ក្រសួងពាណិជ្ជកម្មគ្រោងនឹងដាក់ឱ្យប្រើប្រាស់រថយន្ដពិសោធន៍ចល័តនៅគ្រប់ រាជធានីខេត្ដ សម្រាប់វិភាគរកសារធាតុគីមីនៅក្នុងម្ហូបអាហារ និងបន្លែផ្លែឈើ


ភ្នំពេញ ថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៦–ដើម្បីចូលរួមការពារសុវត្ថិភាព និងសុខភាពប្រជាពលរដ្ឋ អ្នកប្រើប្រាស់នោះ រដ្ឋមន្រ្ដីក្រសួងពាណិជ្ជកម្មបានប្រកាសថា ក្រសួងនឹងបន្ដដាក់ ឱ្យប្រើប្រាស់ មន្ទីរពិសោធន៍ ចល័តតាមរថយន្ដនៅគ្រប់រាជធានី ខេត្ដ ដើម្បីស្រាវជ្រាវវិភាគរកសារធាតុគីមី នៅក្នុងម្ហូបអាហារ និងបន្លែ ផ្លែឈើនៅតាមទីផ្សារទូទាំងប្រទេស។
ថ្លែងក្នុងពិធីសម្ពោធន៍មន្ទីរពិសោធន៍ចល័តតាមរថយន្ដ របស់អគ្គនាយកដ្ឋានកាំកុងត្រូល នាព្រឹកថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៦ នៅទីស្ដីការក្រសួងពាណិជ្ជកម្ម ឯកឧត្តម ប៉ាន សូរស័ក្ដិ រដ្ឋមន្រ្ដីក្រសួងពាណិជ្ជកម្ម បានមានប្រសាសន៍ថា គម្រោងដាក់មន្ទីរពិសោធន៍ចល័តតាមរថយន្ដនេះ នឹងជួយការពារសុវត្ថិភាពម្ហូប អាហារដល់ប្រជាពលរដ្ឋដែលកំពុងជួបប្រទះនូវហានិភ័យ ដូចជាមានដាក់សារធាតុគីមីដាក់ក្នុងម្ហូបអាហារ បន្លែ ផ្លែឈើ ដែលប៉ះពាល់ដល់ខូចគុណភាព និងអាចផ្ដល់នូវលទ្ធផលយ៉ាងឆាប់រហ័ស។
ឯកឧត្តមបានបញ្ជាក់ថា ការដាក់ឱ្យមានរថយន្ដពិសោធន៍ចល័តនេះ គឺដើម្បីដោះស្រាយឱ្យបាន លឿន ឆាប់រហ័ស និងទាន់ពេលវេលា ដើម្បីចៀសវាងការប៉ះពាល់ដល់ប្រជាពលរដ្ឋក្នុងការប្រើប្រាស់ម្ហូបអាហារ បន្លែ ផ្លែឈើ និងការបរិភោគ។
ឯកឧត្តមរដ្ឋមន្រ្ដីបានបន្ដថា ក្រៅពីការដាក់មន្ទីរពិសោធន៍ តាមរថយន្ដ ចល័តនេះ ក្រសួងពាណិជ្ជកម្ម ក៏កំពុងរៀបចំដាក់មន្ទីរពិសោធន៍នៅតាមព្រំដែន ដើម្បីទប់ស្កាត់ទំនិញ ម្ហូបអាហារ បន្លែ ផ្លែឈើដែលខូចគុណភាព និងមានសារធាតុគីមី សម្រាប់ទប់ស្កាត់ការនាំចូលមកលក់នៅក្នុងទីផ្សារកម្ពុជា ហើយរថយន្ដចល័ននេះ នឹងចាប់ផ្ដើមចុះទៅពិនិត្យនៅលើទីផ្សារ ក្នុងការចូលរួមទប់ស្កាត់ ផលប៉ះពាល់ ដល់សុខភាពប្រជាពលរដ្ឋ។
