ឯកឧត្តម វ៉ាន់ មុនីនាថ បានដឹកនាំក្រុមការងារនៃអគ្គលេខាធិការដ្ឋាន ក.ជ.អ.ច. ក្រសួងបរិស្ថាន ចូលជួបពិភាក្សាការងារ


កាលពីថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០១៩ នៅសាលាខេត្តកែប ឯកឧត្តម វ៉ាន់ មុនីនាថ អគ្គលេខាធិការរងក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព (ក.ជ.អ.ច.) បានដឹកនាំក្រុមការងារនៃអគ្គលេខាធិការដ្ឋាន ក.ជ.អ.ច. ក្រសួងបរិស្ថាន វិទ្យាស្ថាន IGES នៃប្រទេសជប៉ុន វិទ្យាស្ថានGGGI និងតំណាងគម្រោងកម្មវិធីបរិស្ថានសហប្រជាជាតិ ចូលជួបពិភាក្សាការងារទីក្រុង និរន្តរភាព ជាមួយឯកឧត្ដមអភិបាលខេត្តកែប ក្នុងគោលបំណង ដើម្បីជម្រាបជូនអំពីវឌ្ឍនភាព តម្រូវកា រ ភាពជាម្ចាស់ និងផែនការការងារដែលបាននិងកំពុងអនុវត្តនៅខេត្តកែប មានដូចខាងក្រោម៖

១. ការអនុវត្តកម្មវិធីទីក្រុងឈានមុខអាស៊ាន ឆ្នាំ២០១៩ ដល់ឆ្នាំ២០២០ ដែលគាំទ្រដោយវិទ្យាស្ថាន IGES

២. ការអនុវត្តគម្រោងកសាងភាពធន់របស់ទីក្រុងទៅនឹងការប្រែប្រួលអាកាសធាតុ មានរយៈពេល៤ ឆ្នាំ ដែលគាំទ្រដោយ UNEP និង

៣. ការជួយរៀបចំគម្រោងវិនិយោគអាទិភាពបរិស្ថានសម្រាប់ទីក្រុងកែប ដោយវិទ្យាស្ថានGGGI។

ជាកិច្ចឆ្លើយតប ឯកឧត្តមអភិបាលខេត្តកែប បានថ្លែងអំណរគុណដល់ក្រសួងបរិស្ថាន និងអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព ដែលតែងតែជួយយកចិត្តទុកដាក់ក្នុងការងារកិច្ចគាំពារបរិស្ថាន ការអភិរក្សជីវៈចម្រុះ និងការរស់នៅប្រកបដោយចីរភាពនៅក្នុងខេត្តកែប រហូតទទួលបានពានរង្វាន់ទីក្រុងនិរន្តរភាពបរិស្ថានអាស៊ាននៅឆ្នាំ២០១៧ ទីក្រុងស្អាតអាស៊ានឆ្នាំ២០១៨ និងពានរង្វាន់ទីក្រុងស្អាតផ្ការំដួល៣ទង។ ជាលទ្ធផល អង្គប្រជុំ បានសម្រេចឱ្យមានការបង្កើតគណៈកម្មាធិការទីក្រុងឈានមុខរបស់ខេត្ត ដើម្បីងាយស្រួលគ្រប់គ្រង សម្របសម្រួល និង របៀបរបបការងារ។