កិច្ចពិភាក្សាអំពីគម្រោងកសាងសមត្ថភាព និងផ្តល់អានុសាសន៍ពាក់ព័ន្ធនឹងសុវត្ថិភាពចរាចរណ៍ និងការគ្រប់គ្រងទិន្នន័យដឹកជញ្ជូននៅក្នុងទីក្រុងនៅកម្ពុជា ជាមួយមជ្ឈមណ្ឌល Urban Center for Computation and Data (UCCD) នៃសាកលវិទ្យាល័យឈីកាហ្គោ


នារសៀលថ្ងៃពុធ ៥កើត ខែពិសាខ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០១៩ នៅទីស្តីការក្រសួងសាធារណការ និងដឹកជញ្ជូន ឯកឧត្តម ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានទទួលជួបជាមួយគណៈប្រតិភូដែលអញ្ជើញមកពីមជ្ឈមណ្ឌល Urban Center for Computation and Data (UCCD) នៃសាកលវិទ្យាល័យឈីកាហ្គោ តាមរយៈអង្គការ UNDP ប្រចាំនៅកម្ពុជា ដើម្បីពិភាក្សា លើគម្រោងកសាងសមត្ថភាព និងផ្តល់អានុសាសន៍ ពាក់ព័ន្ធនឹងសុវត្ថិភាពចរាចរណ៍ និងការគ្រប់គ្រងទិន្នន័យដឹកជញ្ជូននៅក្នុងទីក្រុង។

ជាកិច្ចចាប់ផ្តើម លោក Nick Beresford ប្រធានគ្រប់គ្រងអង្គការ UNDP ប្រចាំនៅកម្ពុជា បានជម្រាបជូនឯកឧត្តម ទេសរដ្ឋមន្ត្រី អំពីគម្រោងយុទ្ធនាការផ្សព្វផ្សាយរបស់ខ្លួនពាក់ព័ន្ធនឹងសុវត្ថិភាពចរាចរណ៍ក្នុងគោលដៅកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ ព្រមទាំងស្នើសុំការគាំទ្រ និងសហការពីក្រសួងសាធារណការ និងដឹកជញ្ជូនផងដែរ។

បន្ទាប់មក លោកសាស្ត្រាចារ្យ Charlie Catlett ប្រធាន មជ្ឈមណ្ឌល Urban Center for Computation and Data (UCCD) នៃសាកលវិទ្យាល័យឈីកាហ្គោ បានចែករំលែកនូវបទពិសោធន៍ការងាររបស់មជ្ឈមណ្ឌល និងសិស្សនិស្សិតរបស់លោកលើការសិក្សាស្រាវជ្រាវផ្នែកដឹកជញ្ជូន។

គណៈប្រតិភូរបស់ UCCD ក៏មានគម្រោងជំរុញអោយក្រុមសិស្សនិស្សិតធ្វើការសិក្សាស្រាវជ្រាវវាយតម្លៃអំពីផលប៉ះពាល់នានាពាក់ព័ន្ធនឹងគ្រោះថ្នាក់ចរាចរណ៍ និងការកកស្ទះចរាចរណ៍ ព្រមទាំងសិក្សាស្រាវស្វែងរកគម្រោងជាគំរូពាក់ព័ន្ធនឹងការងារសុវត្ថិភាពចរាចរណ៍នៅកម្ពុជា ដែលក្រុមសិស្សនិស្សិត នឹងត្រូវជួបពិភាក្សានិងសិក្សាស្រាវជ្រាវជាមួយស្ថាប័នពាក់ព័ន្ធផងដែរ។

ជាការឆ្លើយតប ឯកឧត្តម ទេសរដ្ឋមន្ត្រី បានបង្ហាញនូវចំណាប់អារម្មណ៍ និងការគាំទ្រចំពោះគម្រោងយុទ្ធនាការផ្សព្វផ្សាយសុវត្ថិភាពចរាចរណ៍របស់ អង្គការ UNDP និងការលើកឡើងពីការសិក្សាស្រាវជ្រាវលើគម្រោងសុវត្ថិភាពចរាចរណ៍របស់មជ្ឈមណ្ឌល UCCD ។ ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តម ទេសរដ្ឋមន្ត្រី ក៏បានជម្រាបជូនផងដែរថាក្រសួងមានគម្រោងអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនបន្ថែមទៀត ដែលបច្ចុប្បន្នកំពុងធ្វើការសិក្សាដែលមានដូចជា គម្រោងផ្លូវរថភ្លើងលើអាកាស ផ្លូវរថភ្លើងប្រភេទ Monorail ពិនិត្យឡើងវិញនូវការដំណើរការរថភ្លើងភាគខាងជើងនិងភាគខាងត្បូង ពិនិត្យឡើងវិញនូវការពង្រីកការដឹកជញ្ជូនតាមផ្លូវទឹក ក្នុងគោលដៅកាត់បន្ថយការកកស្ទះចរាចរណ៍ និងគ្រោះថ្នាក់ចរាចរណ៍។ ឯកឧត្តមទេសរដ្ឋមន្ត្រីក៏បានស្នើឲ្យអង្គការ UNDP គាំទ្រទៅលើការអភិវឌ្ឍបន្ថែមមុខងារកម្មវិធីថែទាំផ្លូវ ដែលកម្មវិធីនេះនឹងអាចប្រើប្រាស់ដើម្បីរាយការណ៍អំពីគ្រោះថ្នាក់ចរាចរណ៍បានផងដែរ ៕