ឯកឧត្តមបានលើកឡើងថា រថយន្ដនេះ ត្រូវដាក់ឧបករណ៍ទំនើបៗនៅក្នុងឡាន ដើម្បីធ្វើការវិភាគ និងពិសោធន៍ស្រាវជ្រាវ នៅគ្រប់ទីកន្លែង ពិសេសនៅក្នុងរាជធានីភ្នំពេញមុនគេ បន្ទាប់មកចុះទៅ កន្លែងដែលមានបញ្ហាទាក់ទង នឹងម្ហូប អាហារ បន្លែ ផ្លែឈើដែលមានសារធាតុគីមី ឬខូចគុណភាព នៅតាមទីផ្សារទូទាំងប្រទេស។
ឯកឧត្តមបានបន្ថែមថា នេះជាជំហានដំបូងដែលក្រសួង នឹងដាក់ឱ្យដំណើរការមន្ទីរពិសោធន៍ តាមរថយន្ដចល័តចំនួន១គ្រឿង ដើម្បីធ្វើការសាកល្បង ហើយជាបន្ដបន្ទាប់នៅពេលខាងមុខ អគ្គនាយកដ្ឋានកាំកុងត្រូលនឹងដាក់ឱ្យមាន មន្ទីរពិសោធន៍ចល័តនៅគ្រប់ខេត្ដ ដើម្បីផ្ដល់ភាពងាយស្រួល ដល់មន្រ្ដីកាំកុងត្រូលក្នុងការធ្វើពិសោធន៍ភ្លាមៗនៅនឹងកន្លែង។
ជាមួយគ្នានេះ ការដាក់ឱ្យមានមន្ទីរពិសោធន៍តាមរថយន្ដចល័តនេះ នឹងធ្វើពិសោធន៍ទៅលើម្ហូបអាហារ មុខទំនិញ បន្លែ ផ្លែឈើ ដែលអាចប៉ះពាល់ដល់សុខភាព សំណាកដែលសង្ស័យនៅនឹងកន្លែងដែលចេញ លទ្ធផលភ្លាមៗតាមវិទ្យាសាស្រ្ដក្នុងការវិភាគឱ្យបានច្បាស់លាស់ ដែលនាំឱ្យចំណេញពេលវេលា កាត់បន្ថយការដឹក ជញ្ជូននាំយកសំណាក ឬវត្ថុផ្សេងៗមកមន្ទីរពិសោធន៍នៅអគ្គនាយកដ្ឋានកាំកុងត្រូល។ ឯកឧត្តមរដ្ឋមន្រ្ដីបានអះអាងថា បើប្រៀបធៀបជាមួយបណ្ដាប្រទេសអាស៊ាន ដែលមានការអភិវឌ្ឍតិចតួច គឺកម្ពុជាកំពុងតែឈានមុខគេក្នុងការជួយលើកកម្ពស់វិស័យម្ហូបអាហារ និងចូលរួមជំរុញជីវភាពរស់នៅ របស់ប្រជាពលរដ្ឋឱ្យមានសុខភាពល្អ ចៀសវាងការហូបម្ហូបអាហារប៉ះពាល់ដល់សុខភាព និងបង្កឱ្យមានជំងឺដង្កាត់ផ្សេងៗ ព្រមទាំងចំណាយថវិកាក្នុងការព្យាបាលថែមទៀត។
ឯកឧត្តម ម៉ក់ ពេជ្ជរិទ្ធ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកកាំកុងត្រូល នៃក្រសួង ពាណិជ្ជកម្ម បានបញ្ជាក់ថា អ្វីដែលអគ្គនាយកដ្ឋានកាំកុងត្រូលត្រូវជួយគឺប្រជាពលរដ្ឋដែលរស់នៅតាម បណ្ដាខេត្ដឆ្ងាយៗ ដែលមន្រ្ដីកាំកុងត្រូលត្រូវចុះទៅពិនិត្យដល់ទីកន្លែងក្នុងការនាំយកគំរូផលិតផល ឬ សំណាកដែលមានបញ្ហា ហើយតួនាទីរបស់មន្ទីរពិសោធន៍ចល័តនេះ គឺបម្រើសេវាជូនប្រជាពលរដ្ឋ ឱ្យបាន ទាន់ពេលវេលា នៅតាមទីផ្សារ ទីជនបទ និងតំបន់ឆ្ងាយៗ ដែលអាចជួយសង្គ្រោះទាន់ ពេលវេលា។
