សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន អនុញ្ញាតឲ្យក្រុមយុវជននាវាអាស៊ីអាគ្នេយ៍- ជប៉ុន ចូលជួបសម្តែងការគួរសម


នៅរសៀលថ្ងៃទី១៩ ខែវិច្ឆិកា នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជាបានអនុញ្ញាតឲ្យប្រតិភូនាវាយុវជនអាស៊ាន- ជប៉ុន ដឹកនាំដោយ លោកស្រី KAORI NAKAMURI ចូលជួបសំដែងការគួរសម និងពិភាក្សាការងារនៅវិមានសន្តិភាព។
លោកស្រី KAORI NAKAMURI បានអរគុណចំពោះរាជរដ្ឋាភិបាលកម្ពុជា ដែលបានគាំទ្រចំពោះសកម្មភាពនាវាយុវជនអាស៊ីអាគ្នេយ៍ជប៉ុន។ កម្មវិធីនេះបង្កើតឡើងតាំងពីឆ្នាំ១៩៧៤ ហើយគោលដៅនៃកម្មវិធីនេះដើម្បីពង្រីក និងពង្រឹងសមត្ថភាពយុវជន និងយុវជនក្នុងតំបន់។ កម្មវិធីនេះបានក្លាយទៅជាបណ្តាញយុវជនថ្មីមួយក្នុងការជួយគ្នាទៅវិញទៅមកក្រោមចក្ខុវិស័យដ៏ត្រឹមត្រូវនៃរដ្ឋាភិបាលជប៉ុន។ ប្រទេសជប៉ុនក៏បានសំដែងនូវក្តីមោទនភាពផងដែរចំពោះការរៀបចំសន្និបាតនាវាយុវជនអាស៊ីអាគ្នេយ៍នៅទីក្រុងសៀមរាបកន្លងមកដែលមានប្រធានបទ ទាក់ទងនឹងបរិស្ថាន និងពិភពលោកបៃតងដែលបាន ប្រព្រឹត្តទៅយ៉ាងល្អប្រសើរ ហើយប្រទេសជប៉ុនចងចាំទុកជានិច្ច។
សម្តេចតេជោយករដ្ឋមន្ត្រី បានស្វាគមន៍ចំពោះយុវជនយុវនារីទាំងអស់ដែលបានមកកាន់ប្រទេសកម្ពុជា នាពេលនេះ ។ សម្តេចតេជោក៏បានបញ្ជាក់ផងដែរអំពីចក្ខុវិស័យរបស់ថ្នាក់ដឹកនាំជប៉ុន និងអាស៊ានដែលគាំទ្រអោយមានកម្មវិធីនាវាយុវជនជប៉ុននេះ កាលពី៤៩ឆ្នាំកន្លងមកនេះ ដែលគួរជាទីគោរព និងជាមរតកដែលបន្សល់ទុកឱ្យយុវជនកម្ពុជា យុវជនអាស៊ាន និងយុវជនជប៉ុនមានទំណាក់ទំនងនិងយល់គ្នាកាន់តែច្បាស់។ តាមរយៈទំនាក់ទំនង និងការស្គាល់គ្នានេះគឺនឹងសម្រួលជួយធ្វើឱ្យរាល់កិច្ចសហប្រតិបត្តិការទំនាក់ទំនងជាមួយគ្នាកាន់តែងាយស្រួលនិងមានប្រសិទ្ធភាពទៅថ្ងៃអនាគត។ អាស៊ាន គឺជាសហគមន៍មួយដែលមានជោគវាសនាតែមួយ ហើយតាមរយៈការយល់គ្នារវាងនាវាយុវជននេះ គឺនឹងជំរុញទំនាក់ទំនងរវាងយុវជនអាស៊ាន និងជប៉ុនអោយកាន់តែស៊ីជម្រៅថែមទៀត។
សម្តេចតេជោ មានមោទនភាពណាស់ដែលកម្ពុជាបានរៀបចំសន្និបាតនាវាយុវជនអាស៊ីអាគ្នេយ៍ជប៉ុន នៅខេត្តសៀមរាប កន្លងមកថ្មីៗនេះ។ ពិតណាស់ ទោះបីប្រទេសនីមួយៗមានទស្សនៈផ្សេងៗគ្នាក៏ដោយ ប៉ុន្តែប្រទេសទាំងអស់នោះមានការស្រុះស្រួលគ្នាលើ៤ចំណុច ១)គឺការការពារ ដោះស្រាយបញ្ហាវិបត្តិសេដ្ឋកិច្ច , ២)ការប្រយុទ្ធប្រឆាំងភេរវកម្ម ,៣)ការគ្រប់គ្រងដោះស្រាយគ្រោះមហន្តរាយ និង ៤)គឺការដោះស្រាយការប្រែប្រួលអាកាសធាតុ។ កត្តាទាំង៤ចំណុចខាងលើនេះហើយ ដែលយុវជន ទាំងអស់ត្រូវចូលរួមជួយការពារដល់ពិភពលោកយើងទាំងមូល។ ទន្ទឹមនឹងនោះ សម្តេចតេជោនាយករដ្ឋមន្ត្រី ក៏បានជំរាបជូនប្រតិភូចូលរួមទាំងអស់អំពីប្រវត្តិសាស្ត្ររកម្ពុជាចាប់តាំងពីប្រទេសបានធ្លាក់ក្នុងភ្លើងសង្រ្គាមរហូតបានរំដោះមានសន្តិភាព និងបានកសាងស្តារនិងអភិវឌ្ឍន៍រហូតមកដល់សព្បថ្ងៃ។ សម្តេចតេជោ បានផ្តាំផ្ញើតាមរយៈយុវជនទាំងអស់ សូមពាំនាំនូវការសួរសុខទុក្ខដោយផ្ទាល់ពីសម្តេចជូនចំពោះ ថ្នាក់ដឹកនាំនៃប្រទេសរៀងៗ ហើយជូនពរដល់ក្រុមការងារយុវជនទទួលបានជោគជ័យ៕

15095496_1344228075619308_6600097108831398828_n

15107397_1344228072285975_3966188009402924727_n

15055609_1344228082285974_8207808770791365191_n

15171268_1344228422285940_2000465186050838764_n

15107410_1344228188952630_2236012179870334994_n