ចាប់ពីខែសីហា ឆ្នាំ២០១៨កន្លងមក ក្រុមការងារចម្រុះដឹកនាំដោយ រដ្ឋបាលខេត្តសៀមរាប សហការជាមួយមន្ទីរប្រៃសណីយ៍ និងទូរគមនាគមន៍ខេត្ត រដ្ឋបាលក្រុងសៀមរាប មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត, អគ្គិសនីសៀមរាប, នគរបាលសណ្តាប់ធ្នាប់ចរាចរណ៍ និងក្រុមហ៊ុនប្រតិបត្តិករបម្រើសេវាទូរគមនាគមន៍ទាំងអស់ក្នុងខេត្តសៀមរាប ចុះអនុវត្តរៀបចំសណ្តាប់ធ្នាប់កាត់ទម្លាក់បណ្តាញខ្សែកាប្លិ៍លើអាកាសចុះមករត់ក្រោមដីវិញ ជំហានទី៨ (ផ្លូវផ្សារញ៉ែ ចាប់ពីស្តុបផ្សារកណ្តាលឆ្លងកាត់ស្តប់ផ្សារញ៉ែ រហូតដល់ភោជនីយដ្ឋានម្លប់ស្បូវផ្លូវអ៩០) ក្នុងចំណោមផ្លូវជំហានទាំង១១ខ្សែ ដោយជំហានបន្ទាប់នឹងអនុវត្តនៅផ្លូវអមសងខាងស្ទឹងសៀមរាប, ផ្លូវផ្សារក្រោម និងផ្លូវជាតិលេខ៦ តាមតារាងផែនការកំណត់។ គិតមកដល់ត្រឹមថ្ងៃទី២៣ ខែមេសា ឆ្នាំ២០១៩នេះ ក្រុមការងារចម្រុះ បានកាត់ទម្លាក់ខ្សែភ្លើង ខ្សែកាបអាកាស បង្កប់ក្រោមដីបានចំនួន ៧ផ្លូវហេីយ ក្នុងចំណោមផ្លូវទាំង១១ សម្រាប់ជំហានទី១នេះ សរុបប្រវែងមានជាង ២៤គីឡូម៉ែត្រ ក្នុងនោះមានដូចជាផ្លូវ លោកតាណឺយ, តំបន់ជុំវិញផាប់ស្រ្ទីត, កំណាត់ផ្លូវហ្សាដឺហ្គោល ចាប់ពីចំណុចសួនច្បារព្រះរាជដំណាក់ រហូតដល់បុរីប្រិមប្រិយ, កំណាត់ផ្លូវ ៦០ម៉ែត្រ រហូតដល់កែងផ្លូវហ្សាដឺហ្គោល, កំណាត់ផ្លូវកូម៉ៃ ចាប់ពីចំណុចផ្លូវបំបែក អ៩០ រហូតដល់វត្តថ្មី, និងកំណាត់ផ្លូវ ៧មករា ចាប់ពីផ្លូវក្រវ៉ាត់ក្រុង រហូតដល់រង្វង់មូលព្រះរាជដំណាក់ខេត្តសៀមរាប៕
ក្រុមការងារចម្រុះកំពុងបន្តចុះកាត់ខ្សែអាកាសតាមដងផ្លូវ ខ្សែទី៨ ក្នុងក្រុងសៀមរាប លើផែនការ ១១ផ្លូវ ក្នុងនោះបាន អនុវត្តរួចបាន ៧ផ្លូវរួចហេីយ
