ប្រមុខការពារជាតិកម្ពុជា បង្ហាញជំហរ និងការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាល ក្នុងការចូលរួមប្រតិបត្តិការរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ


(ញ៉ូវយ៉ក, អាមេរិក)៖ ក្នុងឱកាសអញ្ជើញទៅធ្វើទស្សនកិច្ច និងចូលរួមក្នុងកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីការពារជាតិស្តីពីការរក្សាសន្តិភាពនៅទីក្រុងញ៉ូវយ៉ក សហរដ្ឋអាមេរិក នៅថ្ងៃទី២៨ ខែមីនា ឆ្នាំ២០១៩ សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ អមតំណើរដោយនាយឧត្តមសេនីយ៍ ណឹម សុវត្ថិ ទីប្រឹក្សាពិសេសសម្តេចពិជ័យសេនា ទៀ បាញ់ និងជាអគ្គនាយក អគ្គនាយកដ្ឋាននយោបាយ និងកិច្ចការបរទេស ក្រសួងការពារជាតិ និងនាយឧត្តមសេនីយ៍ សែម សុវណ្ណនី អគ្គនាយកមជ្ឈមណ្ឌលជាតិរក្សាសន្តិភាព បានចូលជួបសំដែងការគួរសម និងពិភាក្សាការងារទ្វេភាគីជាមួយលោក Jean Pierre Lacroix អគ្គលេខាធិការរងអង្គការសហប្រជាជាតិ ទទួលបន្ទុកប្រតិបត្តិការសន្តិភាព។

នៅក្នុងជំនួបនាឱកាសនោះ សម្តេចពិជ័យសេនា ទៀ បាញ់ បានបញ្ចាក់ឡើងវិញពីជំហរ និងការប្តេជ្ញាចិត្តខ្ពស់របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការចូលរួមប្រតិបត្តិការរក្សាសន្តិភាព របស់អង្គការសហប្រជាជាតិ។

សម្តេចពិជ័យសេនា បានសង្កត់ធ្ងន់ថា «អ្វីដែលរាជរដ្ឋភិបាលកម្ពុជាបានសន្យា និងបានប្តេជ្ញាចិត្តនោះ កម្ពុជានឹងបំពេញឲ្យបានពេញលេញជាទីបំផុត ទោះបីជាជួបការលំបាកយ៉ាងណាក៏ដោយ»

សម្តេចពិជ័យសេនា បានបញ្ជាក់បន្ថែមទៀតថា «បច្ចុប្បន្ននេះ កម្ពុជាបានត្រៀមកម្លាំងដែលមានរួចជាស្រេចចំនួន ៣កងរួមមាន៖ កងវិស្វកម្ម កងកំទេចគ្រាប់មិនទាន់ផ្ទុះ និងកងរាជអាវុត្ថហត្ថ ដើម្បីចូលរួមប្រតិបត្តិការរក្សាសន្តិភាពរបស់អង្គការសហប្រជាតិ»

ទាក់ទងទៅនឹងការបញ្ជូនកម្លាំងនារី ទៅចូលរួមប្រតិបត្តិការរក្សាសន្តិភាព, សម្តេចពិជ័យសេនា ទៀ បាញ់ បានបញ្ជាក់ថា រាជរដ្ឋភិបាលមក្ពុជា បានបង្កើនចំនួនកម្លាំងនារី ពី ១៥ភាគរយ ទៅ២០ ភាគរយ ដើម្បីត្រៀមទៅចូលរួមបំពេញការងារ ផ្នែកទីបញ្ជាការ សេនាធិការ និងផ្នែកសង្កេតការណ៍។

មានមតិឆ្លើយតបវិញលោក Jean Pierre Lacroix បានថ្លែងអំណរគុណចំពោះសម្តេចពិជ័យសេនា ទៀ បាញ់ ដែលបានដឹកនាំគណៈប្រតិភូមកចូលរួម ក្នុងកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីការពារជាតិ ស្តីពី ការរក្សាសន្តិភាព នៅទីក្រុងញ៉ូវយ៉ក សហរដ្ឋអាមេរិក ដែលជាទូទៅមានការចូលរួមពីបណ្តាលប្រទេស ដែលបានបរិច្ចាកកងកម្លាំងមកចូលរួមក្នុងកិច្ចប្រជុំនេះ ដើម្បីចែករំលែកជំនាញ និង បទពិសោធពីគ្នាទៅវិញទៅមក។

