(រតនគីរី)៖ នៅព្រឹកថ្ងៃទី២១ ខែវិច្ឆិកា នេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ផ្លូវជាតិលេខ៧៦ ប្រវែង១៧២គីឡូម៉ែត្រ ពីសែនមនោរម្យ ខេត្តមណ្ឌលគីរី ដល់ តាអង ខេត្តរតនគីរី ក្រោមហិរញ្ញប្បទានសម្បទានពីសាធារណរដ្ឋប្រជាមានិតចិន។
ខាងក្រោមនេះជាប្រសាសន៍សំខាន់ៗរបស់សម្តេច៖
* សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជាលើកឡើងថា លោក លឹម គានហោ រដ្ឋមន្រ្តីក្រសួងធនធានទឹក និងឧតុនិយម មិនបានផ្តល់ដំណឹងជូនសម្តេច អំពីអាកាសធាតុ ពេលសម្តេចហោះតាមឧទ្ធម្ភាគចក្រ ទៅកាន់ខេត្តរតនគីរី នៅព្រឹកថ្ងៃនេះ។
* សម្តេចតេជោ ហ៊ុន សែន បានអំពាវនាវសារជាថ្មីអំពីរថយន្តកាត់តល្មើសច្បាប់ ត្រូវឃាត់ទុកកុំឲ្យធ្វើដំណើរ ព្រោះបង្កគ្រោះថ្នាក់ដល់ជីវិតអ្នកដទៃ។ សម្តេចតេជោ ក៏បានអំពាវនាវសារជាថ្មីឲ្យបងប្អូនប្រជាពលរដ្ឋគោរពច្បាប់ចរាចរណ៍ក្នុងការធ្វើដំណើរ ដើម្បីជៀសវាងគ្រោះថ្នាក់ដល់អាយុជីវិត។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងកោតសរសើរមិត្តចិន ដែលបានសហការ និងជួយដល់ការអភិវឌ្ឍន៍ផ្លូវថ្នល់នៅកម្ពុជា។
* សម្តេចតេជោ ហ៊ុន សែន បានប្រកាស និងអំពាវនាវជាថ្មីដល់បងប្អូនប្រជាពលរដ្ឋ ទៅចុះឈ្មោះបោះឆ្នោត ព្រោះនៅសល់តែប៉ុន្មាន៨ថ្ងៃប៉ុណ្ណោះ។ ការទៅចុះឈ្មោះបោះឆ្នោតដើម្បីយើងទទួលបានសិទ្ធិជាពលរដ្ឋ ក្នុងការបោះឆ្នោតជ្រើសរើសមេដឹកនាំប្រទេស។
* សម្តេចនាយករដ្ឋមន្រ្តី បានបន្តអំពាវនាវដល់មីក្រូហិរញ្ញវត្ថុ អនុគ្រោះដល់កសិករដែលបានផ្តល់ប្រាក់កម្ចីដល់ពួកគាត់ ខណៈតម្លៃស្រូវកំពុងធ្លាក់ចុះ។
* សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា ចិនមិនមែនជាប្រទេសដែលខ្វះអង្ករនោះទេ ប៉ុន្តែមិត្តចិនមានការយោគយល់ដល់កម្ពុជា ដែលកន្លងទៅ១០ម៉ឺនតោន ហើយពេលនេះកើនដល់២០ម៉ឺនតោន។ សម្តេចតេជោ ហ៊ុន សែន ហាមមិនឱ្យឈ្មួញអង្កររកស៊ីលក់ផ្លូវ រឿងនាំចេញអង្ករទៅបរទេស។
សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ផ្លូវជាតិលេខ៧៦ ប្រវែង១៧២គីឡូម៉ែត្រ ពីសែនមនោរម្យ ខេត្តមណ្ឌលគីរី ដល់ តាអង ខេត្តរតនគីរី