ឯកឧត្ដមបានបន្ដថា ម៉ាស៊ីនពិសោធន៍ចល័តនេះ គឺមានសារៈសំខាន់ណាស់ក្នុងការស្រាវជ្រាវ ការវិភាគរកសារធាតុគីមីហាមឃាត់ក្នុងសំណល់ថ្នាំពុលកសិកម្ម បន្លែ ផ្លែឈើ និងសាច់ដែលប្រជាពលរដ្ឋ យកទៅប្រើប្រាស់ ហើយតាមរយៈការដាក់ឱ្យដំណើរការមន្ទីរពិសោធន៍ចល័តថ្មីនេះ នឹងកាត់បន្ថយជាបន្ដ បន្ទាប់នូវសារធាតុគីមី និងការផ្ដល់នូវជំនឿទុកចិត្ដកាន់តែខ្លាំងក្លាបន្ថែមទៀតមកលើមន្រ្ដីជំនាញ។ ឯកឧត្តមអគ្គនាយកបានឱ្យដឹងទៀតថា មន្ទីរពិសោធន៍ចល័តថ្មីនេះ នឹងរួមចំណែកលើកកម្ពស់ វិជ្ជាជីវៈរបស់មន្រ្ដីកាំកុងត្រូល ព្រមទាំងផ្ដល់នូវលទ្ធភាពក្នុងការធ្វើវិភាគ រកសារធាតុគីមីនៅក្នុងផលិតផល ម្ហូបអាហារ ឬផ្លែឈើសម្រាប់បងប្អូនអាជីវករ និងពាណិជ្ជករដោយឥតគិតថ្លៃនៅតាម ទីផ្សារនៅទូទាំង ប្រទេស។
លោក ស៊ិន ស៊ីដេត ប្រធាននាយកដ្ឋានមន្ទីរពិសោធន៍នៃអគ្គនាយកដ្ឋានកាំកុងត្រូល បានឱ្យ ដឹងថា មន្ទីរពិសោធន៍ចល័តថ្មីនេះ មានប្រសិទ្ធភាព និងគុណភាពខ្ពស់ ដែលអាចធ្វើតេស្ដលើសារធាតុគីមី បានជាច្រើនមុខ និងបានលឿនក្នុងរយៈ ពេល៥នាទី ឬ១០នាទីទទួលបានលទ្ធផល ហើយសារធាតុគីមី មួយចំនួនទៀតត្រូវការរយៈពេលពីរម៉ោង ទើបទទួលលទ្ធផល។
សូមបញ្ជាក់ថា មន្ទីរពិសោធន៍ចល័តលើរថយន្ដថ្មីនេះ មានតម្លៃប្រមាណជិត១២ម៉ឺនដុល្លារ ដែលអាច បំពេញមុខងារវិភាគរកសំណល់ថ្នាំពុលកសិកម្ម ក្នុងបន្លែ ផ្លែឈើ សំណល់ថ្នាំបសុពេទ្យ ក្នុងសាច់ ផលិតផលផ្សំពីសាច់ និងសារធាតុហាមឃាត់ ក្នុងម្ហូបអាហារដូចជាសារធាតុបូរ៉ាក់ ហ្វ័រម៉ាលីន ម្សៅស ព្រមទាំងការវិភាគសំណើមផលិតផលកសិកម្មលើគុណ ភាពដំណាំពោត ស្រូវ អង្ករ និងសណ្ដែកជាដើម៕

15068370_1352201904792684_8684087751771575371_o

15111051_1352201924792682_4740080136950441116_o

15129021_1352202371459304_8979164499513050419_o

15138567_1352202491459292_1250513355160074094_o