សម្ពោធឆ្លងឲ្យប្រើប្រាស់កុដិ១ខ្នងតម្លៃខ្ទង់៨ម៉ឺនដុល្លារ នៅស្រុកមង្គលបុរី, នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន៖ សម្តេចតេជោដឹកនាំប្រទេសពីការបែកបាក់ទឹកដី មកកាន់ការបង្រួបបង្រួម និងអភិវឌ្ឍគ្រប់វិស័យ


(បន្ទាយមានជ័យ)៖ នៅថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៩ នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន តំណាងរាស្រ្ត ឧបនាយករដ្ឋមន្ត្រី ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងជាប្រធានក្រុមការងារ ថ្នាក់ជាតិ ចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ បានអញ្ជើញជាអធិបតីសម្ពោធឆ្លងដាក់ឲ្យប្រើប្រាស់នូវកុដិ១ខ្នង ៩បន្ទប់ ដែលមានបណ្តោយ៣០ម៉ែត្រ ទទឹង ៩ម៉ែត្រ កម្ពស់០១ជាន់ និងផ្លូវបេតុងប្រវែង៥០០ម៉ែត្រ ទទឹង៤ម៉ែត្រ កម្រាស់០.១៥ម៉ែត្រ ក្នុងវត្តខេត្តារាមឃីឡិក ដែលបានចំណាយអស់បច្ច័យសាងសង់ជាង៣២០លានរៀល ស្ថិតនៅភូមិឃីឡិក ឃុំបន្ទាយនាង ស្រុកមង្កលបុរី ខេត្តបន្ទាយមានជ័យ ដែលមានអ្នកចូលរួមជាង២០០០នាក់។

ក្នុងឱកាសនោះ នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន បានមានមតិសំណេះសំណាល និងធ្វើការផ្ដាំផ្ញើសួរសុខទុក្ខពីសំណាក់ថ្នាក់ដឹកនាំរាជរដ្ឋាភិបាល ពិសេសថ្នាក់ដឹកនាំប្រទេសមានសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា, សម្ដេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា និងសម្ដេចវិបុលសេនាភក្ដី សាយ ឈុំ ប្រធានព្រឹទ្ធសភា។

ក្នុងឱកាសនោះដែរ នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន បានថ្លែងថា «សម្តេចតេជោ ហ៊ុន សែន បានដឹកនាំប្រទេសចេញពីការបែកបាក់បែ ងចែកទឹកដី មកកាន់ការបង្រួបបង្រួមជាតិ ការកសាង និងថែរក្សាសន្តិភាព និងរួមគ្នាកសាងអភិវឌ្ឍប្រទេសជាតិឲ្យរីកចម្រើនលើគ្រប់វិស័យ ក្នុងនោះវិស័យពុទ្ធចក្រវត្តអារាម ដែលជាកន្លែងផ្សាយព្រះធម៌ពុទ្ធឱវាទ និងអប់រំលើកកម្ពស់គុណធម៌ ចរិយាធម៌ សីលធម៌សង្គម ដល់ប្រជាពលរដ្ឋយើង ត្រូវបានកសាងឡើងវិញ ក្រោយពេលបំផ្លិចបំផ្លាញពីសំណាក់របបអាវខ្មៅពីអតីតកាល»។

ជាមួយគ្នានេះ នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន បានថ្លែងបន្តថា រាជរដ្ឋាភិបាលនីតិកាលទី៤ ដែលមានសម្តេចតេជោហ៊ុន សែន ជាប្រមុខនឹងដឹកនាំ ធ្វើកំណែទម្រង់ខាងក្នុងមួយសម្រាប់ ការទ្រទ្រង់សេដ្ឋកិច្ច និងការធ្វើពាណិជ្ជកម្ម ដើម្បីបន្តរក្សាបាននូវសន្តិភាព និងការរីកចម្រើនរបស់ប្រទេសជាតិ បម្រើដល់សេចក្តីសុខក្សេមក្សាន្តរបស់ប្រជាពលរដ្ឋ។

