រដ្ឋមន្ត្រីការបរទេស និងពាណិជ្ជកម្មហុងគ្រី ទស្សនកិច្ចកម្ពុជា


Hongri 11 01 16 2 copy

     រដ្ឋមន្ត្រី​ការបរទេស​ និង​ពាណិជ្ជកម្ម​នៃ​ប្រទេស​ហុងគ្រី​ នឹង​អញ្ជើញ​មក​ដល់​កម្ពុជា​នៅ​សប្តា​ហ៍ក្រោយ​ ដើម្បី​បំពេញ​ទស្សនកិច្ច​ចំនួន​ ២​ថ្ងៃ​។​

     យោង​តាម​ក្រសួង​ការបរទេស​ ដំណើរ​ទស្សនកិច្ច​រវាង​ពី​ថ្ងៃ​ទី​១៣​ ដល់​ ១៤​ ខែ​មករា​ របស់​ ឯកឧត្តម ​Peter Szijjarto ​គឺ​ដើម្បី​ពង្រឹង​ និង​ពង្រីក​បន្ថែម​ទៀត​ នូវ​ទំនាក់​ទំនង​ជា​ប្រពៃណី​ដែល​មាន​ស្រាប់​ និង​កិច្ច​សហ​ប្រតិ​បត្តិ​ការ​ល្អ ​លើ​គ្រប់​វិស័យ​រវាង​ប្រទេស​ទាំង​២ ​។ ​

     ឯកឧត្តម​ Peter Szijjarto ​នឹង​អញ្ជើញ​ជួប​សម្តែង​ ការ​គួរសម​ចំពោះ​ សម្តេច​អគ្គ​មហា​សេ​នា​បតី​តេ​ជោ​ ហ៊ុន​សែន​…​ ជួប​ពិភាក្សា​ទ្វេភា​គី​ជា​មួយ​នឹង​ ឯកឧត្តម​ឧបនាយក​រដ្ឋមន្ត្រី ​ហោ​ ណាំ​ហុង​ ​រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​…​និង​ជួប​ពិភាក្សា​ការងារ​ជាមួយ​នឹង​ ឯកឧត្តម​ទេសរដ្ឋមន្ត្រី​ ស៊ុន​ ចាន់​ថុល​ រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម​ ។

     ឯកឧត្តម​ Peter Szijjarto ​ក្នុង​ដំណើរ​ទស្សនកិច្ច​ ក៏​នឹង​អញ្ជើញ​ទស្សនា​អគារ​ពាណិជ្ជកម្ម​មេគង្គ​កម្ពុជា​-ហុង​គ្រី​ផង​ដែរ ​។ ​ដំណើរ​ទស្សនកិច្ច​របស់​រដ្ឋមន្ត្រី​ការបរទេស​ និង​ពាណិជ្ជកម្ម​នៃ​ប្រទេស​ហុងគ្រី ​នៅ​សប្តាហ៍​ក្រោយ​នេះ​ គឺ​នៅ​បន្ទាប់​ពី​ដំណើរ​ទស្សនកិច្ច​របស់​ប្រធាន​សភា ​នៃ​ប្រទេស​ហុង​គ្រី​ ឯកឧត្តម​  Laszlo Kover​ កាល​ពី​ដើម​ខែ​វិច្ឆិកា​ ឆ្នាំ​ ២០១៥​ កន្លង​ទៅ​ ។

     បើ​យោង​តាម​ប្រសាសន៍​របស់​ប្រធាន​សភា​ហុង​គ្រី​ ដំណើរ​ទស្សនកិច្ច​របស់​ ឯកឧត្តម​រដ្ឋមន្ត្រី​ Peter Szijjarto​ នៅ​កម្ពុជា​នៅ​សប្តាហ៍​ក្រោយ​នេះ​ នឹង​មាន​ចុះ​ហត្ថលេខា​លើ​កិច្ច​ព្រមព្រៀង​នា​នា ​ពាក់ព័ន្ធ​វិស័យ​ពាណិជ្ជកម្ម​ និង​ទេសចរណ៍​ផងដែ​រ ។