សម្តេចតេជោនាយករដ្ឋមន្រ្ដីបង្ហាញការសាទរចំពោះឯកឧត្តម ដូណាល់ ត្រាំ ដែលបានជាប់ឆ្នោតជា ប្រធានាធិបតីទី៤៥របស់សហរដ្ឋអាម៉េរិក


ភ្នំពេញ ថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០១៦ –សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានបង្ហោះ នៅក្នុងទំព័រហ្វេសប៊ុកសម្ដេច ដោយសម្ដែងការអបអរសាទ រភ្លាមៗ ចំពោះឯកឧត្តម ដូណាល់ ត្រាំ ដែលត្រូវបានពលរដ្ឋអាម៉េរិកបានបោះឆ្នោតឱ្យជាប់ ឆ្នោតជាប្រធានាធិបតីទី៤៥ របស់សហរដ្ឋអាម៉េរិកនៅថ្ងៃទី៩ ខែវិច្ឆិកានេះ។
ក្នុងបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុករបស់សម្តេចតេជោនាយករដ្ឋមន្រ្ដី ហ៊ុន សែន នៅប៉ុន្មាននាទីក្រោយ ពីការប្រកាសលទ្ធផលនៃការបោះឆ្នោតប្រធានាធិបតីសហរដ្ឋអាម៉េរិក នាថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០១៦ សម្តេចតេជោនាយករដ្ឋមន្ដ្រី បានលើកឡើងថា ពេលនេះអ្វីៗច្បាស់ ហើយ គឺប្រជាជនសហរដ្ឋអាម៉េរិក ត្រូវការ ឯកឧត្តមដឹកនាំ ហើយការគាំទ្ររបស់សម្តេចក៏មិនខុសដែរ។
លោកបណ្ឌិត សុខ ទូច អនុប្រធានរាជបណ្ឌិត្យសភាកម្ពុជា និងជាអ្នកវិភាគនយោបាយ បានបញ្ជាក់ឱ្យដឹងនៅ រសៀលថ្ងៃទី៩ ខែវិច្ឆិកានេះថា វាមិនមានអ្វីប្រែប្រួលជាដុំកំភួននោះទេ នៅក្នុង ទំនាក់ទំនងការបរទេស រវាង កម្ពុជា និងសហរដ្ឋអាម៉េរិកនោះ បើទោះបីជាគណបក្សសាធារណរដ្ឋ របស់ឯកឧត្តម ដូណាល់ ត្រាំ ជាប់ឆ្នោតជាប្រធានាធិបតីសហរដ្ឋអាម៉េរិកថ្មីនោះ។
លោកបណ្ឌិតបានបន្តថា ការមិនប្រែប្រួលនោះ គឺដោយសារតែកម្ពុជាមិន មានផលប្រយោជន៍ ខាងផ្នែក សេដ្ឋកិច្ចធំដុំជាមួយសហរដ្ឋអាម៉េរិកនោះទេ ប៉ុន្ដែវាខុសពីប្រទេសថៃ ដែលមានទំនាក់ទំនង សេដ្ឋកិច្ចខ្លាំង ជាមួយសហរដ្ឋអាម៉េរិកនោះ។ លោកបណ្ឌិតបានបន្ថែមថា ទំនាក់ទំនងការបរទេសល្អ គឺវាអាស្រ័យទៅលើ ផលប្រយោជន៍សេដ្ឋកិច្ចជាសំខាន់ ហើយសម្រាប់កម្ពុជា នាពេលនេះ គឺអាម៉េរិក មិនសូវទទួលបានផល ប្រយោជន៍ខ្លាំងនោះទេ ខណៈដែលកម្ពុជាកំពុងងាកទៅរកចិននៅក្នុងភូមិ សាស្រ្តនយោបាយ។
យោងតាមបណ្តាញគេហទំព័រព័ត៌មានដ៏ធំរបស់សហរដ្ឋអាម៉េរិក CNN International បានបង្ហាញថា ឯកឧត្តម ដូណាល់ ត្រាំ បានទទួលការគាំទ្រចំនួន២៨៨សម្លេង ខណៈដែលលោកស្រី ហ៊ីឡារី គ្លីនតុន ទទួលបានការ គាំទ្រតែ២១៥សម្លេងប៉ុណ្ណោះ។
គួរបញ្ជាក់ថា ឯកឧត្តម ដូណាល់ ត្រាំ បានទទួលជ័យជម្នះនៅរដ្ឋធំៗជាច្រើនរបស់សហរដ្ឋអាម៉េរិកដូចជារដ្ឋ Texas, Florida និង Ohio រហូតដល់ជាង៣០រដ្ឋ។ ដោយឡែកលោកស្រី ហ៊ីលឡារី គ្លីនតុន បានយកឈ្នះ នៅរដ្ឋធំៗ ដូចជា រដ្ឋ Washington, California និង New York ជាដើម៕