រដ្ឋសភា ផ្ដាំឱ្យតំណាងរាស្ត្រចុះទៅមូលដ្ឋានរៀងខ្លួន ដើម្បីដោះស្រាយបញ្ហារាំងស្ងួតជូនប្រជាជន


កិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា នាថ្ងៃទី២៦ ខែមីនា ឆ្នាំ២០១៩នេះ រដ្ឋសភាបានផ្ដាំទៅតំណាងរាស្ត្រ និងមន្ត្រីនៃអគ្គលេខាធិការដ្ឋានរបស់ខ្លួន ឱ្យចុះទៅកាន់មូលដ្ឋានរៀងៗខ្លួនឱ្យបានញឹកញាប់ ដើម្បីជួយដោះស្រាយបញ្ហាគ្រោះរាំងស្ងួត ក៏ដូចជាបញ្ហាខ្វះទឹកប្រើប្រាស់ជូនប្រជាជន។ នេះបើតាមឯកឧត្តម ឡេង ប៉េងឡុង អ្នកនាំពាក្យរដ្ឋសភា។

ឯកឧត្តម ឡេង ប៉េងឡុង បានបន្តថា ចំពោះបញ្ហាកង្វះអគ្គិសនីប្រើប្រាស់ដែលកំពុងជួបប្រទះកំឡុងពេលនេះ រដ្ឋសភាក៏បានស្នើសុំឱ្យប្រជាពលរដ្ឋមានការអត់ធ្មត់ ខណៈរាជរដ្ឋាភិបាលក៏កំពុងរិះរកមធ្យោបាយ និងពន្លឿនការដោះស្រាយជូនប្រជាពលរដ្ឋផងដែរ។

ជាមួយគ្នានោះ រដ្ឋសភាបានទទូចដល់ប្រជាពលរដ្ឋគ្រប់ទិសទី ទាំងតំបន់ទីក្រុង និងតំបន់ជិតព្រៃភ្នំជាដើម សូមមានការប្រុងប្រយ័ត្នឱ្យបានខ្ពស់ចំពោះបញ្ហាអគ្គិភ័យ ដែលអាចកើតមានក្នុងរដូវក្ដៅនេះ។

មិនខុសពីការអំពាវនាវរបស់ប្រមុខរាជរដ្ឋាភិបាល សម្ដេចតេជោ ហ៊ុន សែន ឡើយ រដ្ឋសភាក៏បានអំពាវនាវដល់ប្រជាពលរដ្ឋ សូមត្រៀមត្រងទឹកទុកនៅពេលមានភ្លៀងធ្លាក់ ដើម្បីទុកប្រើប្រាស់បណ្ដោះអាសន្ន ទម្រាំដល់រដូវមានទឹកប្រើប្រាស់គ្រប់គ្រាន់ ឡើងវិញ ហើយរដ្ឋសភាក៏បានផ្ដាំដល់តំណាងរាស្ត្រឱ្យជួយផ្សព្វផ្សាយការអំពាវនាវនេះ បន្តទៅដល់ប្រជាពលរដ្ឋនៅតាមមូលដ្ឋានរបស់ខ្លួនផងដែរ៕