ពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០១៨ និង លើកទិសដៅអនុវត្តបន្តឆ្នាំ២០១៩ របស់រដ្ឋបាលខេត្តសៀមរាប


អង្គសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០១៨ និងលើកទិសដៅអនុវត្តបន្តឆ្នាំ២០១៩ របស់រដ្ឋបាលខេត្តសៀមរាប ដែលបានដំណើរការអស់រយៈពេល១ថ្ងៃកន្លះមក ត្រូវបានធ្វើពិធីបិទក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋ មន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និង ជាប្រធានក្រុមការងារថ្នាក់ជាតិ ចុះជួយខេត្តសៀមរាប កាលពីរសៀលថ្ងៃទី១៩ ខែមីនា ឆ្នាំ២០១៩ នៅសាល​សន្និសិទ្ធ​សុខាខេត្តសៀមរាប ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវជាថ្នាក់ដឹកនាំ ព្រឹទ្ធសភា រដ្ឋសភា ក្រសួង មហាផ្ទៃ និង សមាជិកក្រុមការងារថ្នាក់ជាតិ និង អស់លោកលោកស្រីជាសមាជិកអង្គសនិ្នបាត ប្រមាណជាង៥០០នាក់ចូលរួម ។

ក្នុងកិច្ចស្វាគមន៍ និង បូកសរុបលទ្ធផលនៃអង្គសន្និបាតនោះ ឯកឧត្តម ទៀ សីហា បានឲ្យដឹងថា អង្គសន្និបាតរយះពេល១ថ្ងៃកន្លះនេះ ដើមី្បឆ្លើយតបទៅនឹងតម្រូវការក្នុងក្របខ័ណ្ឌយុទ្ធសាស្ត្រ ស្តីពីកំណែទម្រង់វិមជ្ឈការ និង វិសហមជ្ឈការ នៃរដ្ឋបាលថ្នាក់ក្រោមជាតិ ត្រូវតែមានរចនាសម្ព័ន្ធ នីតិវិធីប្រតិបត្តិការច្បាស់លាស់ ដើមី្បឲ្យរដ្ឋបាលថ្នាក់ក្រោមជាតិ ក្លាយជាស្ថាប័នអភិបាលកិច្ចមូលដ្ឋានរឹងមាំ សំដៅ​ ចូលរួមកាត់បន្ថយភាពក្រីក្រ និង សំដៅជម្រុញ ធ្វើឲ្យមានចីរភាពដល់ការអភិវឌ្ឍន៍តាមបែបប្រជាធិបតេយ្យ ក្នុងបរិបទនៃការកំណែទម្រង់រដ្ឋបាលសាធារណៈ តាមបែបវិមជ្ឈការ និង សហវិមជ្ឈការ ។ ម៉្យាងទៀតអង្គសន្និបាត ក៏បានរកឃើញនូវធាតុចូលជាគន្លឹះ សំខាន់ៗនូវបទពិសោធន៍ បញ្ហាប្រឈម និង ការដោះស្រាយ ឬ អនុសាសន៍សម្រាប់ប្រើប្រាស់ជាមូលដ្ឋាន ក្នុងការកែលម្អ ទាំងគោលការណ៍និងការអនុវត្តជាដើម ។ ក្នុងនោះដែរឯកឧត្តមអភិបាលខេត្ត បានធ្វើការប្តេជ្ញាចិត្ត គឺទប់ស្កាត់ឲ្យខាងតែបានរាល់បដិវត្តន៍ពណ៌ និង រក្សានូវសន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាពសង្គម សំខាន់សន្តិសុខទេសចរណ៍ ក្នុងការធានាឲ្យបាននូវកិច្ចអភិវឌ្ឍន៍ខេត្តប្រកបដោយសមធម៌ ។

មានប្រសាន៍ក្នុងពិធីបិទសន្និបាតនោះ សម្តេចពិជ័យសេនា ទៀ បាញ់ ក៏បានសម្តែងនូវការកោតសរសើរ និង ធ្វើការវាយតម្លៃខ្ពស់ ចំពោះលទ្ធផលនៃការចូលរួមខិតខំប្រឹងប្រែង និង កិច្ចសហការគ្នាបានល្អ ក្នុងជួរថ្នាកដឹកនាំ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធគ្រប់លំដាប់ថ្នាក់ រួមទាំងអង្គភាព ស្ថាប័នពាក់ព័ន្ធនានាក្នុងខេត្តប្រវត្តិសាស្ត្រសៀមរាប ក្នុងការ បំពេញតួនាទីភារកិច្ចរបស់ខ្លួន ដោយផ្អែកតាមផែនការ សកម្មភាពការងារប្រចាំឆ្នាំ២០១៨ ស្របតាមគោលការណ៍​ច្បាប់ និង គោលការណ៍ណែនាំនានារបស់រាជរដ្ឋាភិបាលកម្ពុជា ក្រសួង ស្ថាប័ន និង ការសម្រេចបានរបស់ក្រុមប្រឹក្សាខេត្តរបស់ខ្លួន ។ ក្នុងនោះដែរសម្តេចពិជ័យសេនា ក៏បានឲ្យដឹងផងដែរថា នេះជាលើកដំបូងហើយ ដែលក្រុមការងារថ្នាក់ជាតិ ចុះជួយខេត្ត បានអញ្ជើញចូលរួមក្នុងពិធីបិទអង្គសន្និបាតបូកសរុបលទ្ធផលការងារ រដ្ឋបាល ខេត្តសៀមរាប ។ ដោយផ្អែកលើមូលដ្ឋានលទ្ធផលដែលរាជរដ្ឋាភិបាល ក៏ដូចរដ្ឋបាលខេត្ត សៀមរាប សម្រេចបានក្នុងឆ្នាំ២០១៨កន្លងមក ហើយក្នុងឆ្នាំ២០១៩នេះ យើងក៏ត្រូវបន្តរួមគ្នាសម្រេចឲ្យបាននូវទិសដៅជាយុទ្ធសាស្ត្រសំខាន់ៗរបស់រាជរដ្ឋាភិបាលបន្តទៀត ។ សម្តេចពិជ័យសេនា ទៀ បាញ់ ក៏បានធ្វើការក្រើនរំលឹក ដល់មន្ត្រីថ្នាក់ដឹកនាំ កងកម្លាំងប្រដាប់អាវុធគ្រប់ជាន់ថ្នាក់ ត្រូវរួមសាមគ្គីគ្នាក្នុងការខិតខំថែរក្សាសន្តិភាព សេ្ថរភាពនយោបាយ សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ សំដៅបង្កលក្ខណៈសម្បត្តិអនុគ្រោះ ដល់ការរីកចម្រើននៃលទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស និង ការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម លើគ្រប់វិស័យ ។

