អភិបាលខេត្តកំពង់ឆ្នាំង ថ្លែងអំណរគុណសម្ដេចតេជោ ហ៊ុន សែន, ថ្នាក់ដឹកនាំ, អង្គការ និងអ្នកពាក់ព័ន្ធទាំងអស់ក្នុងការរៀបចំបុណ្យទន្លេ ដែលបញ្ចប់ទៅដោយរលូន និងជោគជ័យ


(កំពង់ឆ្នាំង)៖ អភិបាលខេត្តកំពង់ឆ្នាំង ឯកឧត្តម ឈួរ ច័ន្ទឌឿន បានចេញលិខិតថ្លែងអំណរគុណចំនួន៤ផ្សេងគ្នា ជូនដល់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន, ថ្នាក់ដឹកនាំ, អង្គការ និងអ្នកពាក់ព័ន្ធទាំងអស់ដែលបានផ្ដល់កិត្តិយសអញ្ជើញជាអធិបតី និងជួយឧបត្ថម្ភផ្សេងៗ ក្នុងពិធីបុណ្យទន្លេលើកទី៥ ប្រារព្ធធ្វើឡើងនៅក្រុងកំពង់ឆ្នាំង កាលពីថ្ងៃទី១៥ ដល់ថ្ងៃទី១៧ ខែមីនា ឆ្នាំ២០១៩ ក្រោមប្រធានបទ «ទន្លេ៖ ផ្សារភ្ជាប់ សន្ដិភាព ប្រជាជន និងទេសចរណ៍» ដែលបានបញ្ចប់ទៅរលូន និងជោគជ័យជាទីបំផុត។

នៅក្នុងលិខិតរបស់ខ្លួនដែលអង្គភាពព័ត៌មាន ទទួលបាននៅថ្ងៃនេះ ឯកឧត្តម ឈួរ ច័ន្ទឌឿន ក៏បានថ្លែងអំណរគុណដល់សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ, សម្ដេចចៅហ្វាវាំង គង់ សំអុល ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងព្រះបរមរាជរាំង, ឯកឧត្តម ថោង ខុន រដ្ឋមន្ដ្រីក្រសួងទេសចរណ៍ និងជាប្រធានគណៈកម្មការអន្ដរក្រសួង, ឯកឧត្តម អ៊ុក រ៉ាប៊ុន រដ្ឋមន្ដ្រីក្រសួងអភិវឌ្ឍន៍ជនបទ, ឯកឧត្តម ត្រាំ អ៊ីវតឹក រដ្ឋមន្ដ្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និងអ្នកពាក់ព័ន្ធតាមបណ្ដាក្រសួង និងស្ថាប័នជាច្រើនរូបទៀត។

អភិបាលខេត្តកំពង់ឆ្នាំង ក៏មិនភ្លេចនូវការថ្លែងអំណរគុណចំពោះ ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ដែលបានឧបត្ថម្ភបន្ទប់ទឹកសាធាណៈចល័តចំនួន៣០បន្ទប់ និងអង្គការ Water Aid ប្រចាំខេត្តកំពង់ឆ្នាំង ដែលបានឧបត្ថម្ភបន្ទប់ចល័តចំនួន១០បន្ទប់ ដើម្បីបម្រើឲ្យពិធីបុណ្យទន្លេលើកទី៥ កន្លងទៅថ្មីៗនេះ ទទួលបានលទ្ធផលគួរជាទីមោទនៈ។

សូមបញ្ជាក់ថា រយៈពេល៣ថ្ងៃ នៃពិធីបុណ្យទន្លេលើកទី៥ នៅខេត្តកំពង់ឆ្នាំង នាពេលកន្លងទៅនេះ មានប្រជាពលរដ្ឋ និងភ្ញៀវទេសចរជាង ១លាននាក់ បានចូលរួមទស្សនាកម្សាន្ត ប្រកបដោយភាពសប្បាយរីករាយ និងប្រកបដោយសុខសុវត្ថិភាពល្អប្រសើរ។

បើតាមរដ្ឋមន្ត្រីក្រសួងទេសចរណ៍ ឯកឧត្តម ថោង ខុន នៅថ្ងៃទី១៥ មានអ្នកចូលរួមលេងកម្សាន្តប្រមាណ ២០ម៉ឺននាក់, ថ្ងៃទី១៦ មានជាង ៥០ម៉ឺននាក់ ថ្ងៃទី១៧ មានប្រមាណពី ៣០-៣៥ម៉ឺននាក់។

រីឯបញ្ហាសន្តិសុខ សណ្ដាប់ធ្នាប ចរាចរណ៍ធ្វើដំណើររបស់ប្រជាពលរដ្ឋទៀតសោត ក៏គ្មានបញ្ហាអ្វីធំដុំគួរឲ្យព្រួយបារម្ភឡើយ ខណៈកងកម្លាំងសមត្ថកិច្ចក៏ខិតខំពង្រឹងការការពារ និងសម្រួលមធ្យោបាយនានាជូនប្រជាពលរដ្ឋយ៉ាងយកចិត្តទុកដាក់ផងដែរ៕

ខាងក្រោមនេះ ជាលិខិតថ្លែងអំណរគុណរបស់អភិបាលខេត្តកំពង់ឆ្នាំង៖