ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន អញ្ជើញអបអរសាទរខួប១០០ឆ្នាំថ្ងៃកំណើតអង្គការ ILO និងខួប ៥០ឆ្នាំដែលកម្ពុជាក្លាយជាសមាជិក ILO


(ភ្នំពេញ)៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ៨រោច ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី២៨ ខែមីនា ឆ្នាំ២០១៩នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអញ្ជើញជាអធិបតីប្រារព្ធពិធីអបអរសាទរខួប១០០ឆ្នាំថ្ងៃបង្កើតបង្កើតអង្គការអន្តរជាតិខាងការងារ (ILO) និងខួប៥០ឆ្នាំ ដែលកម្ពុជាក្លាយជាសមាជិកអង្គការ ILO នៅវិមានសន្តិភាព។

អង្គការអន្តរជាតិខាងការងារ គឺជាទីភ្នាក់ងារត្រីភាគីឯកទេសផ្នែកពិភពការងារនៃអង្គការសហប្រជាជាតិ ដែលត្រូវបានបង្កើតនៅឆ្នាំ១៩១៩ ដើម្បីកំណត់បទដ្ឋានការងារ និងរៀបចំគោលនយោបាយនានាក្នុងគោលបំណងបង្កើនយុត្តិធម៌សង្គម និងលើកកម្ពស់ការងារសមរម្យសម្រាប់ស្ត្រី និងបុរស។ ក្នុងរយៈពេល ១០០ឆ្នាំកន្លងមកនេះ អង្គការអន្តរជាតិខាងការងារបានអនុម័តអនុសញ្ញាអន្តរជាតិខាងការងារចំនួន១៨៩ ពិធីសារចំនួន៦ និងអនុសាសន៍ចំនួន២០៥ ដើម្បីជាបទដ្ឋានរួមសម្រាប់ប្រទេស ជាសមាជិកក្នុងការអភិវឌ្ឍពិភពការងារប្រកបដោយសុខដុមរមនា និងចីរភាព។

ខាងក្រោមជាប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន៖

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សម្តេចមានសេចក្តីរីករាយដោយបានច្ចូលរួមក្នុងពិធីអបអរសាទរ ខួប១០០ឆ្នាំ (១៩១៩-២០១៩) របស់អង្គការអន្តរជាតិខាងការងារ និងខួប៥០ឆ្នាំ (១៩៦៩-២០១៩) នៃសមាជិកភាពរបស់កម្ពុជានៅអង្គការអន្តរជាតិខាងការងារ ក្រោមប្រធានបទ «បង្កើនយុត្តិធមិសង្គម លើកកម្ពុស់ការងារ
សមរម្យ» ដែលជាព្រឹត្តការណ៍ប្រវត្តិសាស្ត្រដ៏មានសារៈសំខាន់នេះ។

* សម្តេចតេជោ បានសម្តែងនូវការកោតសរសើរក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដែលបានសហការជាមួយអង្គការអន្តរជាតិខាងការងារ រៀបចំពិធីដីមានអត្ថន័យនេះ និងវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលជាច្រើន ដែលកើតចេញពីស្ថាប័នមួយនេះ ក្នុងតួនាទីជាទីភ្នាក់ងារត្រីភាគីឯកទេសផ្នែកពិភពការងារ នៃអង្គការសហប្រជាជាតិ អង្គការអន្តរជាតិ ខាងការងារដែលបានកំណត់បទដ្ឋានការងារ និងរៀបចំគោលនយោបាយនានា ក្នុងគោលបំណងបង្កើនយុត្តិធមិសង្គម និងលើកកម្ពស់ការងារសមរម្យសម្រាប់ស្ត្រី និងបុរស។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា កម្ពុជាបានចូលជាសមាជិកអង្គការអន្តរជាតិខាងការងារ នៅថ្ងៃទី២៤ ខៃកុម្ភៈ ឆ្នាំ១៩៦៩។ ប៉ុន្តែកិច្ចសហប្រតិបត្តិការកម្ពុជាជាមួយអង្គការអន្តរជាតិខាងការងារ បានរីកចម្រើនខ្លាំង ចាប់ពីឆ្នាំ១៩៩២ មកទល់បច្ខុប្បន្ននេះ។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា កម្ពុជាធ្លាប់បានជាប់ឆ្នោតជាសមាជិកពេញសិទ្ធិ នៃក្រុមប្រឹក្សាភិបាលរបស់អង្គការអន្តរជាតិខាងការងារ ពីឆ្នាំ២០១៤ ដល់ឆ្នាំ២០១៧ ហើយកម្ពុជាបានខិតខំបំពេញនូវកាតព្វកិច្ចរបស់ខ្ជួនទៅតាមអនុសញ្ញា ដែលបានផ្តល់សច្ចាប័នព្រមទាំងសម្រេចបាននូវសមិទ្ធផលជាច្រើនក្នុងវិស័យការងារ រួមមានការបង្កើត និងដោះស្រាយការងារជូនប្រជាពលរដ្ឋ ការអប់រំបណ្តុះបណ្តាលបច្ចេកទេសវិជ្ជាជីវៈ ការអនុវត្តន៍សិទ្ធិការងារ ការអនុវត្តន៍សេរីភាព អង្គការវិជ្ជាជីវៈ សិទ្ធិសេរីភាពនៃកូដកម្ម ការអភិវឌ្ឍន៍យន្តការ ត្រីភាគី ការអភិវឌ្ឍន៍យន្តការដោះស្រាយវិវាទការងារ ការអភិវឌ្ឍអនាម័យ និងសុវត្ថិភាពការងារ កិច្ចគាំពារសង្គម សមភាពយេនឌ័រក្នុងវិស័យការងារ ការទប់ស្កាត់ និងលុបបំបាត់ទម្រង់ធ្ងន់ធ្ងរនៃពលកម្មកុមារ ការអភិវឌ្ឍគោលនយោបាយទេសន្តរប្រវេសន៍ការងារដោយសុវត្ថិភាព។