ក្នុងនាមជាពុទ្ធសាសនិក មានសុទ្ធាជ្រះថ្លានាយឧត្តមសេនីយ៍ កែ គឹមយ៉ាន បានបរិច្ចាគនូវបច្ច័យអំណោយ និងថវិកាវេរប្រគេន និងចែកជូនរួមមាន៖

*ទី១៖ ប្រគេនបច្ច័យកសាងវត្តខេត្តារាមឃីឡិក ១ម៉ឺនដុល្លារ
*ទី២៖ លោកគ្រូ អ្នកគ្រូ ២៨នាក់ ម្នាក់ៗសារុង១ ថវិកា២ម៉ឺនរៀល
*ទី៣៖ សិស្សានុសិស្ស ២៣២នាក់ ម្នាក់ៗបិច១ដើម សៀវភៅ២ក្បាល ថវិកា៥ពាន់រៀល
*ទី៤៖ ចាស់ជរាអាយុ៧០ឆ្នាំ ឡើង ២០០នាក់ក្នុងម្នាក់ៗទទួលឃីត ១កព្ចាប់រួមមាន៖ សារុង១ ក្រម៉ា១ កំសៀវទឹក១ ទឹកដោះគោ១កំប៉ុង មី១០កព្ចាប់ ប្រេងឆា១លីត្រ ស្ករស១គ.ក្រ តែ១កព្ចាប់ អំបិល១គ.ក្រ ប្រេងកូឡា២ដប កៅអៀក៥បន្ទះ និងថវិកា២ម៉ឺនរៀល
*ទី៥៖ ប្រជាពលរដ្ឋចូលរួម ១៤០០នាក់ ក្នុងម្នាក់ៗទទួលបានសារុង១
*ទី៦៖ ឧបត្ថម្ភជូនប្រជាពលរដ្ឋរងគ្រោះដោយសារខ្យល់កន្ត្រាក់ ចំនួន២៣គ្រួសារ ក្នុង១គ្រួសារទទួលបាន៖ អង្ករ៣០ គ.ក្រ ត្រីខ១០កំប៉ុង មី១កេសតូច ប្រេងឆា១លីត្រ ទឹកសុីអុី៣ដប សាប៊ូម្សៅ១ គ.ក្រ ភួយ១ មុងសុវត្ថិភាព១ សារុង១ ក្រមា១ ប្លាស្ទីក១ផ្ទាំង និងថវិកា៥ម៉ឺនរៀល
*ទី៧៖ ឧបត្ថម្ភជូនប្រជាពលរដ្ឋរងគ្រោះដោយដោយភ្លើងឆេះផ្ទះចំនួន២គ្រួសារ ក្នុង១គ្រួសារទទួលបាន៖ អង្ករ៣០ គ.ក្រ ត្រីខ១០កំប៉ុង មី១កេសតូច ប្រេងឆា១លីត្រ ទឹកស៊ីវអ៊ីវ៣ដប សាប៊ូម្សៅ១ គ.ក្រ ភួយ១ មុងសុវត្ថិភាព១ សារុង១ ក្រមា១ ប្លាស្ទីក១ផ្ទាំង កន្ទេលជ័រ១ ធុងទឹកចំណុះ៦០លីត្រ១ ឆ្នាំងបាយ២ ចានបាយ៥ ស្លាបព្រា៥ និងថវិកា៥ម៉ឺនរៀល
*ទី៨៖ ឧបត្ថម្ភនគរបាលស្រុក ថវិកា១លានរៀល
*ទី៩៖ ឧបត្ថម្ភកងរាជអាវុធហត្ថស្រុក ថវិកា ១លានរៀល
*ទី១០៖ ឧបត្ថម្ភយោធាសឹករងស្រុកថវិកា១លានរៀលផងដែរ៕