ព្រឹកថ្ងៃនេះសម្តេចតេជោ ហ៊ុន សែន អញ្ជើញប្រគល់សញ្ញាបត្រដល់និស្សិតសាកលវិទ្យាល័យអាស៊ីអឺរ៉ុប១,៥៧៨នាក់


(ភ្នំពេញ)៖ នៅថ្ងៃព្រហស្បតិ៍ ១រោច ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី២១ ខែមីនា ឆ្នាំ២០១៩នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា អញ្ជើញប្រគល់សញ្ញាបត្រជូននិស្សិតសាកលវិទ្យាល័យអាស៊ីអឺរ៉ុបចំនួន១,៥៧៨នាក់ ក្នុងនោះនារីមានចំនួន ៦៤០នាក់។ ពិធីនេះនឹងធ្វើឡើងនៅវិទ្យាស្ថានជាតិអប់រំ ក្បែរវិមានឯករាជ្យ។

លោកបណ្ឌិត ឌួង លាង ប្រធានក្រុមប្រឹក្សាភិបាលសាកលវិទ្យាល័យអាស៊ី អឺរ៉ុប បានឲ្យដឹងថា និស្សិតដែលទទួលសញ្ញាបត្រនៅថ្ងៃនេះរួមមាន និស្សិតថ្នាក់បរិញ្ញាបត្ររង បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត ដែលបានបញ្ចប់ការសិក្សាក្នុងឆ្នាំសិក្សា២០១៦-២០១៧ និងឆ្នាំសិក្សា២០១៧-២០១៨។

បើតាមលោកបណ្ឌិត ឌួង លាង និស្សិតទទួលសញ្ញាបត្រនៅថ្ងៃនេះ ក៏មាននិស្សិតអាហារូបករណ៍របស់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចំនួន ៣៥នាក់ផងដែរ ក្នុងនោះមាននារី ១៤នាក់ មានជនពិការ៤នាក់ និងមាននិស្សិតបរទេសចំនួន៤នាក់ផងដែរ។ និស្សិតបរទេសនេះ មានឡាវ ២នាក់ និងកូរ៉េ២នាក់។

លោកបណ្ឌិត ឌួង លាង បានឲ្យដឹងផងដែរថា និស្សិតដែលទទួលសញ្ញាបត្រនេះ ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត មានការងារធ្វើ ១០០ភាគរយ ហើយថ្នាក់បរិញ្ញាបត្ររង និងបរិញ្ញាបត្រមានការងារធ្វើ ៧៨ភាគរយ។

ប្រធានក្រុមប្រឹក្សាភិបាលសាកលវិទ្យាល័យអាស៊ី អឺរ៉ុប បានឲ្យដឹងថា ពិធីចែកសញ្ញាបត្រនៅថ្ងៃនេះ គឺជាការចែកលើកទី១២ហើយ សម្រាប់សាកលវិទ្យាល័យអាស៊ី អឺរ៉ុប។

លោកបណ្ឌិត ឌួង លាង បានអះអាងថា បច្ចុប្បន្នសាកលវិទ្យាល័យអាស៊ី អឺរ៉ុប មានសិស្សថ្នាក់វិជ្ជាជីវៈ និងនិស្សិតកំពុងសិក្សាគ្រប់កម្រិតសរុបចំនួន ១១,៩៩២នាក់ នារី ៥,៤៦៨នាក់។ មាននិស្សិតបរទេសចំនួន ២២នាក់ ក្នុងនោះជនជាតិអាមេរិក ១នាក់, កូរ៉េ ៥នាក់, ឡាវ ១១នាក់, ចិន ២នាក់, ចិនតៃវ៉ាន់ ២នាក់ និងនីហ្សេរីយ៉ា ១នាក់។

បើតគិតចាប់ពីឆ្នាំសិក្សា២០០៥-២០០៦ ដល់ឆ្នាំសិក្សា២០១៧-២០១៨កន្លងមក សិស្សថ្នាក់វិជ្ជាជីវៈ និងនិស្សិត ដែលបានបញ្ចប់ការសិក្សាពីសាកលវិទ្យាល័យអាស៊ី អឺរ៉ុបសរុបចំនួន ៤៣,៣១៣នាក់ នារី ២១,៧៣៦នាក់។

លោកបណ្ឌិត ឌួង លាង បានគូសបញ្ជាក់ថា ដើម្បីចូលរួមតាមស្មារតី ឆន្ទៈ ការប្តេជ្ញាចិត្ត និងបុព្វហេតុនៃការកសាង និងអភិវឌ្ឍន៍ធនធានមនុស្សរបស់សម្តេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលនោះ សាកលវិទ្យាល័យអាស៊ី អឺរ៉ុប បានចូលរួមចំណែកយ៉ាងសកម្មជាមួយរាជរដ្ឋាភិបាលក្នុងលើកកម្ពស់ប្រសិទ្ធភាព នៃការបណ្តុះបណ្តាលធនធានបញ្ញាជន។

សាកលវិទ្យាល័យអាស៊ី អឺរ៉ុប ក៏បានធ្វើកិច្ចសហប្រតិបត្តិការផ្លាស់ប្តូរបទពិសោធន៍ ជាមួយដៃគូជាតិ និងអន្តរជាតិជាច្រើនក្នុងការអភិវឌ្ឍវិស័យអប់រំ ក្នុងនោះបានអញ្ជើញវាគ្មិនល្បីៗជាតិ-អន្តរជាតិ មកធ្វើបទបង្ហាញ ដើម្បីចែករំលែកបទពិសោធន៍ ដល់និស្សិតគ្រប់ៗជំនាន់ ក្នុងពេលកំពុងសិក្សា និងបានផ្តល់ឱកាសឲ្យនិស្សិតចុះធ្វើកម្មសិក្សា ក្នុងការផ្សារភ្ជាប់រវាងទ្រឹស្តីទៅនឹងការអនុវត្តជាក់ស្តែង ដែលជាទុនដ៏សំខាន់សម្រាប់ការសេរសារណា និងនិក្ខេបបទបញ្ចប់ការសិក្សាផងដែរ៕