សម្តេចតេជោ ហ៊ុន សែន នឹងដឹកនាំគណៈប្រតិភូ ធ្វើមាតុភូមិនិវត្តន៍មកកម្ពុជា នៅរសៀលនេះ ក្រោយចូលរួមវេទិកាខ្សែក្រវាត់ និងផ្លូវ៥ថ្ងៃ


(ប៉េកាំង)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់ ត្រឡប់មកប្រទេសកម្ពុជា នៅរសៀល ថ្ងៃទី២៩ ខែមេសា ឆ្នាំ២០១៩នេះ បន្ទាប់ពីចូលរួមវេទិកាខ្សែក្រវ៉ាត់ និងផ្លូវ លើកទី២ និងកិច្ចប្រជុំសំខាន់ៗមួយចំនួនទៀត នៅទីក្រុងប៉េកាំងប្រទេសចិន រយៈពេល៥ថ្ងៃ។

សម្តេចតេជោ ហ៊ុន សែន បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជា ទៅដល់ទីក្រុងប៉េកាំង ប្រទេសចិន នៅរសៀលថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៩ដើម្បីចូលរួមក្នុងវេទិកាខ្សែក្រវាត់ និងផ្លូវលើកទី២ និងកិច្ចប្រជុំសំខាន់ៗជាច្រើនទៀត ដែលរៀបចំដោយរដ្ឋាភិបាលចិន។ សម្តេចតេជោ ហ៊ុន សែន និងគណៈប្រតិភូបានចំណាយពេល៥ថ្ងៃ នៅទីក្រុងប៉េកាំង ចាប់ពីថ្ងៃទី២៥ ដល់ថ្ងៃទី២៩ ខែមេសា ឆ្នាំ២០១៩ ។

ក្រៅពីចូលរួមវេទិកាខ្សែក្រវាត់ និងផ្លូវ លើកទី២​ និងកិច្ចប្រជុំមួយចំនួនទៀត នៅអំឡុងពេលស្នាក់នៅប្រទេសចិន សម្តេចតេជោ បានជួបដាច់ដោយឡែកពីគ្នាជាមួយ លោកប្រធានាធិបតី ស៊ី ជីនពីង, លោកនាយករដ្ឋមន្ត្រី លី ខឺឈាង, លោក វ៉ាង ហ៊ុននីង សមាជិកការិយាល័យនយោបាយ និងជាលេខានៃលេខាធិការដ្ឋានបក្សកុម្មុយនីស្តចិន រួមទាំងវិនិយោគិនចិនមួយចំនួនផងដែរ៕