* សម្តេចតេជោ បានថ្លែងថា សមិទ្ធផលទាំងអស់នេះ បានរួមចំណែកយ៉ាងធំធេងក្នុងការអភិវឌ្ឍន៍សង្គម សេដ្ឋកិច្ចកម្ពុជា ហើយកម្ពុជាក៏បានចែករំលៃកបទពិសោធន៍ល្អៗទាំងនេះ ដល់ប្រទេសជាមិត្តមួយចំនួននៅក្នុងតំបន់ផងដែរ។

* សម្តេចតេជោនាយករដ្ឋមន្ត្រី បានថ្លែងថា បច្ចប្បន្ននេះរាជរដ្ឋាភិបាលបានបង្កើតការងារធ្វើជូនប្រជាពលរដ្ឋបានយ៉ាងច្រើន ក្នុងអត្រា ៩៩.៣ភាគរយ នៃកម្លាំងពលកម្មសរុប ប្រមាណ១០លាននាក់ រួមមានកម្មករនិយោជិតសេដ្ឋកិច្ចក្នុងប្រព័ន្ធជិត ១លាន ៥សែននាក់ កម្មករ និយោជិតសេដ្ឋកិច្ចក្រៅប្រព័ន្ធជិត ២លាន ៤សែននាក់ វិស័យកសិកម្មជាង ៤លាននាក់ ពលករធ្វើការនៅក្រៅប្រទេសចំនួនប្រមាណ ១លាន ២សែននាក់ និងមន្ត្រីសាធារណៈចំនួនជាង ៥សែននាក់។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ដើម្បីជំរុញការអនុវត្តគោលនយោបាយ ស្តីពីការអភិវឌ្ឍន៍ វិស័យឧស្សាហកម្ម មុខរបរ និងការងារ និងការគាំពារសង្គម សម្តេចដាក់ចេញនូវគោលការណ៍មួយចំនួនដើម្បីជាការផ្តោតការយកចិត្តទុកដាក់បន្តទៀត។

* សម្តេចតេជោ សង្ឃឹមថា ការបន្តកិច្ចសហប្រតិបត្តិការរវាងរាជរដ្ឋាភិបាលកម្ពុជា និងអង្គការអន្តរជាតិខាងការងារ និងដៃគូអភិវឌ្ឍនានានឹងកាន់តែជិតស្និទ្ធថែមទៀត ដើម្បីរួមគ្នាសម្រេចបានតាមគោលដៅអភិវឌ្ឍប្រកបដោយចីរភាពរបស់អង្គការសហប្រជាជាតិ និងដើម្បីកម្ពុជាសម្រេចបានគោលដៅរបស់ខ្លួន ជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់ នៅឆ្នាំ២០៣០ និង ជាប្រទេសដែលមានចំណូលខ្ពស់នៅឆ្នាំ២០៥០៕