ដើមី្បឆ្លើយតបនឹងគោលនយោបាយ កំណែទម្រង់រដ្ឋបាលស៊ីជម្រៅ និង កម្មវិធីជាតិសម្រាប់ការអភិវឌ្ឍន៍ តាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ សម្តេចពិជ័យសេនា ក៏បានលើកនូវគោលការណ៍ចំនួន៨ចំណុច ជាយុទ្ធសាស្ត្រ ក្នុងការអនុវត្តនៅឆ្នាំ២០១៩និង ២០២០ និង ត្រូវធ្វើការអនុវត្តបន្ត នូវរាល់បញ្ហា សេសសល់ពីឆ្នាំចាស់ និង បន្តដោះស្រាយរាលបញ្ហាប្រឈមទាំងឡាយ នៅក្នុងដែនសមត្ថកិច្ចរបស់ខ្លួន ។ សម្តេចពិជ័យសេនា ក៏បានធ្វើការផ្តាំផ្ញើដល់អង្គសន្និបាតទាំងមូល ត្រូវយកចិត្តទុកដាក់លើកកម្ពស់លើកការងារសន្តិសុខទេសចរណ៍ ដោយខេត្តសៀមរាប ជាខេត្តគោលដៅ របស់ភ្ញៀវទេសចណ៍លើពិភពលោក ចូលមកទស្សនាកម្សាន្ត និង បង្កើនការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋ និង ការទប់ស្កាត់ និង បង្ក្រាបឲ្យបានទាន់ពេលវេលានូវបទល្មើសនានា សំខាន់បញ្ហាចរាចរគ្រឿងញៀន បង្កើនការផ្សព្វផ្សាយច្បាប់ចរាចរណ៍ផ្លូវគោក ក្នុងការកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ ព្រមទាំងខិតខំបន្តដោះស្រាយជម្លោះវិវាទដីធ្លី ដែលនៅសេសសល់ឆ្នាំចាស់ឲ្យមានតម្លាភាព គណនេយ្យភាព និង ត្រូវបញ្ចៀសឲ្យបាននូវអំពើហិង្សាតាមគ្រប់រូបភាព ព្រមទាំងត្រូវយកនូវលទ្ធផលដែលទទួលបានពីអង្គសន្និបាត ដើមី្បជាយន្តការដ៏សំខាន់ ក្នុងការយកទៅអនុវត្តនៅតាមមន្ទីរ ស្ថាប័ន អង្គភាព ក្រុង ស្រុក ឃុំ សង្កាត់ឲ្យទទួលបានជោគជ័យផងដែរ ។ ម៉្យាងទៀត ក៏ត្រូវយកចិត្តទុកដាក់ ពីភាពខ្វះខាតទឹកប្រើប្រាស់របស់ប្រជាពលរដ្ឋ គឺ គ្រប់អាជ្ញាធរក្រុង ស្រុក ឃុំសង្កាត់ ត្រូវធ្វើការសិក្សា ស្វែងរកនូវប្រភពទឹក​ ដើមី្បធានាការផ្គត់ផ្គង់ជូនប្រជាជនបានប្រើប្រាស់ ព្រមទាំងសូមឲ្យគ្រប់សមត្ថកិច្ចមូលដ្ឋាន យកចិត្តទុកដាក់លើការ ងារសន្តិសុខ ក្នុងពេលបោះឆ្នោតអសកល ជ្រើសរើសក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក នាថ្ងៃទី ២៦ ឧសភាខាងមុខនេះផងដែរ ។

ក្នុងនោះដែរសម្តេចពិជ័យសេនា ក៏បានធ្វើការប្រគល់ប័ណ្ណសរសើរ ដល់ប៉ុស្តិនគរបាលរដ្ឋបាលមានចំណាត់ថ្នាក់លេខ១ និង ថវិកា ព្រមទាំងបានធ្វើការបំពាក់នូវគ្រឿងឥស្សរិយយស ជូនដល់មន្ត្រីរាជការ ដែលមានស្នាដៃបំពេញការងារប្រចាំឆ្នាំ២០១៨ ទៅតាមលំដាប់ថ្នាក់ជាបន្តបន្ទាប់ផងដែរ ៕