អគ្គលេខាធិការរង អង្គការសហប្រជាជាតិ បានថ្លែងអំណរគុណដល់ប្រទេសកម្ពុជា ដែលបានបន្តបរិច្ចាគកងកម្លាំង និងបុគ្គលិកចូលរួមក្នុងវិស័យរក្សាសន្តិភាពរបស់អង្គកាសហប្រជាជាតិ ក្នុងនោះកងកម្លាំងកម្ពុជា មានភាពសកម្មការងារ ហើយអនុវត្តន៍ភារកិច្ច ក្នុងតំបន់ដែលមានភាពប្រឈមខ្ពស់ និងមានអត្រាគ្រោះថ្នាក់ខ្ពស់ផងដែរ។

លោក Jean Pierre Lacroix បានបញ្ជាក់ឲ្យដឹងទៀតថា ក្នុងពេលដែលលោកបានចូលកាន់តំណែងនៅជាអគ្គលេខាធិការរងអង្គការសហប្រជាជាតិ ទទួលបន្ទុកប្រតិបត្តិការសន្តិភាព លោក បានទៅធ្វើទស្សនកិច្ចលើកដំបូងនៅសាធារណរដ្ឋអាហ្រ្វិកកណ្តាល ហើយបានចូលរួមគោរពវិញ្ញាណក្ខន្ធកងទ័ពមួកខៀវកម្ពុជាចំនួន ៤នាក់ និងម៉ារុកម្នាក់ដែលបានពលីក្នុងពេលបំពេញ បេសកកម្មថែរក្សារបស់អង្គការសហប្រជាជាតិ។

ចំពោះការបរិច្ចាកកម្លាំងរបស់ប្រទេសកម្ពុជា ទៅកាន់បេសកកម្មដែលមានហានិភ័យខ្ពស់ដូចជានៅ ប្រទេសម៉ាលី និងអាហ្រ្វិកកណ្តាលលោក Jean Pierre Lacroix បានបញ្ជាក់ថា អង្គការសហប្រជាតិ សូមថ្លែងអំណរគុណយ៉ាងខ្លាំងដល់ប្រទេសកម្ពុជា ជាពិសេសក្នុងពេលថ្មីៗនេះកម្ពុជា បំពាក់សំភារៈដល់កង EOD ដែលកំពង់ប្រតិបត្តិការនៅប៉ែកខាងជើង ប្រទេសម៉ាលីជាតំបន់ដែលមាន ហានិភ័យខ្ពស់។

អង្គការសហប្រជាតិសូមថ្លែងអំណរគុណដល់កម្ពុជាផងដែរ ដែលកម្ពុជាបានបន្តពង្រឹងកម្លាំងរបស់ខ្លួនក្នុងប្រព័ន្ធត្រៀមជាស្រេចរបស់អង្គការសហប្រជាតិ ក្នុងនោះ មានកម្លាំងវិស្វកម្ម និង កងរាជអាវុធហត្ថដែលជាកម្លាំងចាំបាច់សំរាប់ពេលបច្ចុប្បន្ននេះ។

អគ្គលេខាធិការរង អង្គការសហប្រជាជាតិ ទទួលបន្ទុកប្រតិបត្តិការសន្តិភាព ក៏សូមថ្លែងអំណរគុណចំពោះការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការបង្កើនការចូលរួម របស់នារីក្នុងវិស័យរក្សាសន្តិភាព។ លោកបញ្ជាក់ថា «ការចូលរួមរបស់នារីទាំងយោធា ទាំងនគរបាល គឺមានសារសំខាន់ ក្នុងការបង្កើនការទំនាក់ទំនង និងភាពជិតស្និតរវាងប្រជាជន ដែលប្រតិបត្តការនៅក្នុងតំបន់»