ជំនួបសម្តែងការគួសមរវាងអភិបាលខេត្តជាមួយប្រតិភូខេត្តស៊ីឈួន នៃសាធារណរដ្ឋប្រជាមានិតចិន ដឹកនាំដោយលោក Xiang Qiongha


ថ្ងៃសុក្រ ទី១៩ ខែ មេសា ឆ្នាំ២០១៩ ឯកឧត្តម ទៀ សីហា អភិបាលនៃគណៈអភិបាលខេត្ត រួមទាំងនាយករដ្ឋបាល នាយកទីចាត់ការនៃសាលាខេត្ត និង ថ្នាក់ដឹកនាំមន្ទីរមានការពាក់ព័ន្ធ បានជួបធ្វើការពិភាក្សា សម្តែងការគួសមជាមួយ ប្រតិភូខេត្តស៊ីឈួន នៃសាធារណរដ្ឋប្រជាមានិតចិន ដឹកនាំដោយលោក Xiang Qiongha អមដោយលោកប្រធានការិយាល័យអគ្គកុងស៊ុលចិនប្រចាំខេត្តសៀមរាបផងដែរ ។

ក្នុងកិច្ចស្វាគមន៍របស់ឯកឧត្តម ទៀ សីហា ក៏បានលើកឡើងពីស្ថានភាពភូមិសាស្ត្រ ការងាសន្តិសុខ និង សេដ្ឋកិច្ច របស់ខេត្ត ដោយ ពឹងផ្អែកទៅលើវិស័យកសិកម្ម និង ទេសចរណ៍ ដោយប្រជាពលរដ្ឋចំនួន៨០%ជាប្រជាកសិករ ។ ក្នុងនោះដែរឯកឧត្តមអភិបាលខេត្ត ក៏បានលើកផងដែរ អំពីសក្តានុពលរបស់ខេត្ត ដែលជាខេត្តសម្បូរទៅដោយសម្បត្តិវប្បធម៌ និង រមនីយដ្ឋានធម្មជាតិ គឺមានប្រាង្គប្រាសាទ ដែលបានចុះបញ្ចូលជាសម្បត្តិបេតិកភណ្ឌវប្បធម៌ពិភពលោក របស់មនុស្សជាតិទៀតផង ។

ក្នុងនោះដែរលោក Xiang Qiongha ក៏បានលើកឡើងពីគោលបំណងនៃដំណើរទស្សនកិច្ចនៅខេត្តសៀមរាប គឺដើមី្ប ត្រួតពិនិត្យ ស្វែងយល់ និង រកឱកាសឲ្យខេត្តស៊ីឈួន បានចូលរួមក្នុងកម្មវិធីខ្សែក្រវ៉ាតមួយផ្លូវមួយ ឲ្យកាន់តែសកម្ម ក្នុងការផ្សាភ្ជាប់ចំណងមិត្តភាពនៃប្រទេសទាំងពីរ និង ការអភិវឌ្ឍន៍របស់ប្រទេសកម្ពុជា សំខាន់គឺខេត្តសៀមរាប ដែលជាខេត្តសម្ព័ន្ធមេត្រីភាពនឹងគ្នា ។ លោកប្រធានប្រតិភូក៏បានលើកផងដែរ ពីជីវប្រវត្តិ ភូមិសាស្ត្ររបស់ខេត្តស៊ីឈួន ដែលជាខេត្តមានសក្តានុពលលើវិស័យទេសចរណ៍ ដូច នឹងខេត្តសៀមរាប ដោយមានតំបន់ចំនួន៥ ត្រូវបានចុះបញ្ជូលជាសម្បត្តិបេតិកភណ្ឌពិភពលោក ដូចប្រាសាទអង្គរវត្តផងដែរ ។

លោកក៏ បានបញ្ជាក់ផងដែរ អំពីវិស័យសេដ្ឋកិច្ចរបស់ខេត្ត ព្រមទាំងធ្វើឲ្យខេត្តសៀមរាប និង ខេត្តស៊ីឈួន ធ្វើការចាប់ដៃគ្នាក្នុងវិស័យទេសចរណ៍ និង កសិកម្មទៀតផង ។ លោកក៏បានឲ្យដឹងផងដែរថា អ្នកវិនិយោគចិន មកពីខេត្តស៊ីឈួន បានមកធ្វើវិនិយោគនៅខេត្តសៀមរាប រួមទាំង ពាណិជ្ជករផងដែរ ។ ម៉្យាងទៀតខេត្តស៊ីឈួន ជាខេត្តធំលំដាប់លេខ៣នៃសាធារណរដ្ឋប្រជាមានិតចិន ក្នុងវិស័យកសិកម្មប្រកបទៅដោយបច្ចេកវិទ្យាទំនើប និង មានគុណភាពខ្ពស់ ។ ក្នុងនោះលោកក៏បានលើកនូវសំណូមពរមួយចំនួន ក្នុងឱកាសដ៏ល្អនឹងគ្នា ក្នុងវិស័យទេសចរ និងសូមឲ្យបងប្អូនជាពាណិជ្ជករបានចូលមកសិក្សាស្រាវជ្រាវ ស្វែងយល់ នៅខេត្តសៀមរាប ដើមី្បចូលមកបណ្តាក់ទុនវិនិយោគ ហើយ ក្រៅពីវិស័យទេសចរណ៍ ក៏បានផ្តោតសំខាន់ទៅលើវិស័យកសិកម្មទៀតផង ។

