ប្រធាននាយកដ្ឋានវិស្វកម្ម និងអង្គភាពត្រួតពិនិត្យគម្រោង នៃក្រសួងធនធានទឹក និងឧតុនិយម បានចុះត្រួតពិនិត្យការងារជួសជុលទំនប់អាងទឹកអូរកូនត្រុំ និងសាងសង់សំណង់សិល្បការ


នារសៀល ថៃ្ងពុធ ៥រោច ខែចេត្រ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦២ ត្រូវនឹង ថៃ្ងទី២៤ ខែមេសា ឆ្នាំ២០១៩ លោក ហៀង ម៉េង ប្រធាននាយកដ្ឋានវិស្វកម្ម និងអង្គភាពត្រួតពិនិត្យគម្រោង នៃក្រសួងធនធានទឹក និងឧតុនិយម បានចុះត្រួតពិនិត្យការងារជួសជុលទំនប់អាងទឹកអូរកូនត្រុំ និងសាងសង់សំណង់សិល្បការ និងទំនប់ដំបូកខ្ពស់ ស្ថិតនៅឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។ ទំហំការងាររួមមាន៖
១. ទំនប់អាងទឹកអូរកូនត្រុំ
– ជួសជុលទំនប់ប្រវែងចំនួន ១៥០០ម៉ែត្រ
– សាងសង់សំណង់បង្ហៀរចំនួន ០១កន្លែង
២. ទំនប់ដំបូកខ្ពស់
– ជួសជុលទំនប់ប្រវែងចំនួន ៣០០០ម៉ែត្រ
– សាងសង់សំណង់សិល្បការចំនួន ០៣កន្លែង
ក្រោយពេល ជួសជុល និងសាងសង់រួចទំនប់អាង ទឹកនេះ ផ្តល់ប្រយោជន៍ដល់ប្រជាកសិករដែលរស់នៅក្នុងតំបន់នោះចំនួន ១២៦៥គ្រួសារ ស្មើនឹង ៣៤៣៣នាក់ ស្រីចំនួន ១៥៤១នាក់ និងអាចស្រោចស្រពបានលើផ្ទៃដីស្រូវវស្សាចំនួន ៨៣១ហិកតា ស្រូវប្រាំងចំនួន ៥៤ហិកតា និងដំណាំរួមផ្សំចំការចំនួន ២០១១ហិកតា ព្រមទាំង រួមចំណែកកាត់បន្ថយទឹកជំនន់ស្ទឹងព្រែកត្នោតមួយកំរិត ដោយបង្វែរទិសទឹកអោយហូរចាក់ទៅស្រុកបសេដ្ឋ តាមប្រឡាយអូរកូនត្រុំ។ គិតមកដល់ថ្ងៃនេះការងារជួសជុល និងការងារសាងសង់ សម្រេច បាន ៣៥% នៃគម្រោង។