ឯកឧត្តម ជា ចាន់តូ ទេសាភិបាលធនាគារជាតិនៃកម្ពុជា បានដឹកនាំគណៈប្រតិភូចូលរួមក្នុងសន្និសីទថ្នាក់ទេសាភិបាលធនាគារកណ្ដាលនៃប្រទេសនិយាយភាសាបារាំង លើកទី២៥


ចាប់ពីថ្ងៃទី២៣-២៥ ខែឧសភា ឆ្នាំ២០១៩ នៅទីក្រុង Bordeaux ប្រទេសបារាំង។ សន្និសីទនៅឆ្នាំ២០១៩ នេះ ត្រូវបានរៀបចំឡើង ដោយធនាគារកណ្តាលបារាំង ក្រោមប្រធានបទ “ធនាគារកណ្តាល រដ្ឋាភិបាល និងសាធារណៈមតិ” ដោយមានវត្តមានទេសាភិបាលមកពីធនាគារកណ្តាលចំនួន ២១ មកពីទ្វីបអឺរ៉ុប អាមេរិក អាស៊ីនិងអាហ្វ្រិក។ សន្និសីទនេះ មានគោលបំណងបង្កើតជាវេទិកាអន្តរជាតិ ក្នុងក្របខ័ណ្ឌនៃប្រទេសនិយាយភាសាបារាំង ដើម្បីផ្តល់ឱកាសជូនថ្នាក់ទេសាភិបាល បានជួបជុំរឹតចំណងមិត្តភាព ព្រមទាំងពិភាក្សា ផ្លាស់ប្តូរយោបល់និងបទពិសោធន៍ទៅលើការងារចម្បងរបស់ធនាគារកណ្តាល។

សន្និសីទបានលើកយកមកពិភាក្សាពី៖ i/-ការរួមចំណែករបស់ធនាគារកណ្តាលក្នុងការចូលរួមអភិវឌ្ឍសេដ្ឋកិច្ចប្រទេស ដែលអង្គប្រជុំបានបង្ហាញពីតួនាទីដ៏ចម្បងរបស់ធនាគារកណ្តាលក្នុងការដឹកនាំគោលនយោបាយរូបិយវត្ថុ និងគោលនយោបាយម៉ាក្រូប្រុងប្រយ័ត្ន ដែលរួមចំណែករក្សាស្ថិរភាពម៉ាក្រូសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ii/-ទំនាក់ទំនងយ៉ាងជិតស្និទ្ធរវាងធនាគារកណ្ដាលនិងរដ្ឋាភិបាល ក្នុងការសម្របសម្រួលការដឹកនាំគោលនយោបាយម៉ាក្រូសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងការរក្សាភាពឯករាជ្យរបស់ធនាគារកណ្តាល ដែលមានសារៈសំខាន់ក្នុងការអនុវត្តឱ្យបានជោគជ័យនូវមុខងារភារកិច្ចរបស់ខ្លួន iii/-គោលនយោបាយនិងឧបករណ៍ផ្សព្វផ្សាយនៃធនាគារកណ្ដាល ដែលកាន់តែមានភាពចាំបាច់ដល់សាធារណជន ដើម្បីបង្កើនភាពជឿជាក់ និងគាំទ្រដល់ការអនុវត្តគោលនយោបាយនិងវិធានការនានា iv/-តួនាទីរបស់ធនាគារកណ្ដាលនៅក្នុងការបង្កើនចំណេះដឹងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និង v/-ធនាគារកណ្ដាល បរិយាប័ន្នហិរញ្ញវត្ថុ និងវិសមភាព។

នាឱកាសនោះ ឯកឧត្តម ទេសាភិបាល ក៏បានចែករំលែកពីស្ថានភាពរីកចម្រើននៃវិស័យសេដ្ឋកិច្ច និងហិរញ្ញវត្ថុកម្ពុជា នារយៈពេល ២ ទស្សវត្សរ៍ចុងក្រោយ និងតួនាទីរបស់ធនាគារជាតិនៃកម្ពុជាក្នុងការរួមចំណែកដល់វឌ្ឍភាពនេះ។ ការរួមចំណែកនេះ ត្រូវបានធ្វើឡើងតាមរយៈ ការរក្សាស្ថិរភាពថ្លៃនិងអត្រាការប្រាក់ ការបង្កើនទុនបម្រុងអន្តរជាតិ ការអភិវឌ្ឍវិស័យធនាគារ និងការធ្វើទំនើបកម្មប្រព័ន្ធទូរទាត់ ជាដើម។ លើសពីនេះ ធនាគារជាតិនៃកម្ពុជា បានរួមចំណែកយ៉ាងសកម្មក្នុងការលើកកម្ពស់បរិយាប័ន្នហិរញ្ញវត្ថុ ដើម្បីរួមចំណែកកាត់បន្ថយភាពក្រីក្រ និងការអប់រំផ្នែកសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ដល់សាធារណជន។ ថ្មីៗនេះ ធនាគារជាតិនៃកម្ពុជា បានសម្ភោធសារមន្ទីរសេដ្ឋកិច្ចនិងរូបិយវត្ថុ ដើម្បីផ្សព្វផ្សាយពីប្រវត្តិ និងបច្ចុប្បន្នភាពនៃស្ថានភាពសេដ្ឋកិច្ចនិងរូបិយវត្ថុកម្ពុជាជូនដល់សាធារណជន។ ម៉្យាងទៀត ការផ្តល់ព័ត៌មាននិងស្ថិតិនានារបស់ធនាគារជាតិនៃកម្ពុជា ក៏ងាយស្រួលទទួលបាន និងទាន់ពេលវេលា តាមរយៈគេហទំព័រ និងបណ្តាញសង្គមនានា។