លោកបានបញ្ជាក់ថា ដើមី្បចាប់ដៃគ្នាជម្រុញឲ្យដំណើរការ ក្នុងវិស័យកសិកម្ម ,ទេសចរណ៍ , ពាណិជ្ជកម្ម និង អប់រំ រវាងខេត្តទាំងពីរឲ្យមានការអភិវឌ្ឍន៍រីកចម្រើនទៅបាននោះ កត្តាសំខាន់លើការ បណ្តុះបណ្តាលនូវធនធានមនុស្ស ។ ដើមី្បធ្វើឲ្យកិច្ចសហប្រតិបត្តិការនឹងគ្នាឲ្យបានរឹងមាំ លោកប្រធានប្រតិភូបានលើកនូវកត្តាសំខាន់ៗ ចំនួន៣ចំណុច ដែលជាប្រទីបនៃការទំនាក់ទំនងសហប្រតិបត្តិការនឹងគ្នាបានយូអង្វែងទៅអនាគត ។ឯកឧត្តម ទៀ សីហា ក៏បានគូសបញ្ជាក់ថា សាធារណរដ្ឋប្រជាមានិតចិន គឺជាមហាមិត្តរបស់កម្ពុជា ដែលមានប្រវត្តិសាស្ត្រជាយូរលង់មកហើយ នាសម័យអង្គរ តាមរយៈការទូត ជី តាខ្វាន់ ។ ក្នុងនោះដែរឯកឧត្តមក៏បានលើកឡើង អំពីកំណើននៃភ្ញៀវទេសចរណ៍ ដែលបានចូលមកទស្សនាកម្សាន្តនៅខេត្តសៀមរាប ពីមួយឆ្នាំទៅមួយឆ្នាំមានការកើនឡើង ពិសេសចំនួនភ្ញៀវទេសចរណ៍ចិន ស្ថិតនៅលំដាប់លេខ១ ហើយក៏មានអ្នកវិនិយោគចិន បានចូលមកវិនិយោគនៅខេត្តសៀមរាបផងដែរ ។

ឯកឧត្តម ទៀ សីហា ក៏បានបញ្ជាក់ផងដែរថា ខេត្តសៀមរាប ជាខេត្ត មួយដែលបានចងសម្ព័ន្ធមេត្រីភាពជាមួយបណ្តាខេត្ត ក្រុង នៃសាធារណរដ្ឋប្រជាមានិតចិន ច្រើនជាងគេនៅព្រះរាជាណាចក្រកម្ពុជា ។ ទោះបីខេត្តមានសម្ព័ន្ធមេត្រីភាពច្រើនយ៉ាងណាក៏ដោយ តែតម្រូវការចាំបាច់របស់ខេត្ត នូវតែស្វែងរកនូវដៃគូ ចូលមកវិនិយោគក្នុងខេត្តជាបន្ត លើវិស័យកសិកម្ម និង ទេសចរណ៍ ដើមី្បបំពេញនូវតម្រូវការរបស់ភ្ញៀវ ។ ក្នុងនោះឯកឧត្តម ក៏បានថ្លែងអំណរគុណដល់រដ្ឋាភិបាលចិន និង ប្រជាជនចិន ដែលតែងតែគាំទ្រលើកិច្ចអភិឌ្ឍន៍នៅកម្ពុជា សំខាន់ការជួសជុលប្រាង្គប្រាសាទចៅសាយទេវតា ,ប្រាសាទតាកែវ រួមទាំងស្ថាបនាផ្លូវថ្នល់ក្នុងខេត្ត ។

ឯកឧត្តមក៏បានជម្រាបជូនប្រតិភូផងដែរថា ខេត្តសៀមរាបបានសហការ ជាមួយខេត្តយូនណាន ប្រទេសចិន ក្នុងការបង្កើតមជ្ឈមណ្ឌលស្រាវជ្រាវ លើវិស័យកសិកម្ម ដើមី្បធានាបាននូវគុណភាពការផលិត និង ការនាំចេញទៅកាន់ទីផ្សារក្រៅប្រទេស ។ ឯកឧត្តម ទៀ សីហា ក៏បានធ្វើការគាំទ្រនូវសំណើររបស់ប្រតិភូ ក្នុងការបញ្ជូនពាណិជ្ជករមកធ្វើ ការសិក្សាស្រាវជ្រាវនៅខេត្តសៀមរាប ដើមី្បរកទីផ្សាររបស់ខ្លួន ហើយរដ្ឋបាលខេត្តសៀមរាប នឹងធ្វើការជម្រុញលើវិស័យទេសចរណ៍ និង កសិកម្ម ពាណិជ្ជកម្ម ក្នុងការគ្រប់គ្រងគុណភាពចំណីអាហារ និង ការងារអប់រំ ។ ឯកឧត្តមមានសង្ឃឹមជឿជាក់ថា ទៅអនាគតយើងមានធនធានមនុស្ស រួមទាំងវប្បធម៌ ក្នុងការរួមគ្នាថែរក្សា ព្រមទាំងធ្វើកិច្ចសហការជាមួយគ្នារវាងខេត្តទាំងពីរផងដែរ ។ ម៉្យាងទៀតរាល់ចំណុចសំខាន់ៗដែលគណៈប្រតិភូផ្តល់ជូន ដែលជាប្រទីបឆ្លុះបញ្ចាំង ធ្វើឲ្យចំណងមិត្តភាព និង កិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ កាន់តែមានភាពរឹងមាំតទៅអនាគត ៕