កម្ពុជាធ្វើជាម្ចាស់ផ្ទះ រៀបចំសិក្ខាសាលាអន្តរជាតិ ដើម្បីពង្រឹងសមត្ថភាពរដ្ឋបាលមូលដ្ឋាន ក្នុងមូលដ្ឋាននីយកម្មគោលដៅអភិវឌ្ឍន៍ប្រកបដោយនិរន្តរភាព (SDGs)


(សៀមរាប)៖ សម្ព័ន្ធភាពជាតិក្រុមប្រឹក្សាថ្នាក់មូលដ្ឋាន នៃប្រទេសកម្ពុជា ទទួលធ្វើជាម្ចាស់ផ្ទះរៀបចំសិក្ខាសាលាអន្តរជាតិរយៈពេលពីរថ្ងៃគឺពីថ្ងៃទី៨-៩ ខែមេសា ក្នុងគោលបំណងពង្រឹង សមត្ថភាពរដ្ឋបាលមូលដ្ឋាន ក្នុងមូលដ្ឋាននីយកម្មគោលដៅអភិវឌ្ឍន៍ប្រកបដោយនិរន្តរភាព (SDGs) ដោយមានអ្នកចូលរួមប្រមាណ ៥០រូប មកពីសមាគមអាជ្ញាធរមូលដ្ឋាន និងអាជ្ញាធរមូលដ្ឋានចំនួន ១០ប្រទេសគឺហ្វីលីពីន ឥណ្ឌូនេស៊ី ថៃ ប៉ាគីស្ថាន ស្រីលង្កា កូរ៉េខាងត្បូងឥណ្ឌា អាឡឺម៉ង់ បារាំង និងកម្ពុជា។

សិក្ខាសាលាត្រូវបានរៀបចំឡើង ក្នុងកិច្ចសហការជាមួយសមាគមទីក្រុង និងអាជ្ញាធរមូលដ្ឋានប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក (UCLG-ASPAC), LOGIN Asia, ADB ក្រោមការគាំទ្រហិរញ្ញវត្ថុពីសហព័ន្ធទីក្រុងនៃប្រទេសកាណាដា (FCM)។

នៅក្នុងសិក្ខាសាលា មានការចែករំលែកបទពិសោធន៍ ជាពិសេសពីប្រទេសឥណ្ឌូនេស៊ី អំពីការអនុវត្ត វឌ្ឍនភាព និងបញ្ហាប្រឈមក្នុងការអនុវត្ត (SDGs)។ តំណាងរដ្ឋាភិបាលថ្នាក់ជាតិក៏បានចូលរួម ក្នុងសិក្ខាសាលានេះដែរគឺក្រសួងមហាផ្ទៃ ក្រសួងផែនការ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ។

សម្ព័ន្ធភាពជាតិក្រុមប្រឹក្សាថ្នាក់មូលដ្ឋានគឺជាស្ថាប័នតំណាងសម្លេង និងការពារផលប្រយោជន៍ស្របច្បាប់របស់ក្រុមប្រឹក្សាក្រុង ស្រុក ខណ្ឌ និងឃុំ-សង្កាត់ នៅកម្ពុជា។

គណៈអធិបតីក្នុងសិក្ខាសាលារួមមាន៖ ឯកឧត្តម សយ កុសល ប្រធានសម្ព័ន្ធភាពជាតិក្រុមប្រឹក្សាថ្នាក់មូលដ្ឋាន, លោកជំទាវ មុំ ក្រសាល អនុប្រធានសមាគមជាតិក្រុមប្រឹក្សារាជធានី ខេត្ត, ឯកឧត្តម នាក់ ណេរ៉ុន អភិបាលរងខេត្តសៀមរាប, ឯកឧត្តម ប៉ូច សុវណ្ណឌី ទីប្រឹក្សាក្រសួងផែនការនិងលោក Marcelin Rumambo Pandin ទីប្រឹក្សាជាន់ខ្ពស់ UCLG-ASPAC៕