណាបើរោងចក្រនេះអាចផលិត ឬក៏អាចបង្កើតបាននៅក្នុងព្រះរាជាណាចក្រកម្ពុជាមែននោះ គឺជាជោគជ័យមួយទៀតនៅក្នុង គោលនយោបាយឧស្សាហកម្មកម្ពុជា ២០១៥-២០២៥។ សម្ដេចតេជោបន្តថា ការដំឡើងរថយន្តម៉ាកនីសាន់ នៅកម្ពុជានេះមិនគួរណាពិនិត្យត្រឹមតែការបម្រើឱ្យទីផ្សារនៅក្នុងព្រះរាជាណាចក្រកម្ពុជាទេ គួរណាពិនិត្យ មើលទីផ្សារក្នុងសហគមន៍អាស៊ានទាំងមូល តែម្ដងព្រោះថាយើងសព្វថ្ងៃនេះបានរួមគ្នាជាសហគមន៍ហើយ ហើយដែលមានទីផ្សាររហូត ដល់៧០០លាននាក់ ដូច្នេះមានន័យថា គប្បីណាពិចារណាថា កាលណាដាក់ រោងចក្រនៅ ក្នុងព្រះរាជាណាចក្រកម្ពុជា គឺបម្រើឱ្យទីផ្សារកម្ពុជាផង ទីផ្សារអាស៊ានផង ក៏ដូចជាទីផ្សារ ដទៃទៀតនៅលើពិភពលោក។ សម្ដេចតេជោបានលើកទឹកចិត្តឱ្យមានការរៀបចំដំណើរការ រោងចក្រនេះ ឡើងនៅកម្ពុជា៕

14992041_1145351188846710_1094054904354369904_n

14947659_1145351708846658_2041439971066478459_n