នៅព្រឹកថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៦នេះ នៅទីស្នាក់ការកណ្តាលគណបក្សប្រជាជន កម្ពុជាមានប្រារព្ធពិធីបើកវគ្គអប់រំនយោបាយរបស់គណបក្សជំនាន់ទី២៧ ក្រោមអធិបតីភាពដ៏ខ្ពង់ ខ្ពស់សម្តេចវិបុលសេនាភក្តី សាយ ឈុំ អនុប្រធានគណបក្ស និងជាប្រធានគណៈប្រចាំការនៃ គណៈអចិន្រ្តៃយ៍គណៈកម្មាធិការកណ្តាល ជូនដល់សិក្ខាកាមដែលជាមន្រ្តីរបស់គណបក្សមកពី បណ្តាគណបក្សរាជធានី ខេត្ត ក្រសួង ស្ថាប័នមានចំនួនសរុប៨០រូប។ មានប្រសាសន៍សំណេះ សំណាលនាឱកាសនោះ សម្តេចវិបុល សេនាភក្តី សាយ ឈុំ បានលើកឡើងថា វគ្គអប់រំនយោបាយរបស់យើងនាឱកាសនេះបានដំណើរការក្រោមបរិយាកាលសប្បាយរីករាយ និងមានសុទិដ្ឋិនិយម ស្របពេលដែលការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់អណត្តិទី៤កាន់តែខិតជិតមក។ សម្តេចបានធ្វើការប្រៀបធៀបរវាងការអប់រំនយោបាយដល់មន្រ្តីគណបក្សនៅពេលនេះ និងការអប់រំនយោបាយក្នុងសម័យតស៊ូគឺមានការខុសគ្នា ដោយសម្តេចបានគូសបញ្ជាក់ថា ការបើកវគ្គរៀនសូត្រនៅពេលនេះ គឺរៀននៅក្រោមអគារដែលដំបូងសមរម្យ មានភ្លើងអគ្គិសនី មានទឹកស្អាត ហើយមានឧបករណ៍សមស្របសម្រាប់ដំណើរការ។
សម្តេចបានវាយតម្លៃអំពីវគ្គរៀនសូត្រនេះគឺជាឱកាសល្អសម្រាប់សិក្ខាកាមក្នុងការទទួលបាននូវចំណេះដឹងថ្មីក្នុងការងារនយោបាយ សតិអារម្មណ៍ ស្របតាមសភាពការណ៍ថ្មីរបស់គណបក្ស និងប្រទេសជាតិយើង ហើយក៏នឹងបានបង្កើននូវចំណេះដឹង ចំណេះធ្វើ និងបទពិសោធន៍ល្អដើម្បីជាទុនសម្រាប់កសាងខ្លួនយើងម្នាក់ៗ ឲ្យក្លាយទៅជាមន្រ្តីបន្តវេនដ៏ល្អរបស់គណបក្ស និងប្រទេសជាតិ ហើយក៏ជាទុនដ៏មានសក្កានុពលសម្រាប់ឲ្យសិក្ខាកាមយកទៅចាត់តំាងអនុវត្ត ដើម្បីរួមចំណែកដល់ការអនុវត្តកម្មវិធីនយោបាយរបស់គណបក្សដែលបានក្លាយទៅជាកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាល នីតិកាលទី៥នៃរដ្ឋសភាឲ្យកាន់តែមានប្រសិទ្ធិភាពជាងនេះ។ ចំណេះដឹងទាំងនេះក៏ជាទុនសម្រាប់បំផុសចលនាមហាជន ប្រជាជន ឲ្យចូលរួមយ៉ាងសកម្មដើម្បីគណបក្សយើងឈានទៅសម្រេចជ័យជម្នះសម្រាប់ឆ្នាំ២០១៧ និងឆ្នាំ២០១៨ ទៅតាមយុទ្ធសាស្រ្តរបស់គណបក្សដែលបានលើកឡើងថា ត្រូវរក្សាប្រៀបឈ្នះនៅក្នុងការបោះឆ្នោតឆ្នំា២០១៧ និងបង្កើនប្រៀបឈ្នះនៅក្នុងការបោះឆ្នោតឆ្នាំ២០១៨ និងតាមទិសស្លាករបស់គណបក្ស ផ្អែកលើអំពើល្អរបស់មន្រ្តីគណបក្ស គុណភាព និងបរិមាណសមាជិកគណបក្សដើម្បី ឈ្នះឆ្នោត៕
ពិធីបើកវគ្គអប់រំនយោបាយរបស់គណបក្សជំនាន់ទី២៧ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចវិបុលសេនាភក្តីសាយឈុំអនុប្រធានគណបក្សនិងជាប្រធានគណៈប្រចាំការនៃគណៈអចិន្រ្តៃយ៍គណៈកម្មាធិការកណ្តាល
